គយកម្ពុជា​រក​បាន​​ជិត​៩០០​លាន​ដុល្លារ​ ​កើន​ឡើង​ជាង​១៩​ភាគរយ​នៅ​ឆមាស​ទី​១

រូបថត​បន្ទាប់​ពី​កិច្ច​ពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)​(រូបភាពពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា)

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ថ្លែងថា ស្ថាប័នរបស់លោកប្រមូលចំណូលបានជិត ៩០០លានដុល្លារ នៅក្នុងឆមាសទី ១ នៃឆ្នាំ២០១៦នេះ ដោយបានកើនឡើងជាង ១៩ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥កន្លងមក។

យោងតាមទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានប្រាប់ទៅគណៈប្រតិភូមកពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)កាលពីដើមសប្ដាហ៍នេះថា ស្ថាប័នរបស់លោកប្រមូលចំណូលគយ និងរដ្ឋាករបានជាង ៨៨៣លានដុល្លារ នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៦ ជាមួយកំណើន ១៩.៤ភាគរយ បើធៀបទៅនឹងឆមាសទី ១ ឆ្នាំ២០១៥កន្លងមក។

នៅក្នុងជំនួបនោះ លោក គុណ ញឹម អះអាងថា កំណើនចំណូលគយខ្ពស់បែបនេះ គឺជាលទ្ធផលនៃការកែលម្អការងារអភិបាលកិច្ច ការងារបច្ចេកទេសគយ ការអនុវត្តវិធានការជំរុញការអនុវត្តច្បាប់ និងកិច្ចសម្រួលពាណិជ្ជកម្ម។

ប៉ុន្តែ លោក គុណ ញឹម ថ្លែងថា កម្ពុជាបានខាតបង់ចំណូលគយជាង ៧០លានដុល្លារ នៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ហើយការខាតបង់នេះ ត្រូវបានព្យាករថានឹងកើនឡើងដល់ ១៥០លានដុល្លារ នៅក្នុងឆ្នាំ២០១៦ទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ