អាជ្ញាធរ​ថៃ​ដោះ​លែង​​អ្នក​ទោស​ជេរ​ប្រមាថ​​រាជ​វង្ស​ថៃ​៣​នាក់​

អ្នកទោសជេរប្រមាថរាជវង្សថៃដែលបាន​ដោះលែង(រូបភាពពីទីភ្នាក់ងារ​ព័ត៌មានបាង​កកប៉ុស្តិ៍)

ជនជាតិថៃ ៣នាក់ ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ថា បានប្រមាថរាជវង្សថៃនោះ ត្រូវបានដោះលែងពីមណ្ឌលកែប្រែ នៅបាងកក នៅថ្ងៃនេះ បន្ទាប់ពីជាប់ពន្ធនាគារចន្លោះពី ១ ទៅ ៨ឆ្នាំ។ នេះដោយយោងតាមការផ្សាយរបស់កាសែតបាងកក ប៉ុស្តិ៍។

កាសែតថៃមួយនេះ បានផ្សាយថា អ្នកស្រី តារាណី ចន្ទជើងសិល្បៈគុល ត្រូវបានតុលាការថៃ កាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ ពីបទជេរប្រមាថរាជវង្សថៃ ខណៈដែលអ្នកស្រី ផនធិប មង្គល ត្រូវបានតុលាការដាក់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្រោមការចោទប្រកាន់ថា បានរៀបចំឆាកសម្ដែងមានខ្លឹមសារប្រមាថរាជវង្សថៃ នៅឯសាកលវិទ្យាល័យធម្មសាស្ត្រ កាលពី ៣ឆ្នាំមុន។ ទោសរបស់អ្នកស្រី ត្រូវបានកាត់បន្ថយ ដោយសារអ្នកស្រីបានសារភាព។

ចំណែកឯអ្នកស្រី ទិត្យទីណាន់ កែវចន្ទ្រន្ទ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជេរប្រមាថរាជវង្ស ដោយបានសម្ដែងជាស្ដេចកាលពីឆ្នាំ២០១២។

ជម្លោះបានចាប់ផ្ដើមចាក់កាន់តែជ្រៅនៅក្នុងសង្គមថៃ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ដោយក្រុមប្រឆាំងបានរៀបចំឆាកសម្ដែងតូចៗ និងបានផ្សាយពីការជំទាស់របស់ពួកគេទៅនឹងរដ្ឋប្រហារយោធា និងរបៀបដែលប្រទេសថៃត្រូវបានគេគ្រប់គ្រង។

អ្នកស្រី តារាណី គឺជាម្នាក់ក្នុងចំណោមអ្នករិះគន់ ដែលចូលចិត្តប្រើរបៀបនិយាយត្រង់ៗ។

សម្ដីរបស់អ្នកស្រី តារាណី ត្រូវបានសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយគាំទ្ររាជានិយម លោក សុន្ធិ លឹមថងគុល ដកស្រង់នៅពេលអ្នកស្រីថ្លែងនៅក្នុងកម្មវិធីមួយលើទូរទស្សន៍របស់លោក សុន្ធិ។ បន្ទាប់មក ពួកយោធាបានដាក់ពាក្យបណ្ដឹងទៅលើអ្នកស្រី តារាណី។

អ្នកស្រីត្រូវបានតុលាការកាត់ទោសកាលពីឆ្នាំ២០១១ ឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ ចំណែកលោក សុន្ធិ ក៏ត្រូវបានតុលាការចោទប្រកាន់ក្នុងបទល្មើសតែមួយ ដោយសារបានដកស្រង់សម្ដីរបស់អ្នកស្រី តារាណី ដែលច្បាប់បានហាមឃាត់ចំពោះទង្វើបែបនេះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ