បទយការណ៍៖ ការឃុំខ្លួន អ្នកស្រី ទេព វន្នី ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់កូនៗគាត់

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 2:52 PM | បទយកការណ៍ | 0 | 1835 អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ

«ចង់ឲ្យម៉ាក់មកវិញហើយជួបជុំគ្នាជាមួយប្អូន។ កាលមាក់នៅ ខ្ញុំដេកអោបម៉ាក់ ហើយក៏ពេលអត់ពីម៉ាក់ទៅខ្ញុំដេកអោបខ្នើយអោប ហើយនឹកម៉ាក់»។

នេះជាការរៀបរាប់របស់កូនស្រីសកម្មជនដីធ្លីដ៏លេចធ្លោម្នាក់ដែលម្ដាយគេកំពុងជាប់ពន្ធនាគារ។ កុមារី អ៊ួគង់បញ្ញា អាយុ១៣ឆ្នាំ រៀបរាប់ពីផលលំបាកនៅពេលម្ដាយរបស់នាងជាប់ពន្ធនាគាររយៈពេលជិត១ឆ្នាំមកនេះ។

និយាយទាំងទឹកមុខស្រពោន កូនអ្នកស្រី ទេព វន្នី បន្តថា ពេលម្ដាយមិននៅជាមួយនាងហាក់បាត់បង់អ្វីៗទាំងអស់ ហើយពួកគេក៏មិនចង់ទៅរៀន និងលែងចេញទៅខាងក្រៅដូចមុនៗដែរ។ កុមារីរូបនេះរៀបរាប់ថា អត់ពីម្ដាយទៅ មានការលំបាក ដោយត្រូវដាំបាយធ្វើម្ហូប មើលថែទាំប្អូន និងបោកសម្លៀកបំពាក់៖ «ឃើញគេមានមាក់ខ្ញុំចង់បានមាក់មកវិញដែរ ព្រោះអីខ្ញុំអត់ចេះរៀបចំខ្លួន ហើយខ្ញុំអត់ចេះមើលប្អូនទៀត។ ចឹងទៅភាគច្រើនខ្ញុំរៀបចំខ្លួនឯងទាំងអស់ ហើយប្អូនខ្ញុំមិនសូវបានរៀបចំឲ្យ ហើយឲ្យវារៀបចំខ្លួនដែរ»។

មាត់និយាយភ្នែកសម្លឹងទៅជុំវិញផ្ទះស្ងាត់ជ្រងំ មើលទៅមិនមានសូវមានរបៀបរៀបរយដូចផ្ទះគេផ្សេងនោះទេ កុមារីរូបនេះនិយាយថា ម្ដាយរបស់នាងតែងរៀបចំផ្ទះ រៀបចំសម្លៀកបំពាក់ឲ្យកូន រៀបចំបាយទុកឲ្យកូនៗបរិភោគមុនទៅសាលា និងពេលមកពីសាលារៀនវិញ ហើយពេលឈឺ ម្ដាយរបស់នាងតែងតែនៅក្បែរនឹងអោបនាងជានិច្ច។ ក្នុងទឹកមុខប្រពប់ស្រពោន កុមារី អ៊ួ គង់បញ្ញា បានរំលឹកដល់ថ្ងៃដែលតុលាការយកម្ដាយនាងពីពន្ធនាគារព្រៃសរមកបើកសវនាការ ថាជាថ្ងៃដែលនាងកំពុងដេកឈឺនៅមន្ទីរពេទ្យរងចាំម្ដាយ៖ «ខ្ញុំចង់ឲ្យគាត់មកមើលខ្ញុំដែរ ពេលខ្ញុំឈឺអីៗគាត់មើល ពេលគាត់អត់នៅចឹងទៅ អត់សូវមាននរណាជួយមើលខ្ញុំ គ្មានអ្នកណាជួយមើលទេ ពេលចឹងទៅពេលឈឺនឹកដល់គាត់ទៅអត់ចង់ញុំអីសោះ» ។

កុមារី អ៊ួ គង់បញ្ញា និយាយថារយៈពេលជិត១ឆ្នាំ បន្ទាប់ពីម្ដាយជាប់ពន្ធនាគារមក ការសិក្សារបស់នាងក៏បានធ្លាក់ចុះ ហើយនាងក៏លែងចង់ទៅរៀនទៀតដែរ។ ដៃជូតទឹកភ្នែក ហើយក្រឡេកទៅមើលរូបម្ដាយ មាត់និយាយរៀបរាប់ថា ការដែលម្ដាយនៅជាមួយគឺនាងមានភាពកក់ក្ដៅ ដោយសារតែម្ដាយរបស់នាងតែងតែនិយាយអប់រំ និងលើកទឹកចិត្តនាងរហូតដើម្បីឲ្យខំប្រឹងរៀន ហើយកុំគិតអ្វី ដោយឲ្យរៀនតែប៉ុណ្ណោះ ប៉ុន្តែពេលនេះម្ដាយគេមិនបាននៅជិតឡើយ៖ «គាត់ជួយពន្យល់និងជួយដាស់តឿនឲ្យខំប្រឹងមើលមេរៀនពេលជិតដល់ថ្ងៃប្រឡងចឹង។ គាត់ឲ្យខ្ញុំមើលមេរៀនឲ្យបានច្រើន ព្រោះជិតដល់ថ្ងៃប្រឡើងហើយ។ តាំងពីមាក់ចូលពន្ធនាគារមក រៀនអត់សូវចូលផង ហើយគ្រូដាក់ការងារអីចេះតែភ្លេចធ្វើរហូត ពេលខ្លះអង្គុយនឹកឃើញធ្វើ ពេលខ្លះនឹកអត់ឃើញទៅទុកចោល ព្រោះអីមកពីនឹកមាក់ពេក បានមកធ្វើម្ដងអត់»។

កុមារីរូបនេះថា ម្ដាយមិនទាន់ជាប់ពន្ធនាគារម្ដាយតែងជូននាងនិងប្អូនទៅសាលារៀន ដូចក្មេងដទៃទៀតដែរ   ប៉ុន្តែរយៈពេលជិត១ ឆ្នាំមកនេះ ម្ដាយមិនបានជូនពួកគេទៅសាលាទៀតឡើយ ដោយសារម្ដាយរបស់នាងត្រូវគេចាប់ដាក់គុក។ ​នាងនិយាយទៀតថា ទាំងរូបនាង និងប្អូនប្រុសពេលទៅសាលារៀន តែងតែត្រូវមិត្តរួមថ្នាក់និយាយចំអកឲ្យ ដោយសារគេចំអកបែបនេះ ធ្វើឲ្យប្អូនប្រុសសួរនាងថា ថ្ងៃណាគេឲ្យម្ដាយមកផ្ទះវិញ៖ «គាត់ប្រាប់ថាឲ្យជួយមើលប្អូនផង ហើយមើលអីរៀបចំខ្លួនឯង ហើយកុំឈ្លោះគ្នាថាបើគេថាអីឲ្យកុំខ្វល់ឲ្យធ្វើអត់ដឹងអត់ឈឺ ហើយណានិយាយអីកុំស្ដាប់ គិតតែពីខ្លួនឯងហើយខំរៀន​ណាថាម៉េចថាទៅ ហើយប្អូនសួរខ្ញុំ ខ្ញុំថាគាត់ជិតចេញមកវិញហើយចាំបន្តិចសិនទៅ»។

សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោក ចាន់ ពុទ្ធិស័ក្តិ ប្រាប់អ្នកសារព័ត៌មានវីអូឌីថា នៅចុងឆ្នាំ២០០៨ រដ្ឋាភិបាលផ្ដល់ដីសម្បទានសង្គមកិច្ចឲ្យក្រុមហ៊ុន ស៊ូកាកូអ៊ីន ធ្វើការអភិវឌ្ឍនៅតំបន់បឹងកក់ ពេលនោះក្រុមហ៊ុនបានបូមខ្សាច់បានចាក់ពន្លិចនិងបណ្ដេញពលរដ្ឋចេញពីភូមិ ហើយពេលនោះហើយដែលអ្នកស្រី ទេព វន្នី ចាប់ផ្ដើមចូលរួមធ្វើការតវ៉ាជាមួយប្រជាពលរដ្ឋ ដើម្បីទាមទារឲ្យម្ចាស់ក្រុមហ៊ុនដោះស្រាយបញ្ហានោះ។

នៅឆ្នាំ២០០៩ ក្រោយពីមិនមានដោះស្រាយ អ្នកស្រី ទេព វន្នី រួមទាំងអ្នកភូមិនៅតំបន់បឹងកក់ បាននាំគ្នាតវ៉ាកាន់តែខ្លាំង ពេលនោះពួកគាត់ក៏ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនយកទៅដាក់នៅស្នងការនគរបាលរាជធានីភ្នំពេញជាច្រើនលើក ដោយសារពួកគាត់នាំគ្នាតវ៉ា។

នៅថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០១២ ​អ្នកស្រី ទេព វន្នី  រួមទាំងស្ត្រី១២រូបនិងបុរសម្នាក់ទៀតដែលជាម្ចាស់ដីត្រូវបានអាជ្ញាធរយកទៅដាក់ពន្ធនាគារព្រៃសរអស់រយៈពេល១ខែ៣ថ្ងៃ។

បន្ទាប់ចេញពីពន្ធនាគារវិញ អ្នកស្រី ទេព វន្នី ត្រូវបានអតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ប្រគល់ពានរង្វាន់ «ជាស្ត្រីឆ្នើមមេ​ដឹកនាំ​ពិភពលោក» ។

នៅឆ្នាំ២០១៤អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនម្ដងទៀតហើយឃុំខ្លួនអស់រយៈពេល៥ខែ ពេលដែលអ្នកស្រីដឹកនាំ​ពលរដ្ឋផ្សេង​ទៀត ទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអភិបាលក្រុងភ្នំពេញដោះស្រាយបញ្ហាទឹកជនន់លិចភូមិពួកគេរស់នៅ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ អ្នកស្រី ទេព វន្នី ក៏ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនម្ដងទៀត ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប រួមទាំងទទួចឲ្យផ្តល់យុត្តិធម៌ជូន លោក កែម ឡី។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣។

​ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមជាតិ និងអន្តរជាតិ ចាត់ទុកការចាប់អ្នកខ្លួនអ្នកស្រី ទេព វន្នី នោះថាជារឿងនយោបាយ ហើយស្នើទម្លាក់បទប្រចោទទាំងនោះ។​

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ សកម្មជនដីធ្លីនៅតំបន់បឹងកក់បាននាំគ្នាយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការសហប្រជាជាតិ និងបណ្ដាស្ថានទូតនៃប្រទេសមហាអំណាច រួមទាំងម្ចាស់ជំនួយនានាប្រចាំនៅកម្ពុជា ដើម្បីស្នើឲ្យចូលរួមតាមដានករណីអ្នកស្រី ទេព វន្នី នៅពេលតុលាការបើកសវនាការ និងជំរុញទៅរដ្ឋាភិបាលឲ្យដោះលែងតំណាងពួកគេគឺអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពជួបជុំក្រុមគ្រួសារវិញ។

វិលមករក កុមារី អ៊ួ គង់បញ្ញា ជាកូនស្រីអ្នកស្រី ទេព វន្នី សកម្មជនដីធ្លី បានអង្វរឲ្យរដ្ឋាភិបាលនិងតុលាការដោះលែងម្ដាយនាងមកវិញ ហើយឈប់ចាប់ម្ដាយរបស់នាងដាក់គុកបន្តទៀត៖ «ខ្ញុំចង់ឲ្យតុលាការដោះលែងមាក់ខ្ញុំមកវិញ ព្រោះអីខ្ញុំនឹកមាក់ ហើយខ្ញុំចង់អោបមាក់ចង់មាក់នៅផ្ទះជាមួយខ្ញុំវិញ ជាមួយខ្ញុំជាមួយប្អូន ចង់ឲ្យមាក់មកវិញហើយចង់ឲ្យគាត់នៅជួបជុំគ្នាជាមួយខ្ញុំនិងប្អូន ខ្ញុំមិនចង់ឲ្យតុលាការចាប់ទៀតទេ»៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required