រដ្ឋាភិបាលថានឹងលក់ផ្ទះតម្លៃក្រោម៣ម៉ឺនដុល្លារឲ្យអ្នកក្រ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា (ក្រសួងរៀបចំដែនដី)

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថាខ្លួនកំពុងសហការជាមួយដៃគូពាក់ព័ន្ធដើម្បីសង់លំនៅឋានសមរម្យ ដែលមានតម្លៃទាបជាង៣ម៉ឺនដុល្លារលក់ឲ្យប្រជាពលរដ្ឋក្រីក្រ។

ក្នុងកិច្ចពិភាក្សាមួយស្ដីពី «វេទិកាលំនៅឋានជាតិ» នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថ្លែងថា ដោយសារកំណើនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមានការកើនឡើងខ្លាំង រដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុនចំនួន២ ដើម្បីសាងសង់លំនៅសមរម្យសម្រាប់ពលរដ្ឋ ដោយថាផ្ទះមួយ មានតម្លៃទាបជាង៣ម៉ឺនដុល្លារ។

លោកមានប្រសាសន៍ថា មន្ដ្រីរាជការ ក្រុមគ្រូបង្រៀន និងពលរដ្ឋមានចំណូលទាប នឹងអាចទទួលបានលំនៅឋាននេះ តាមរយៈការបង់រំលោះប្រចាំខែ ដោយបង់ប្រាក់តិចនិងមានរយៈពេលវែង។

លោកមានប្រសាសន៍ថា៖ «ក្រសួងបាននិងកំពុងអនុវត្តគោលនយោបាយជាតិស្ដីលំនៅឋាន ផ្សារភ្ជាប់ទៅនឹងគោលនយោបាយអភិវឌ្ឍលំនៅឋានគ្រប់ប្រភេទ […] ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់បាននិងកំពុងសហការជាមួយក្រុមហ៊ុន World Bridgeland និងក្រុម B & BM ក្នុងការសាងសង់លំនៅឋានមានសមរម្យ សម្រាប់លក់ជូនក្នុងតម្លៃទាបជាង៣ម៉ឺនដុល្លារ ក្នុងមួយលំនៅឋាន»។

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ ឲ្យដឹងក្រោយកិច្ចប្រជុំនោះថា លោកសាទរចំពោះគោលនយោបាយនេះ ដោយថា ដើម្បីបញ្ចៀសកុំឲ្យមានបញ្ហាជម្លោះដីធ្លី និងការបណ្ដេញពលរដ្ឋចេញពីលំឋានដោយបង្ខំ ដូចនៅសហគមន៍បុរីកីឡា និងតំបន់បឹងកក់ជាដើម។

លោក សៀ ភារម្យ យល់ថា តម្លៃផ្ទះប្រមាណ៣ម៉ឺនដុល្លារ គឺវាខ្ពស់ពេកសម្រាប់ប្រជាពលរដ្ឋភាគច្រើន ដែលមានចំណូលទាប។ លោកលើកឡើងថា រដ្ឋាភិបាលគួរបញ្ចុះតម្លៃនេះមកក្រោម២ម៉ឺនដុល្លារ និងត្រូវស្វែងរកក្រុមហ៊ុនវិនិយោគធំៗ ដើម្បីជួយដោះស្រាយក្នុងបញ្ហាលំនៅឋានជូនប្រជាពលរដ្ឋ។

លោកថា៖ «ដូច្នេះតម្លៃទាបជាង៣ម៉ឺនដុល្លារនេះ ខ្ញុំគិតវាជាតម្លៃមួយខ្ពស់ណាស់សម្រាប់ពួកគាត់ អញ្ចឹងបើសិនជាយើងបាន១០ ២០ ៣០ ៥០នាក់នៃមហាសេដ្ឋីធំៗនៅលើពិភពលោក មកចូលរួមអភិវឌ្ឍលំនៅឋានអញ្ចឹង ខ្ញុំគិតថា អាចនឹងឆ្លើយតបបាន»។

ប្រធានអង្គការរូបនេះអះអាងថា តាមរបាយការណ៍ឆ្នាំ២០១៦ មានពលរដ្ឋប្រមាណ១៤ម៉ឺននាក់ កំពុងរស់នៅខ្វះលំនៅឋានសមរម្យក្នុងសហគមន៍ជាង៥០០កន្លែង។ ប៉ុន្ដែលោកថា រដ្ឋាភិបាលបានច្រានចោលរបាយការណ៍នេះ ដោយថាចំនួនពលរដ្ឋក្រីក្រមានការថយចុះ គឺមានតែ២០៥សហគមន៍ប៉ុណ្ណោះ។

រដ្ឋាភិបាលអះអាងថា បើតាមរបាយការណ៍ឆ្នាំ២០១៤ ពលរដ្ឋរស់នៅក្នុងទីក្រុងនានាទូទាំងប្រទេសមានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ ហើយនឹងបន្ដកើនឡើងដល់៧,៩២លាននាក់នៅឆ្នាំ២០៣០។

មន្ដ្រីរដ្ឋាភិបាលថា សម្រាប់រយៈពេល១៥ឆ្នាំ ពីឆ្នាំ២០១៥ដល់២០៣០ តម្រូវការលំនៅឋានក្នុងទីក្រុង និងទីប្រជុំជនមានប្រមាណជាង៨០ម៉ឺនកន្លែង ដោយគិតជាមធ្យម គឺប្រមាណ៥ម៉ឺនផ្ទះក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍អង្គការសហប្រជាជាតិស្ដីពីសិទ្ធិលំនៅឋាន ប៉ាន់ប្រមាណថា​ នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋខ្មែរនឹងកើនឡើងដល់ចំនួន១៨លាននាក់ និងថា យ៉ាងហោចណាស់ ប្រជាពលរដ្ឋប្រមាណជា១០លាននាក់ មិនទាន់មានលំនៅឋានសមស្របនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ