បណ្តុំអង្គការថាអាជ្ញាធររិតត្បិតសេរីភាព​ ខណៈតម្រូវ​ឲ្យពួកគេផ្ញើរបាយកាណ៍សកម្មភាព​ប្រចំាថ្ងៃ

បណ្តាញអង្គការឌេងហ្គោ (NGO DANGO) ប្រចំាខេត្តឧត្តរមានជ័យដែលមានបណ្តុំអង្គការនិងសមាគមជាង៤០បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពនិងសេរីភាពបញ្ចេញមតិនៅពេលពួកគេនៅចុះបំពេញការងារ ដោយអះអាងថាអាជ្ញាធរខេត្តនេះតម្រូវឲ្យពួកគេផ្ញើរបាយការណ៍សកម្មភាពប្រចំាថ្ងៃបញ្ជូនទៅនគរបាល។

បណ្តុំអង្គការនិងសមាគមទំាងនោះរួមមានអង្គការ PM IPR UNOHCHR IDC CWPD KDA អង្គការស៊ីដូ អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ សមាគមអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចំាខេត្តឧត្តរមានជ័យលោកស្រី ណារ៉េន ដែលជាសមាជាជិករបស់បណ្តាញអង្គការឌេងហ្គោ (NGO DANGO ) មានប្រសាសន៍ថាអាជ្ញាធរបានតម្រូវឲ្យបណ្តាញអង្គការនិងសមាគមចំនួន៤៤នៅក្នុងខេត្តរមានជ័យធ្វើរបាយការណ៍សកម្មភាពផ្ញើទៅអាជ្ញាធរជារៀងរាល់ថ្ងៃ ក្រោមហេតុផលជួយការពារសុវត្ថិភាពដល់អង្គការនិងសមាគមដែលចុះធ្វើការងារ។

ទោះជាបែបនេះក្តីលោកថាអាជ្ញាធរហាក់មានចេតនាបិទសិទ្ធិសេរីភាពអង្គការនិងសមាគមនៅពេលចុះបំពេញការងារទៅវិញជាពិសេសធ្វើឲ្យប្រជាសហគមន៍មានការភិតភ័យ។ លោកស្រីបន្តថា៖ “ខាងសមត្ថកិច្ចប៉ូលីសគេលើកឡើងថាក្រសួងគេតម្រូវឲ្យធ្វើអញ្ចឹងជាគោលការណ៍របស់ក្រសួង សំខាន់គេចង់ផ្តោតទៅលើការការពារសន្តិសុខរបស់សង្គមស៊ីវិលដែលសង្គមស៊ីវិលគាត់ថានៅពេលដែលគាត់ប្រជុំសហគមន៍ឬការប្រមូលសហគមន៍ដើម្បីបណ្តុះបណ្តាល ហើយប៉ូលីសគេចូលរួម ពួកប្រជាពលរដ្ឋគាត់សហគមន៍មួយចំនួនគាត់មានការព្រួយបារម្ភ គាត់មិនហ៊ានបញ្ចេញមតិ បញ្ចេញយោបល់“។

របាយការណ៍របស់បណ្តាញអង្គការឌេងហ្គោ (NGO DANGO ) បានឲ្យដឹងថាអង្គការនិងសមាគមមានចំនួន៤៤ ក្នុងនោះអង្គការនិងសមាគមចំនួន៣៤ដែលកំពុងសកម្មនឹងការងារលើវិស័យអប់រំ អនាម័យ ព្រៃឈើ និងសិទ្ធិមនុស្សជាដើម។

ចំណែកប្រធានបណ្តាញអង្គការឌេងហ្គោ (NGO DANGO ) លោក ហេង គឹមនឿម មានប្រសាសន៍ថាអង្គការនិងសមាគមរបស់លោកកំពុងពិភាក្សាលើករណីនេះ។ ប៉ុន្តែលោកថានៅក្នុងច្បាប់តម្រូវឲ្យអង្គការនិងសមាគមធ្វើរបាយការណ៍ស្តីពីហិរញ្ញវត្ថុនិងកម្មវិធីរបស់ខ្លួន ផ្ញើទៅក្រសួងមហាផ្ទៃក្នុងមួយឆ្នាំម្តងតាមច្បាប់អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែលោកថាដើម្បីបង្កើនកិច្ចសហការរវាងសង្គមស៊ីវិលនិងអាជ្ញាធរ លោកថាពួកគេអាចធ្វើរបាយការណ៍៣ខែឬ៦ខែផ្ញើទៅនគរបាល។ លោកបន្តថា៖ “វាពិបាកយើងធ្វើរបាយការណ៍ ពីព្រោះយើងមានការងារច្រើនផ្សេងៗគ្នា យើងមិនអាចផ្តល់ជូនបានទេ ហើយអង្គការមួយចំនួនក៏គាត់មានការងារច្រើន គឺយើងបានសម្រេចគ្នាថា យើងមិនផ្តល់ជូនជាប្រចំាថ្ងៃបានទេ បើសិនជាប្រចំាត្រីមាស៣ខែម្តង ចុះការអនុវត្តកម្មវីធី យើងបានសហការណ៍គ្នា យើងនឹងអាចផ្តល់ជូនបាន បើសិនជាខាងគាត់បង្ហាញអំពីឯកសារស្តីពីកិច្ចសហប្រតិបត្តិការណ៍“។

មាត្រា២៥នៃច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចែងថាក្នុងករណីចំាបាច់ ក្រសួងមហាផ្ទៃអាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាពនិងរបាយការណ៍ហិរញ្ញវត្ថុប្រចំាឆ្នាំរបស់អង្គការសមាគម។

VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះពីនាយកការិយាល័យនគរបាលសន្តិសុខផ្ទៃក្នុងខេត្តឧត្តរមានជ័យលោក ឆាយ ឆុន បានទេនៅថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បញ្ជាក់ថាតាមច្បាប់ទាល់តែមួយឆ្នាំម្តងបានតម្រូវឲ្យអង្គការសមាគមផ្ញើរបាយការណ៍ទៅក្រសួង។ តែលោកថាការងារនៅថ្នាក់ក្រោម លោកមិនទាន់ដឹងដែរ។

លោកបន្ថែមថា៖ “ជាក់ស្តែងនៅតាមមូលដ្ឋានពួកគេខាងណោះមិនដឹង ពូក៏មិនមានយោបល់ម៉េចដែរ តែពូយល់ថាបើសិនការសហការណ៍គ្នាបានល្អ ព្រោះកុំឲ្យមើលគ្នាថាអង្គការក្រៅរដ្ឋាភិបាលសុទ្ធតែអង្គការកាន់ជើងបក្សប្រឆំាងក៏មិនត្រូវទេ ជាគោលការណ៍រដ្ឋាភិបាលចាត់ទុកថាអង្គការក្រៅរដ្ឋាភិបាលទំាងអស់ជាដៃគូអភិវឌ្ឍន៍របស់ជាតិយើងមិនអាចខ្វះបានទេ“។

ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញប្រកាសបិទផ្លូវតវ៉ារបស់តំណាងរាស្ត្របក្សប្រឆាំងនិងក្រុមអង្គការសង្គមស៊ីវិលរាប់រយស្ថាប័ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ