នាយករដ្ឋមន្រ្តីបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយប្រជាជនរងគ្រោះដោយទឹកជំនន់​

លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ជួយប្រជាជន​ដែល​រងគ្រោះ​ដោយសារជំនន់​ទឹកភ្លៀងនៅតាមបណ្តាខេត្តនានា ជាពិសេសតំបន់ជាប់ដងស្ទឹង និងសមុទ្រ ដោយ​ថាដើ​ម្បី​ការពារ​សុវត្ថិភា​ព ​​ជូ​ន​ពលរដ្ឋ​។

ខេត្តដែលកំពុង​ជួបបញ្ហាជំនន់ទឹកភ្លៀងរួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយ​មាន​ជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។

នៅក្នុង​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន បានសរសេរនៅថ្ងៃ២៧កក្កដានេះ​ថា ក្នុងរយៈពេល​ជាង​មួយសប្តាហ៍កន្លងមកនេះ មាន​ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងនៅតាម​បណ្តា​ខេត្តនានា។ លោកថា ពេល​ភ្លៀងធ្លាក់ មានខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងទឹក ជំនន់ បណ្តាលឲ្យជន់លិច ​ ដាច់​​ផ្លូវ​ តាមតំបន់មួយចំនួន និងខូចខាតផ្ទះប្រជាពលរដ្ឋនៅតាមខេត្តផងដែរ។ ករណីនេះលោកអំពាវនាវឲ្យពល​រ​ដ្ឋ​ត្រូវ​ប្រុងប្រយ័ត្នខ្ពស់ កុំបណ្តោយកូនចៅអោយទៅលេងទឹកនៅខាងក្រៅ តាមស្រះ តាមវាលស្រែ ក្រោម​ស្ពាន ឬតាម​ប្រឡាយទឹក ដែលអាចងាយគ្រោះថ្នាក់។

លើសពីនេះទៀត លោក ហ៊ុន សែន បានបញ្ជាទៅមន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យ​បានទាន់ពេលវេលា ជាពិសេស​ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និង​តា​មតំ​បន់​ជាប់​នឹងដងស្ទឹង និង សមុទ្រជាដើម។

ឆ្លើយតបនឹងករណីនេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​ថា ក្រុមការងារកំពុង​ចុះធ្វើកិច្ចការនេះ​ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បី​ជួយ​សង្គ្រោះប្រជាជន​ដែល​រងគ្រោះជំនន់ទឹកភ្លៀង​។

លោកនិយាថា«យើងមានផែនការត្រៀមបំរ៉ុងអស់ហើយ​ ដូច្នេះពេលដែលមានហេតុការណ៍អ្វីកើតឡើង កំលំាងទំាងអស់គឺធ្វើការងារតាមមុខព្រួញរបស់ខ្លួន ដូចកម្លំាងយោធពលខេមរភូមិន្ទ ហើយ​កម្លាំង​អាវុធហត្ថ កងកម្លំាងនគរបាល ជាកម្លំាងអន្តរាគមន៍ ក្នុងការជួយអន្តរាគមន៍ពេល​មានហេតុការណ៍​កើតឡើង ហើយ​នៅក្នុងនោះអាជ្ញាធរមូលដ្ឋាន​ ហើយនិងកាកកបាតក្រហមកម្ពុជា ហើយនិងសប្បុរសជន​នានា គឺខាងការផ្គត់ផ្គង់​អំណោយសង្គ្រោះបន្ទាន់ មានទំាងស្បៀង មានទំាងសម្ភារៈប្រើប្រាស់ គ្រប់សព្វ ហើយខាង​សុខាភិបាលយើងអាចនឹងមានមណ្ឌលសុខភាព យើងអាចនិងមានថ្នំារាករុស ថ្នាំបង្កាពោះចឹក​ជាដើម គឺថាដើម្បីត្រៀមបង្កាទុកជាមុន»

យ៉ាងណាក៏ដោយលោក កែវ វី អះអាងថា ចំនួនអ្នករងគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀងនេះ ក្រុមការងារមិនទាន់បូកសរុបបាននៅឡើយ​ ដោយថាកំពុងចុះសិក្សាពីផលប៉ះពាល់។

ក្រសួង​​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ថា ប្រទេស​កម្ពុជា​នឹង​​ទទួល​រង​ឥទ្ធិពល​ព្យុះ​សុនកា ជា​ព្យុះ​ទី​៨​នៅ​ក្នុង​ឆ្នាំ​នេះ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ។ ក្រសួង​​ថា ព្យុះ​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​នៅ​ទូទាំង​ប្រទេស។

លោក កែវ វី បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ពាក់​ព័ន្ធ​នឹង​ខ្យល់​កន្ត្រាក់ ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់ បាន​កើត​ឡើង ១៣០​លើក​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់មនុស្ស ៥​នាក់ និង​បណ្ដាល​ឲ្យ៤៩​នាក់​ទៀត​រង​របួស ចាប់​តាំង​ពី​ខែ​មេសា​មក។

លោក កែវ វី បន្តថា ក្រៅ​ពី​គ្រោះ​ថ្នាក់​ទៅ​លើ​មនុស្ស ក៏មានផ្ទះ​សម្បែង ៣៤៥៨​ខ្នង បាន​​ដួល​រលំ និង​រង​ការ​​ខូ​ចខាត​ពី​កម្រិត​មធ្យ​ដល់​ធ្ងន់​ធ្ងរ ព្រម​ទាំង​ខូច​ខាត​សាលា​រៀន ៤៥​អគារ នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ