ពលរដ្ឋស្នើ ACU ស៊ើបអង្កេតមន្រ្តីខណ្ឌពោធិ៍សែនជ័យដោយសង្ស័យថាមានអំពើពុករលួយ

ប្រជាពលរដ្ឋសហគមន៍មួយក្បែរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (SOS) ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតលើមន្រ្តីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយសង្ស័យថាមន្រ្តីទាំងនោះជាប់ពាក់ព័ន្ធអំពើពុករលួយទើបមិនព្រមចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។

ប្រជាពលរដ្ឋសហគមន៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដោយមានប្រជាសហគមន៍ផ្សេងទៀតចូលរួមប្រមាណ៥០នាក់បានដាក់ញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃពុធនេះ ដោយស្នើឲ្យលោក ឱម យ៉ិនទៀង ស៊ើបអង្កេតលើអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ និងមន្រ្តីក្រោមមួយចំនួនទៀតដែលពលរដ្ឋសង្ស័យថាមានអំពើពុករលួយករណីមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិដីនិងចុះហត្ថលេខាទទួលស្គាល់ការផ្ទេរកម្មសិទ្ធិឲ្យពលរដ្ឋ។

អនុប្រធានសហគមន៍លោក កៅ សុវណ្ណ ប្រាប់អ្នកសារព័ត៌មានថាកាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានសម្រេចមិនធ្វើការពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទេ ដោយរក្សារឲ្យប្រជាពលរដ្ឋបានរស់នៅក្បែរនោះដដែល។

លោកបញ្ជាក់ថាក្រោយពីរដ្ឋាភិបាលសម្រេចនេះ ប្រជាពលរដ្ឋបានទៅសុំឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចេញប័ណ្ណកម្មសិទ្ធិដីនិងធ្វើលិខិតទទួលស្គាល់ការទិញលក់ ប៉ុន្តែអាជ្ញាធរខណ្ឌមិនធ្វើឲ្យនោះទេ។

លោកបន្ថែមថា៖ “ដើម្បីស្នើឲ្យគាត់(លោកឱមយ៉ិនទៀង)ជួយស៊ើបអង្កេតមើលថាតើមានរឿងអ្វីកើតឡើង បានជាអាជ្ញាធរខណ្ឌហ្នឹងគាត់មិនចេញប្លង់ឲ្យពួកយើង មិនឲ្យយើងសាងសង់ មិនឲ្យយើងកាត់ឈ្នោះដើម្បីលក់ដូរបន្ត បើសម្តេច ហ៊ុន សែន គាត់ចេញស.ជ.ណ(សេចក្តីជូនដំណឹង)ឲ្យពួកយើងរួចហើយហ្នឹង”។

ពលរដ្ឋម្នាក់អ្នកស្រី ជួប សុខ និយាយថាពេលដែលអាជ្ញាធរមិនចេញប័ណ្ណកម្មសិទ្ធិដូចនេះធ្វើឲ្យអ្នកស្រីពិបាកក្នុងការរស់នៅ ដោយសារតែមិនអាចសាងសង់អ្វីបន្ថែមបាននិងពិបាកក្នុងការរកស៊ីជាដើម។

អ្នកស្រីបន្ថែមថា៖ “ផលលំបាកម៉ាចប់ ចង់ធ្វើផ្ទះក៏អត់បាន ចង់ដោះដូរក៏អត់បាន”។

មន្រ្តីនៅអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងពីពលរដ្ឋ ដោយសន្យាថានឹងបញ្ជូនទៅលោក ឱម យិនទៀង។

ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី១៥មិថុនា២០១៦របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឲ្យរក្សាតំបន់សុវតិ្ថភាពនិងសន្តិសុខជុំវិញបរិវេណអាកាសយានអន្តរជាតិភ្នំពេញនៅដដែលសិន ដោយថាមិនឲ្យមានការពង្រីកចេញក្រៅឡើយ។

ចំណែកសំណង់អាគារឬផ្ទះប្រជាពលរដ្ឋដែលសុំអនុញ្ញាតសាងសង់ថ្មីត្រូវកំណត់កម្ពស់ ដោយគោរពតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឆ្លើយតបបញ្ហានេះអភិបាលខណ្ឌពោធិ៍សែនជ័យលោក ហែម ដារិទ្ធ មានប្រសាសន៍ថាកាលពីរដ្ឋាភិបាលមិនទាន់ចេញសេចក្តីជូនដំណឹង (ស.ជ.ណ) អាជ្ញាធរពិតជាមិនហ៊ានចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋមែន ព្រោះខ្លាចមានការពង្រីកព្រលានយន្តហោះទៅធ្វើឲ្យប៉ះពាល់។

ប៉ុន្តែលោកថាក្រោយពីរដ្ឋាភិបាលចេញស.ជ.ណពេលថ្មីៗនេះ ខណ្ឌស្វាគមន៍ចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋ។ ដោយលោកស្នើឲ្យពលរដ្ឋទៅធ្វើប័ណ្ណម្តងទៀត។

តែទោះយ៉ាងណាលោកថា ផ្ទះប្រជាពលរដ្ឋមួយចំនួនដែលនៅជាប់របងព្រលានយន្តហោះត្រូវបន្ថយខ្លះតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បើមិនដូច្នោះទេខណ្ឌមិនចេញប័ណ្ណកម្មសិទ្ធិឲ្យបានឡើយ។

លោកបន្ថែមថា៖ “ពួកយើង(សាលាខណ្ឌពោធិ៍សែនជ័យ)ធ្វើប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់តើ ប៉ុន្តែសំណង់អាគារឬផ្ទះប្រជាពលរដ្ឋណាដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគេពិនិត្យឃើញថាប៉ះពាល់ដល់រ៉ាដាគ្រោះថ្នាក់គេឲ្យពួកគាត់(ពលរដ្ឋ)ថយ បើគាត់មិនថយ ពួកយើងម៉េចអាចចេញប័ណ្ណឲ្យបាន”។

គួរបញ្ជាក់ថាសហគមន៍ SOS សិ្ថតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាប់របងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ប្រជាពលរដ្ឋអះអាងថាមានពលរដ្ឋប្រមាណ៦០០គ្រួសារទៀតមិនទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ