យោធា​ភូមា​រុះ​រើ​តំណែង​ធំៗ​ក្នុង​ជួរ​កង​ទ័ព ដើម្បី​ទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​ស៊ីវិល

កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា ប្រមុខកងទ័ពភូមា លោកឧត្ដមសេនីយ៍ មីន អ៊ុង លាំង បានរុះរើតំណែងមេបញ្ជាការធំៗនៅក្នុងជួរកងទ័ព កាលពីថ្ងៃសុក្រម្សិលមិញ ដែលឈានទៅបង្ហាញឲ្យឃើញថា កងទ័ពគឺជាដៃគូទទួលខុសត្រូវនៅក្នុងការផ្លាស់ប្ដូរប្រជាធិបតេយ្យក្នុងប្រទេសភូមា។

កាសែតថៃមួយនេះ ដែលបានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយបន្តថា មេបញ្ជាការផ្នែកស៊ើបការណ៍កងទ័ព លោកឧត្ដមសេនីយ៍ ម្យ៉ា ទុនអ៊ូ ត្រូវបានតំឡើងទៅជាអគ្គបញ្ជាការកងទ័ព ដែលជាតំណែងខ្ពស់លំដាប់ទី ៣ ហើយជាតំណែងដែលនឹងឈានទៅកាន់តំណែងប្រមុខកងទ័ព។

ការតែងតាំងនេះ បានកើតឡើងមិនយូរប៉ុន្មានក្រោយពីលោក មីន អ៊ុង លាំង សម្រេចបន្តកាន់តំណែងជាប្រមុខកងទ័ពរយៈពេល ៥ឆ្នាំទៀត និងហាក់បង្ហាញបំណងប្រមូលផ្ដុំអំណាច ខណៈដែលលោកបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់លោកស្រី អ៊ុងសាន ស៊ូជី។

ពួកយោធាបានគ្រប់គ្រងប្រទេសភូមាដោយប្រើកណ្ដាប់ដៃដែកអស់រយៈពេលជិត ៥០ឆ្នាំមកហើយ រហូតដល់របបនេះចាប់ផ្ដើមដើរចេញពីនយោបាយកាលពីឆ្នាំ២០១១ ហើយបើកផ្លូវឲ្យមានការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីខែវិច្ឆិកា ឆ្នាំមុន។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានយកឈ្នះគណបក្សសាមគ្គីភាពសហព័ន្ធ និងអភិវឌ្ឍន៍របស់ពួកយោធា នៅក្នុងការបោះឆ្នោត ហើយបន្តទៅបង្កើតរដ្ឋាភិបាលជាប់ឆ្នោតលើកដំបូង កាលពីដើមខែមេសាកន្លងមក៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ