លោក គឹម សុខ បិតត្រចៀកក្នុងសវនាការ ខណៈ​តុលាការ​មិនហៅ​លោក​ ហ៊ុន សែន ចូល​តទល់​ក្តី

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

អ្នកវិភាគនយោបាយ លោក គឹម សុខ បាន​យក​ក្រដាស​ញ៉ុក​ត្រចៀក​ខ្លួន ដោយ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ចៅ​ក្រមឡើយ ​​បន្ទាប់​ពីសំណើ​​របស់​លោក​ដែលស្នើឲ្យតុលាការកោះ ហៅភាគីដើមបណ្តឹង គឺនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន នោះត្រូវ​បានតុលាការ​ច្រាន​ចោល​។

ក្នុង​សវនាការនៅ​សាលា​ដំបូង​នៅ​រសៀលថ្ងៃ​ទី​២៦ កក្កដា លោក ​គឹម សុខ បានស្រែក​ខ្លាំង​ៗ​នៅក្នុង​សវនា​ការ​ថា​លោក​មិន​ទទួល​យកលោក​ គី ឬ​ទ្ធី ជា​ចៅ​ក្រម​កាត់ក្តី​លើ​សំណុំ​​រឿង​របស់​លោក​ទៀត​ទេ ដោយ​ថាសវនាការ​នេះ​ជា​សវនាការ «ឡប់​ឡែ»។

បណ្តឹងចំនួន​​ពី​រដែល​បាន​ជំនុំ​ជម្រះ​នៅ​តុលាការ​ គឺ​បណ្តឹង​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​ប្តឹង​លោក​ គឹម សុខ ក្នុងករណីអត្ថាធិប្បាយទាក់ទងឃាតកម្មលោក កែម ឡី និង​បណ្តឹង​របស់​លោក​ គឹម សុខ ដែលប្តឹង​ទាម​ទារឲ្យ​លោក​ ហ៊ុន សែន ចូល​មក​តទល់​នៅ​តុលាការ​។ តែ​ទោះ​ជា​យ៉ាង​ណា​បណ្តឹង​របស់​លោក​គឹម សុខ​ ​ត្រូវបាន​តុលាការទាត់ចោល ដោយថាមិន​ចាំ​បាច់កោះ​ហៅ​លោក ​ហ៊ុន សែន​ មក​តទល់​ក្តី​នោះ​ទេ។

ក្នុង​ការ​ជជែក​ជាងមួយ​ម៉ោងនោះ​ លោក​ គឹម សុខ ទាម​ទារ​ឲ្យ​តុលាការ​ចេញ​សាល​ក្រម​មួយ​ដែល​ថា​ខ្លួន​សម្រេច​មិ​ន​ឲ្យ​លោក​ ហ៊ុន សែន​មក​តទល់​នឹងក្នុង​តុលាការ​ ដោយ​ថា​ប្រសិន​ជាតុលាការ​មិ​ន​ព្រម​ចេញ​សាលក្រម​ទេ លោក ​គឹម សុខ ថា​ខ្លួន​ក៏​បដិសេធ​មិន​ទទួ​ល​យក​លោក គី ឬ​ទ្ធី​ ជាចៅក្រម​ជំនុំ​ជម្រះ​ផងដែរ ដោយ​​ប្តឹងសុំ​ផ្លាស់​​ប្តូរ​ចៅក្រម​វិញ។ ទោះ​ជា​យ៉ាង​ណា​សំណើរ​ទាំងពីររបស់​លោក​​ គឹម សុខ ត្រូ​វ​បាន​តុលាការ​បដិសេធ រហូត​ដល់​​លោក​ គឹម សុខ លែង​ចង់​​នៅក្នុង​​សវនាការតទៅ​ទៀត និង​​ត្រូវបាន​ចៅ​​ក្រម​​បញ្ជា​ឲ្យ​អនុរក្សនាំខ្លួន​ទៅ​បន្ទប់​រង់ចាំ​សិន តែ​ត្រូវបាន​នាំ​ត្រលប់​មក​វិញ​បន្ទាប់ពី​មេ​ធាវី​ គី តិច ការ​ពារ​​ក្តី​លោក​ ហ៊ុន សែន ស្នើ​តុលាការឲ្យ​នាំខ្លួន​មក​វិញ។

ក្នុងពេល​ដែលនាំ​​ត្រលប់​មក​វិញលោក គឹម ​សុខ បាន​ធ្វើ​ពិហិ​ការមិន​ស្តាប់ដោយ ​យកក្រដាស​មក​ខ្ទប់​ត្រចៀក​ និង​មិន​ឆ្លើយចំពោះ​សំណួរ និង​ការ​ចោទ​ប្រកាន់​របស់​​តុលា​ការ​ បន្ទាប់​ពីគ្មាន​វត្តមាន​​​មេ​ធាវី​ការ​ពារ​ក្តី​របស់​លោកគឺលោក ជួង ជុងី ដែល​បាន​​ធ្វើ​ពិហិការ​ដោយ​ដើរចេញ​ពាក់​កណ្តាល​ទី។

ប្រតិ​កម្ម​របស់​លោក គឹម សុខ នេះ​ធ្វើ​ឲ្យ​ចៅក្រមជំនុំ​ជម្រះ លោក គី ឬទ្ធី និងព្រះ​រាជអាជ្ញាលោក ​សៀង សុខ ថា​ជា​កាយវិការ​ដែល​មិន​សម​រម្យ «មិនគោរព​តុលាការ និងមាន​ចរិតអាងចាង»។

សវនាការ​នោះ ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​វត្តមាន​មេធាវីការ​ពារក្តី​លោក​ គឹម សុខ និង​គ្មាន​ចម្លើយ​តតាំងរបស់លោក​ គឹម សុខ ទេ។ ទោះ​ជា​យ៉ាង​ណា តុលាការ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាល​ក្រម​​លោក​ គឹម សុខ ទៅថ្ងៃ​ទី​១០ ខែ​សីហា ខាង​មុខនេះ។

មុន​ពេលមន្ត្រី​ពន្ធនាគារ​នាំ​ចេញ​ពី​បន្ទប់​សវនាការលោក​ គឹម សុខ​ ស្រែក​ថា៖ «តុលាការ​សិប្បនិមិត្ត ធ្វើ​តាម​តែ​ចិត្ត​ចង់​បាន​របស់ ​លោក​ ហ៊ុន សែន»។

កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់​ពីអ្ន​ក​វិភាគ​​រូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយ​ករណី​ឃាតកម្ម​លោក​ កែម ឡី។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយ​ករណី​ទៀត​ ដោយ លោក គឹម សុខ ចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែក​មុខរក​ឃាតក​មិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ