វិភាគ៖ តើ គ.ជ.ប. គួរ​កែ​ប្រែ​វិធី​គូស​សន្លឹក​ឆ្នោត​ដើម្បី​កាត់​បន្ថយ​សន្លឹក​ឆ្នោត​មិន​បាន​ការ​ឬ​ទេ?

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

ទីបំផុត​ទៅ លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ហើយ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដោយ​ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង សុទ្ធ​តែ​បាន​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។

មិន​មែន​តែ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ទេ​ដែល​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ សូម្បី​តែ​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មក​ពី​ភាគី​សង្គម​ស៊ីវិល ក៏​បាន​កោត​សរសើរ​ដល់​ដំណើរ​ការ ឬ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា​នេះ​ផង​ដែរ។ ពួកគេ​មើល​ឃើញ​ថា ការ​បោះ​ឆ្នោត​នេះ​ល្អ​ប្រសើរ​ជាង​ការ​បោះ​ឆ្នោត​មុនៗ ដែល​បញ្ចប់​ទៅ​ជាមួយ​ភាព​ចម្រូង​ចម្រាស់​ច្រើន។

និយាយ​ជា​រួម ការ​បោះ​ឆ្នោត​នេះ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ណាស់ វា​លើក​លែង​បញ្ហា​សន្លឹក​ឆ្នោត​មិន​បាន​ការ ដែលនៅ​តែ​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សោះ បើធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​មុនៗ។ គ.ជ.ប. បាន​ប្រកាស​ថា សន្លឹក​ឆ្នោត​ជាង ១៣​ម៉ឺន ៣​ពាន់​សន្លឹក ត្រូវ​បាន​ចាត់​ទុក​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ ដែល​ចំនួន​នេះច្រើន​ជាង​សន្លឹក​ឆ្នោត​មិន​បាន​ការនៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ប្រហែល ៣​ម៉ឺន​សន្លឹក និង​ខុស​ពី​សន្លឹក​ឆ្នោត​មិន​បាន​ការ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ប្រហែល​ជាង ២​ម៉ឺន​សន្លឹក។

និយាយ​ជា​រួម​ទៅ ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ គ.ជ.ប. ថ្មី ត្រូវ​បាន​ភាគី​នានា​មើល​ឃើញ និង​ទទួល​ស្គាល់​ថា​ល្អ​ប្រសើរ ប៉ុន្តែ វា​ទាស់​ត្រង់​បញ្ហា​សន្លឹក​ឆ្នោត​មិន​បាន​ការ​នេះ ដែល​នៅ​តែ​បន្ត​កើត​មាន​ក្នុង​រង្វង់​ពី ១០​ម៉ឺន ទៅ​ជាង ១៣​ម៉ឺន​សន្លឹក នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចំនួន ៣​លើក​ចុង​ក្រោយ​មក​នេះ។ វា​ជំរុញ​ឲ្យ​មាន​ការ​ជជីក​សួរ​ថា តើ​បញ្ហា​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ដូចម្ដេច ដើម្បី​ធានា​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​ដល់​កម្រិត​ទាប​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន សម្រាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយៗ​ទៀត?

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ទស្សនៈ​របស់​ពួកគេ​ថា សន្លឹក​ឆ្នោត​មួយ​សន្លឹក​របស់​ពលរដ្ឋ​ម្នាក់ ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​គាត់​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​នយោបាយ​ណា​មួយ ឬ​មេដឹកនាំ​ណា​ម្នាក់ ឲ្យ​ដឹកនាំ​សហគមន៍​មួយ ឬ​ក៏​ប្រទេស​មួយ។ ប៉ុន្តែ នៅ​ពេល​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​ម្នាក់ ត្រូវ​បាន​ចាត់​ទុក​មិន​បាន​ការ នោះ​វា​ស្ដែង​ឲ្យ​ឃើញ​ថា ឆន្ទៈ​របស់​ពលរដ្ឋ​ម្នាក់នោះ មិន​ត្រូវ​បាន​បង្ហាញ​នោះ​ឡើយ។

នាយក​ប្រតិបត្តិការ​អង្គការ​និកហ្វិក លោក សំ គន្ធាមី បង្ហាញ​នូវ​ការ​សង្កេត​របស់​លោក​ថា និយាយ​ជារួម សន្លឹក​ឆ្នោត​មិន​បាន​ការ​នេះ កើត​ចេញ​ពី​កម្រិត​យល់​ដឹង​​របស់​ពលរដ្ឋ​ផ្ទាល់។ ប៉ុន្តែ និយាយ​ដោយ​ឡែក លោក​សង្កេត​ឃើញ​ថា សន្លឹក​ឆ្នោត​មិន​បាន​ការ​ភាគ​ច្រើន អាច​កើត​ចេញ​ពី​ពលរដ្ឋ​មាន​វ័យ​ចំណាស់​ ពលរដ្ឋ​រស់​នៅ​តំបន់​ជន​បទ​ដាច់​ស្រយាល និង​ក្រុម​ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត។

លោក សំ គន្ធាមី ពន្យល់​ថា​៖ ប្រភេទ​ពលរដ្ឋ យើង​សង្កេត​ឃើញ​ច្រើន​មនុស្ស​មាន​វ័យ​ចំណាស់ ពួកគាត់​ចាស់ៗ​មិន​បាន​ចាប់​អារម្មណ៍ ហើយ​ពួកគាត់​អត់​បាន​ទទួល​ព័ត៌មាន​ពី​រឿង​ការ​គូស​ន្លឹក​ឆ្នោត​ទេ។ អញ្ចឹង​ពួកគាត់​ចេះ​តែ​គូស​ទៅ ហើយ​ជួន​កាល​គូស​ខុស​កន្លែង ក្រៅ​ប្រអប់​ក្រៅ​អី​អញ្ចឹង​ទៅ​ណា អា​ហ្នឹង​ហើយ​ជា​ផល​វិបាក ហើយ​និង​អ្នក​ដែល​ទើប​បោះ​ឆ្នោត​លើក​ដំបូង លើក​ទី​មួយ​បាទ! អ្នក​ទាំង​នោះ​ក៏​អត់​គិត​ស្មាន​ដល់​ថា សន្លឹក​ឆ្នោត​ដែល​ពួក​គាត់​គូស​ទៅ​វា​ខុស​នីតិវិធី​ទៅ វា​ទៅ​ជា​អត់​បាន​ការ

មិនមែន​តែ​កត្តា​ពលរដ្ឋ​តែ​មួយ​មុខ​ទេ សម្រាប់​មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល លោក យឿង សុធារ៉ា ជឿ​ថា វា​ក៏​ពាក់​ព័ន្ធ​នឹង​សមត្ថភាព​របស់​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ។ ដោយ​មិន​សន្និដ្ឋាន​ជារួម​នោះ លោក សុធារ៉ា បាន​សំដៅ​ដល់​សមត្ថភាព​របស់​មន្ត្រី​មួយ​ចំនួន​ប៉ុណ្ណោះ ជា​ពិសេស​ មន្ត្រី​ដែល​ទើប​ត្រូវ​បាន​ជ្រើស​រើស និង​មិន​ធ្លាប់​ឆ្លងកាត់​ការងារ​បោះ​ឆ្នោត​កាល​ពី​មុន។

សម្រាប់​កត្តា​ គ.ជ.ប. នេះ លោក សុធារ៉ា ក៏​ជឿ​ជាក់​ផង​ដែរ​ថា វា​ពាក់​ព័ន្ធ​ទៅ​នឹង​​វិសាល​ភាព​នៃ​ការ​ផ្សព្វផ្សាយ​របស់​ គ.ជ.ប. ទៅ​កាន់​ពលរដ្ឋ​ទូទៅ តាម​រយៈ​​គ្រប់​មធ្យោបាយ​ទាំង​អស់។

លោក យឿង សុធារ៉ា បញ្ជាក់​ថា​៖ គ.ជ.ប. ខ្លួន​គាត់ មន្ត្រី​របស់​គាត់ ហាក់​ដូច​ជា​អនុវត្ត​ពីរ​ផ្សេង​គ្នា អាច​ថា​មក​ពី​បញ្ហា​ការ​បណ្ដុះ​បណ្ដាល​គាត់ ដោយសារ​គាត់​បណ្ដុះ​បណ្ដាល​តែ​​មួយ​ថ្ងៃ។ អញ្ចឹង​ធ្វើ​ឲ្យ​មន្ត្រី​របស់​គាត់​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​កំណត់​សន្លឹក​ឆ្នោត​បាន​ការ ឬ​មិន​បាន​ការ​នៅ​ក្នុង​ការិយាល័យ​ដែល​គាត់​ទទួល​ខុស​ត្រូវ​ហ្នឹង

ក្រៅ​ពី​បញ្ហា​កម្រិត​យល់​ដឹង កត្តា​ពាក់​ព័ន្ធ​នឹង​ គ.ជ.ប. ផ្ទាល់​នោះ លោក សុធារ៉ា ក៏​បាន​ចង្អុល​បង្ហាញ​ផង​ដែរ​ទៅ​លើ​បញ្ហា​អនក្ខរកម្ម​របស់​ពលរដ្ឋ​នៅ​តាម​តំបន់​ជន​បទ ជា​ពិសេស​ក្នុង​ចំណោម​​ពលរដ្ឋ​មាន​វ័យ​ចំណាស់។

យោង​តាម​របាយការណ៍​អង្គការ​យូណេស្កូ​កាល​ពី​ឆ្នាំ​២០១៤ បង្ហាញ​ថា អត្រា​អក្ខរកម្ម​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង មាន​កម្រិត ៧៩.៧​ភាគរយ ពោល​គឺ​​​ខ្ពស់​តែ​ជាង​ប្រទេស​ឡាវ​ប៉ុណ្ណោះ ប៉ុន្តែ បែរ​ជា​ទាប​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន សូម្បី​តែ​ប្រទេស​ភូមា។

ងាក​ទៅ​បញ្ហា​សន្លឹក​ឆ្នោត​មិន​បាន​ការ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​កម្ពុជា សុទ្ធ​តែ​គាំ​ទ្រ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​នៃ​ការ​គូស​សន្លឹក​ឆ្នោត ដើម្បី​ធានា​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​របស់​ពលរដ្ឋ នឹង​ធ្លាក់​ចុះ​កាន់​តែ​ទាប​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រោយៗ ជាពិសេស​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

លោក សំ គន្ធាមី ផ្ដល់​ជា​ទស្សនៈ​របស់​លោក​ថា គ.ជ.ប. គួរ​តែ​ផ្ដល់​ជម្រើស​នៃ​ការ​គូស​សន្លឹក​ឆ្នោត​លើស​ពី​គំនូស​សញ្ញា​មួយ ដើម្បី​ឆ្លើយ​តប​នឹង​ពលរដ្ឋ​មួយ​ចំនួន ដែល​ខ្វះ​ការ​យល់​ដឹង និង​កម្រិត​ចំណេះ​ដឹង​ទាប។ បន្ថែម​ពី​លើ​នេះ លោក សំ គន្ធាមី ផ្ដល់​ជា​មតិ​ឲ្យ​ គ.ជ.ប. ជំរុញ​ការ​អប់រំ​ដល់​អ្នក​បោះ​ឆ្នោត ជា​ពិសេស​អ្នក​បោះ​ឆ្នោត​មាន​វ័យ​ចំណាស់។

លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា​៖ “ទី១ កត្តា​អប់រំ​អ្នក​បោះ​ឆ្នោត អប់រំ​គាត់​របៀប​គូស​​សន្លឹក​ឆ្នោត ពីព្រោះ​អី អ្នក​បោះ​ឆ្នោត អ្នក​ខ្លះ​ចាស់ៗ គាត់​មិន​សូវ​បាន​យល់​ច្បាស់​ពី​របៀប​គូស។ ដល់​អញ្ចឹង គាត់​ចេះ​តែ​គូស​កន្លែង​ផ្សេង។ គេ​ឲ្យ​គូស តែ​គាត់​សរសេរ​អី​អញ្ចឹង​។ ហ្នឹង​ហើយ​ជា​កត្តា​អប់រំ​អ្នក​បោះ​ឆ្នោត​ពី​របៀប​គូស​សន្លឹក​ឆ្នោត គឺ​ជា​កត្តា​សំខាន់​មួយ ដើម្បី​កាត់​បន្ថយ​សន្លឹក​ឆ្នោត​អត់​បាន​ការ

សម្រាប់​លោក យឿង សុធារ៉ា វិញ លោក​ស្នើ​ឡើង​​នូវ​ជម្រើស​មួយ​ថ្មី នោះ​គឺ​ការ​ប្រើ​ប្រាស់​ត្រា​មាន​សញ្ញា​គំនូស​រួច​ជា​ស្រេច ដែល​លោក​ប្រាប់​ថា វា​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កូរ៉េ​ខាង​ត្បូង។

គំនិត​នេះ​ក៏​ទទួល​បាន​ការ​សាទរ​ពី​លោក សំ គន្ធាមី ផង​ដែរ ដោយ​លោក​បន្ថែម​ថា ត្រា​បោះ​ឆ្នោត​នោះ​ក៏​ត្រូវ​បាន​លោក​ឃើញ​ប្រើ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ភូមា​ផង​ដែរ។

ទាំង​លោក សំ គន្ធាមី និង​លោក យឿង សុធារ៉ា ជឿ​ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើ​កិច្ចការ​បោះ​ឆ្នោត នឹង​ស្នើ​ទៅ​ គ.ជ.ប. ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គូស​លើ​សន្លឹក​ឆ្នោត ដើម្បី​ធានា​ថា សន្លឹក​ឆ្នោត​មិន​បាន​ការ​ធ្លាក់​ចុះ​ដល់​ចំនួន​តិច​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ