អាជ្ញាធរអប្សរាថាខ្លួនអនុញ្ញាតឲ្យសង់សំណង់ជិត៣០០ករណី

អាជ្ញាធរអប្សរា ឲ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ ខ្លួនបានអនុញ្ញាតឲ្យសង់សំណង់ជិត៣០០ករណី និងបដិសេធជាច្រើនករណីទៀត។

យោងតាមរបាយការណ៍ពីមជ្ឍមណ្ឌលសេវាកម្មច្រកចេញចូលតែមួយ ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ ឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ អាជ្ញាធរអប្សរា ខេត្តសៀមរាប បានទទួលសំណើសុំសាងសង់សំណង់ចំនួន៦៤១ករណី និងថាបានអនុញ្ញាតចំនួន២៩២ករណី។ អាជ្ញាធរអប្សរាថា ការយល់ព្រមតាមសំណើទាំងនេះ គឺដោយសារម្ចាស់សំណង់ ជាពលរដ្ឋចាស់ ដែលមករស់នៅក្នុងតំបន់អង្គរ មុនឆ្នាំ២០០០ និងមានលិខិតបញ្ជាក់អត្ដសញ្ញាណ សៀវភៅស្នាក់នៅ​ និងឯកសារគ្រប់គ្រាន់។

បើតាមរបាយការណ៍ដដែល ក្នុងចំណោមសំណើជាង៦០០ករណី អាជ្ញាធរអប្សរា បានទាត់ចោលចំនួន២៤៥ករណី ដោយថា ជាករណីបំបែកគ្រួសារ ឬអ្នកចំណូលថ្មី ដែលមកតាំងទីលំនៅក្រោយឆ្នាំ២០០០។ ចំណែកសំណើសុំ ៥៩ករណីទៀត អាជ្ញាធរបានជូនដំណឹងទៅម្ចាស់សំណង់វិញ ដោយថាខុសនឹងទម្រង់បែបបទ និងសុពលភាពនៃច្បាប់ ដែលអនុញ្ញាតឲ្យពួកគាត់សាងសង់។

អាជ្ញាធរអប្សរា បន្ថែមថា ចំពោះករណីសាងសង់ខុសនឹងរចនាបថផ្ទះខ្មែរ សមត្ថកិច្ចនឹងចុះណែនាំ ហើយឈានដល់ផ្អាកការសាងសង់តែម្ដង បើសិនម្ចាស់សំណង់មិនអនុវត្តតាម។

សូមរំលឹកថា កាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ពលរដ្ឋនៅខេត្តសៀមរាបបានផ្ទុះការតវ៉ា បិទផ្លូវមុខប្រាសាទអង្គរវត្ត ដោយចោទថា អាជ្ញាធរអប្សរា បានបន្ធូរបន្ថយឲ្យពួកគាត់សង់សំណង់ផ្សេងៗ។ ប៉ុន្ដែក្រោយដឹងលទ្ធផលបោះឆ្នោត ពលរដ្ឋថា អាជ្ញាធរបានចុះរុះរើ សំណង់ទាំងនោះចោល ដោយថា គ្មានច្បាប់អនុញ្ញាតទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ