CPP ថ្កោលទោស CNRP ដែលថាទូរទស្សន៍លម្អៀង

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) ប្រកាសថ្កោលទោសគណបក្សសង្គ្រោះជាតិ (CNRP) បន្ទាប់ពីបក្សប្រឆាំងចេញសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយមានភាពលម្អៀង មិនឯករាជ្យ និងមានការរើសអើង ចំពោះគណបក្សនៅក្រៅរដ្ឋាភិបាល កាលពីយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤កន្លងទៅ។

សេចក្តីថ្លែងការណ៍នៅថ្ងៃជាមួយគ្នា កាលពីម្សិលមិញ អ្នកនាំពាក្យ CPP បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឯកជនទាំងអស់ បានអនុវត្តត្រឹមត្រូវតាមច្បាប់ ហើយការដែលប្រព័ន្ធទូរ​ទស្ស​ន៍​មិនបានផ្សាយឲ្យ CNRP ដោយសារ CNRP មិនបានទៅទាក់ទងចុះកិច្ចសន្យាជួលការផ្សាយ​ឡើយ។

ក្នុងសេចក្តីថ្លែងការណ៍របស់CPP បានបញ្ជាក់ទៀតថា «អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហំការ ចំពោះការនិយាយមួលបង្កាច់ គ្មានការពិត និងគ្មានការទទួលខុសត្រូវ របស់គណបក្សសាង្គ្រោះជាតិ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណៈមតិជាតិ និង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។

​​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍បន្ថែមថា ទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងគណបក្សប្រឆាំងវាយតម្លៃសភាពការណ៍មិនត្រូវទេ «និយាយវាជ្រុលពេក! គេធ្វើកិច្ចសន្យាជួលហើយ តើយើងមានទៅជួលគេទេ? យើងអត់ជួលបានអត់មានអ្នកណាផ្សាយឲ្យ។ បើទៅជួលហើយគេមិនព្រមជួលឲ្យយើងអាហ្នឹងចាំយើងប្រកាន់ យើងនិយាយអញ្ចឹង! នេះនិយាយអត់សច្ចៈធម៌អីបន្តិច អស់លោកហ្នឹងទាល់តែគណបក្សប្រជាជនចាញ់ អាហ្នឹងបានអស់លោកថាយុត្តិធម៌ត្រឹមត្រូវ គ្មានការគម្រាមកំហែង»។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះគឺដូចគ្នានឹងប្រតិកម្មរបស់សមាគម​ទូរទស្សន៍កម្ពុជាដែលបានចេញសេចក្តីថ្លែងការណ៍ដោយ​បន្ទោសថាមកពីគណបក្សប្រឆាំងមិនបានទាក់ទងជួលម៉ោងផ្សាយ។

ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនចង់ចំណាយពេលឆ្លើយតបរឿងនេះទេ «ខ្ញុំមិនចង់ប្រើប្រាស់ពេលវេលាឆ្លើយតបរឿងដែលឥតប្រយោជន៍ទេ! ខ្ញុំគ្រាន់តែសួរថា មានទូរទស្សន៍ណាមួយដែលបានប្រកាសម៉ោងលក់តាមការណែនាំរបស់ គ.ជ.ប ទេ? ហើយតើ គ.ជ.ប បានធ្វើការពិន័យទូរទស្សន៍ទាំងអស់នោះយ៉ាងម៉េចខ្លះ?»។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ បានលើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយភាគច្រើនមានភាពលម្អៀង មិនឯករាជ្យ និងមានការ​រើសអើង ដោយ​ថា​នៅថ្ងៃ​ចុង​ក្រោយ​នៃការឃោសនា ទូរទស្សន៍ទាំងអស់បានផ្សាយបន្តផ្ទាល់ឲ្យយុទ្ធនាការ​របស់​គណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនបានផ្សាយពីយុទ្ធនាការរបស់គណបក្សដទៃ។

ក្នុងយុទ្ធនាការថ្ងៃចុងក្រោយនោះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញ​មុខឃោសនាជាលើកដំបូងក្នុងឆាកនយោបាយរបស់លោកដោយបានអះអាងថា គណបក្សកាន់អំណាចបានជួលទូរទស្សន៍ចំនួន៨ប៉ុស្តិ៍ឲ្យផ្សាយពីសកម្មភាពរបស់លោក ដោយ​ក្នុងមួយ​នាទី៣០០ដុល្លារ។

បើសិនជាជួលក្នុងតម្លៃដូចនេះ គឺគណបក្សប្រជាជនត្រូវចំណាយអស់ប្រហែល៤០ម៉ឺនដុល្លារគ្រាន់តែជួលទូទស្សន៍ផ្សាយ៣ម៉ោងនៃយុទ្ធនាការចុងក្រោយរបស់ខ្លួន។

នាយក​ប្រតិបត្តិ​ នៃ​គណៈកម្មាធិការ​អព្យាក្រឹតនិង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរីនិង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការនិចហ្វិក (NICFEC) និងជាសមាជិកបន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត លោក សំ គន្ធាមី មានប្រសាសន៍ថា ការបោះឆ្នោតឃុំសង្កាត់ បានបញ្ចប់ដោយរលូន និងទទួលយកអស់ហើយ មិនគួរមានការចេញសេចក្តីថ្លែងការណ៍ឆ្លងឆ្លើយគ្នានាំឲ្យមានសភាពការណ៍តានតឹងទេ៖ «រឿងហ្នឹងវាចប់អស់ហើយ! មិនគួរលើកមកនិយាយទេ បើអាចកែរលម្អរគួរសួរទៅ គ.ជ.ប ឲ្យឆ្លើយវិញ ព្រោះ គ.ជ.ប អ្នកគ្រប់គ្រង យុទ្ធនាការឃោសនាហ្នឹង គ.ជ.ប អ្នកគ្រប់គ្រងទាំងអស់ ហើយ ប្រព័ន្ធផ្សព្វផ្សាយអីទាំងអស់ហ្នឹង។ ទុកឲ្យ គ.ជ.ប អ្នកឆ្លើយតបវិញទើបល្អជាង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ