គ.ជ.ប ថានឹងពិចារណាដកទោសបញ្ញត្តិលើសេចក្តីព្រាងក្រមសីលធម៌ការបោះឆ្នោត

គ.ជ.ប

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថានឹងពិចារណាលើសំណើពីអង្គការសង្គមស៊ីវិលដែលសុំឲ្យដកចេញនូវទោសបញ្ញតិ្តក្នុងសេចក្តីព្រាងក្រមសីលធម៌ការបោះឆ្នោត ក្រោយពីមានការរិះគន់ពីសង្គមស៊ីវិល និងគណបក្សនយោបាយថាទោសទណ្ឌនេះនឹងរឹតត្បិតដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។

តំណាង គ.ជ.ប និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់នៃ គ.ជ.ប លោក កែវ ផល្លា មានប្រសាសន៍ក្នុងកម្មវិធីតុមូលស្តីពីការផ្តល់អនុសាសន៍ទៅលើសេចក្តីព្រាងក្រមសីលធម៌របស់ គ.ជ.ប នៅព្រឹកថ្ងៃពុធនេះថាលោកនឹងស្នើទៅ គ.ជ.ប ឲ្យពិចារណាដកចេញនូវទោសបញ្ញត្តិលើក្រមសីលធម៌ការបោះឆ្នោត ហើយថាប្រហែលជាអាចប្តូរទៅដាក់ក្នុងឧបសម្ព័ន្ធឬដាច់ដោយឡែកមួយវិញ។

ឆ្លើយតបនឹងសំណួរថា តើ គ.ជ.ប នឹងលុបទោសទណ្ឌពីក្រមសីលធម៌ដូចការស្នើទេ លោកថានៅមិនទាន់អាចសន្មត់បានទេ។ លោកប្រាប់ថា៖ ប៉ុន្តែទន្ទឹមហ្នឹងក៏មានការផ្តល់យោបល់ថា បើដាក់គឺដាក់ក្នុងឧបសម្ព័ន្ធ វាប្រសើរជាងឲ្យចែងក្នុងក្រមសីលធម៌ហ្នឹងតែម្តងនោះ គឺវាមិនសូវល្អទេ ចំណុចនេះសម្រាប់ខ្ញុំដែលជាតំណាងឲ្យ គ.ជ.ប ខ្ញុំអត់មានសិទ្ធិថាខ្ញុំលុបចោលទេ ពីព្រោះនេះជាការសម្រេចគោលការណ៍របស់ គ.ជ.ប រួចហើយ ដូចខ្ញុំបានជម្រាបអញ្ចឹង គ.ជ.ប មាន៩រូប គាត់នឹងសម្រេចថាដកឬមិនដក ប៉ុន្តែខ្ញុំនឹងរាយការណ៍ជូន គ.ជ.ប អំពីចំណុចនេះថា គេអ្នកអនុវត្តគេមិនចង់បានទេ

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ថា (ERA) បានស្នើទៅកាន់ គ.ជ.ប កាលពីថ្ងៃទី១៨ខែកក្កដាឲ្យដកចេញនូវសម្រង់មាត្រាអំពីទោសបញ្ញត្តិដែលមាននៅក្នុងក្រមសីលធម៌ទាំងប្រាំ ដោយអះអាងថាក្រមសីលធម៌មិនស្មើឋានានុក្រមគតិយុត្តិដូចច្បាប់និងបទបញ្ជានិងនីតិវិធីដែលមានអំណាចចាប់បង្ខំដោយបំភ័យដាក់ទោសឲ្យគោរពនិងអនុវត្តតាមឡើយ។

ក្រមសីលធម៌ដែលនឹងអនុវត្តទៅលើភាគីពាក់ព័ន្ធមាន ទី១មន្រ្តីបោះឆ្នោត ទី២អ្នកសង្កេតការណ៍បោះឆ្នោត ទី៣គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ទី៤ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទី៥សមាជិកនៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (ខុមហ្វ្រែល) លោក គល់ បញ្ញា និងជាអ្នកសម្របសម្រួលកម្មវិធីពិភាក្សារបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតមានប្រសាសន៍ថា វាជាការមិនត្រឹមត្រូវនោះទេដែលទោសបញ្ញត្តិត្រូវមកភ្ជាប់ជាមួយនឹងក្រមសីលធម៌ ដោយលោកស្នើឲ្យដាក់នូវវិធានការចំពោះជនដែលប្រព្រឹត្តនូវកំហុសទៅលើបម្រាមក្នុងក្រមសីលធម៌វិញជាការល្អជាង។

លោកនិយាយថា៖ បើកាលណារំលោភដល់ទៅច្បាប់ហើយ វាមិនមែនរំលោភក្រមសីលធម៌ វាគួរតែមានទោសបញ្ញត្តិហ្នឹងទៅ បើគ្រាន់តែរំលោភក្រមសីលធម៌ យើងគួរតែមានវិធានការណ៍ ដែលហៅថាវិធានការទន់ភ្លន់មួយដើម្បីឲ្យអ្នកដែលពាក់ព័ន្ធធ្វើការទៅតាមក្រមសីលធម៌

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រី ម៉េង សុធារី បង្ហាញការយល់ឃើញលើក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ថា គ.ជ.ប គួរតែផ្តល់សិទ្ធិដល់អ្នកសង្កេតការណ៍ក្នុងការថតរូបនិងផ្តល់សិទ្ធិឲ្យអ្នកសង្កេតការណ៍ក្លាយជាសាក្សី បើសិនជាមានវិវាទ ព្រោះអ្នកសង្កេតការណ៍ជាអ្នកនៅផ្ទាល់តាំងពីដើមដល់ចប់នៃដំណើរការបោះឆ្នោត។

យល់ឃើញស្រដៀងគ្នានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ក៏បានសំណូមពរឲ្យ គ.ជ.ប អនុញ្ញាតិឲ្យមានការថតរូបនិងថតសំឡេងនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដើម្បីទុកជាភស្តុតាងនិងធានានូវតម្លាភាព។

លោកថា៖ ចំណុចនេះខ្ញុំសំណូមពរផងថា គួរតែអនុញ្ញាតិឲ្យមានការថត លើកលែងតែថតនៅចំកន្លែងបរិវេណនៃការបោះឆ្នោតដោយត្រូវរក្សាការសំងាត់ ក្រែងលយើងថតនៅតំបន់នោះទៅ វាអាចធ្វើឲ្យអ្នកបោះឆ្នោតគាត់បារម្ភ ខ្លាចថានឹងថតគាត់គូសឲ្យគណបក្សណាមួយ

ឆ្លើយតបនឹងបញ្ហាថតរូបភាពនេះលោក កែវ ផល្លា ឲ្យដឹងថាលោកនឹងស្នើទៅកាន់ គ.ជ.ប ឲ្យកែប្រែចំណុចហាមប្រាមមិនឲ្យមានការថតរូបក្នុងដំណើរការបោះឆ្នោតនេះ ដោយលោកថាដើម្បីឈានទៅរកតម្លាភាពនៃការបោះឆ្នោត។

លោកប្រាប់ថា៖ ការហាមប្រើទូរស័ព្ទអីហ្នឹងនៅក្នុងការិយាល័យចុះឈ្មោះ ខ្ញុំថា គ.ជ.ប ក៏មានការប្រទាញប្រទង់រឿងហ្នឹងដែរ តែចុងក្រោយស្រាប់តែម៉ោដដែល ចំណុចនេះត្រូវបានពិភាក្សាតឹងរឹង ហើយខ្ញុំមើលហេតុផលរបស់កម្មវិធីតុមូលរបស់យើងនេះគឺថាឲ្យទឡ្ហីករណ៍សមហេតុសមផល ពីព្រោះចុះឈ្មោះបោះឆ្នោតថតចុះ ពេលបោះឆ្នោតថតបរិវេណខាងក្រៅអីបាន តែកុំថតអាគេគូស ពេលរាប់ថតចុះ”។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ