កម្ពុជា​បើក​ការ​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ​លើក​ទី១​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:27 AM | កំសាន្ដកីឡា | 0 | 1845

កាលពីថ្ងៃទី​​​២៦ សីហា ​​សហព័ន្ធ​​កីឡាយានយន្ត​កម្ពុជា ​បាន​បើកការប្រកួត​ប្រណាំង​ម៉ូតូថ្នាក់ជាតិ​​​យ៉ាងកក្រើក​នៅ​​លើទីលាន King Track Circuit ស្ថិតក្នុង​សង្កាត់ឃ្មួញ ​ក្នុងខណ្ឌសែនសុខ ដោយមានកីឡាករ​រហូត​ដល់​​​​៦៦រូប​ចូល​រួម។ ព្រឹត្តិការណ៍ត្រូវបានប្រកាសថា​នឹង​​​​​បញ្ចប់​​នៅល្ងាចថ្ងៃទី​​​២៧ សីហានេះ ដោយ​​​កីឡាករ​​ដែលនឹង​កាន់ពាន​ក៏​​នឹង​ក្លាយជាតំណាង​ប្រទេស​ដើម្បីមានឱកាស​​​ចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។

លោក ខៃ វណ្ណៈ អគ្គលេខាធិការសហព័ន្ធកីឡាយានយន្តកម្ពុជា បានអះអាងថាដោយ​មើលឃើញថាប្រទេសកម្ពុជា​​កាន់តែមាន​​អ្នកជំនាញប្រណាំង​​ម៉ូតូមិនផ្លូវការច្រើនឡើង ទើប​សហព័ន្ធសម្រេច​សហការជាមួយ​ទីលាន​ប្រណាំង​ម៉ូតូធំមួយនៅ​​ខណ្ឌសែនសុខ​ហើយ​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​ថ្នាក់​ជាតិ​នេះ​ឡើយ។

អ្នកជំនាញប្រណាំង​​ម៉ូតូសរុបរហូតដល់​​​៦៦​​​រូប ត្រូវបានសហព័ន្ធជ្រើសអោយ​ចូលរួម​ប្រកួត ដោយ​​​កីឡាករដែលចូលរួមប្រកួតទាំង​អស់ត្រូវបានបែង​ចែកជា​​​៤ប្រភេទ​ផ្សេង​គ្នា​ អាស្រ័យទៅតាមកម្លាំង​ម៉ូតូដែលអនុញ្ញាតិអោយចូលប្រកួត​​។ ​កម្លាំង​​ម៉ូតូដែល​​បានកំណត់សម្រាប់​ការ​ប្រណាំង​ម៉ូតូក្នុងព្រឹត្តិការណ៍នេះ រួម​មាន​​​កម្លាំងម៉ូតូ១១០cc, ១២៥cc, ១៥០cc និង​កម្លាំង​ធំជាង​១៥០cc ​។ ការប្រកួត​នេះ​លោក​ថាជាលើកដំបូង​សម្រាប់ការជ្រើស​ជើងឯក​ថ្នាក់ជាតិ​ក្នុងប្រភេទកីឡាប្រណាំងម៉ូតូ ​ដោយ​កីឡាករដែល​​​បាន​ចូលរួម​សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្ដិ៍យ៉ាងម៉ត់ចត់មុន​នឹងអនុញ្ញាតិអោយ​ចូល​ប្រកួត​ដណ្ដើមពាន​ និងមេដាយ​ក្នុងព្រឹត្តិការណ៍នេះ។

ការប្រកួតនេះមានរយៈពេល​​២ថ្ងៃ​ពេញ គឺ​​ថ្ងៃទី​​២៦ និង​​២៧​​សីហា ​ដោយ​​​កីឡាករដែលឈ្នះ​ការប្រកួត​ក្នុងថ្ងៃ​ទី​​​​១ និង​បន្ត​ប្រកួត​ប្រជែងក្នុងថ្ងៃទី​២នេះ​បន្តទៀត ដើម្បីស្វែងរកជើងឯក​ប្រចាំប្រទេស​​។

ការប្រកួតដែលបានធ្វើឡើងត្រូវ​គេឃើញ​​​​​​មានការ​​​ប្រឹង​ប្រែងពីសំណាក់​កីឡាករដែលបានចូលប្រកួត​យ៉ាង​ខ្លាំង បើទោះជាមាន​កីឡាករខ្លះភ្លាត់ដួល​​​នៅ​​លើ​​​​​ទីលាន​ហើយមានរបួស​តិចតួច។ ​យ៉ាងណាមិញ កីឡាករ​​ម្នាក់ៗ​​​មិន​មាន​របួសជាដុំកំភួននោះទេ ដោយសារតែ​គ្រប់រូបកីឡាករទាំងអស់​សុទ្ធតែបាន​​ស្លៀកពាក់ដោយ​​​ខោអាវសម្រាប់អ្នកប្រណាំង​ម៉ូតូ ​​​ដែល​​អាចការពារ​​​​ការដាច់រលាត់ ឬ​​​ការបោក​ទង្គិច​បាន។ លោកថា​នេះជាការ​ប្រកួតថ្នាក់ជាតិលើកដំបូង ​​ដោយការប្រកួត​នេះ​​​គិតរាប់​​​កីឡាករដែល​បាន​ចាប់​អារម្មណ៍ចូលប្រកួត​គឺមាន​រហូត​ដល់​​ខ្ទង់រយ​ឯណោះ ទម្រាំជម្រុះ​​​យកបានតែ​៦៦រូប​អោយឡើងប្រកួត​​​​ប្រជែង។

កន្លងមកលោកថា​​​​​ប្រទេសកម្ពុជាធ្លាប់តែមានតែការប្រកួត​​​​ប្រណាំង​ម៉ូតូនៅលើទីលាន​មិន​មាន​ស្ដង់ដារ និង​មិន​មាន​ការ​ទទួលស្គាល់​​​ពីសំណាក់​​សហព័ន្ធ​តែ​​ប៉ុណ្ណោះ ទើប​លោក​​ចាត់ទុកថា​នេះជា​ការ​ប្រកួតទ្រង់ទ្រាយធំលើកដំបូង ដែលកម្ពុជា​​មានលទ្ធភាព​រៀបចំ​ការប្រកួតថ្នាក់ជាតិសម្រាប់ព្រឹត្តិការណ៍​ប្រកួត​ប្រណាំងម៉ូតូ​ ដែលការប្រកួត​​មួយនេះ​ក្រោយការ​​​បញ្ចប់បាន​មួយថ្ងៃកាលពីថ្ងៃ​ម្សិលមិញ គឺ​​ទទួល​បានលទ្ធផល​ក្នុងការរកឃើញកីឡាករ​ដែលបានឈានឡើង​​ទៅវគ្គ​​បន្ត​​​​​​ប្រកបដោយ​​សមត្ថភាព​គួរ​អោយកោតសរសើរ។

ព្រឹត្តិការណ៍មួយ​នេះ នឹង​ជម្រើស​យក​​​​​កីឡាករ​​​អោយជាប់ចំណាត់ថ្នាក់​សម្រាប់​​ប្រភេទ​​កម្លាំង​​ម៉ូតូដែលបានកំណត់​​​ក្នុងមួយ​​​កម្រិត​​៣នាក់ ​​​ដែលលោកបញ្ជាក់ថាក្រោយចប់ការប្រកួត​​​កម្ពុជានឹងមាន​កីឡាករ​​ជម្រើសជាតិ​​ចំនួន​​១២នាក់ ​សម្រាប់ប្រភេទកម្លាំង​​ម៉ូតូទាំង​​​៤ប្រភេទ។ ក្នុងនោះ​កីឡាករដែលនឹងឈ្នះ​ជើងឯក ក៏ត្រូវ​​​បង្វឹក​អោយកាន់តែល្អ ដើម្បី​​ត្រៀមបញ្ជូនអោយចេញប្រកួតក្រៅស្រុក​ផងដែរ  បន្ទាប់ពីកម្ពុជាទើប​នឹងត្រូវបានទទួលស្គាល់ជាសមាជិក​​របស់​កីឡាយានយន្ត​អន្តរជាតិ ​និង​ទើបត្រូវបាន​ទទួលស្គាល់ជាសមាជិក​កីឡាប្រណាំង​​​​​​​​ម៉ូតូ​អន្តរជាតិកាលពីពេលថ្មីៗ។ លោករំពឹង​យ៉ាង​ខ្លាំង​ថា​កម្ពុជានឹងមានការឈានឡើង​​ក្នុងវិស័យប្រណាំង​ម៉ូតូ បើទោះជាកម្ពុជាទើបតែមាន​លទ្ធភាព​ជ្រើសរើសជើងឯក​​ថ្នាក់ជាតិលើកដំបូងនៅក្នុងពេលនេះ។

មកទល់សព្វថ្ងៃលោកថាប្រទេសកម្ពុជាមាន​អ្នកជំនាញខាងប្រណាំងម៉ូតូប្រហែលជា៣០០​នាក់ ​​​​ហើយដោយ​មើលឃើញពីការ​រីកចំរើនមិនផ្លូវការនេះ​ហើយ ទើប​សហព័ន្ធយានយន្តកម្ពុជាត្រូវបានបង្កើតឡើង និង​សម្រេច​​បង្កើតការប្រកួតថ្នាក់ជាតិមួយនេះ ដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដ​តំណាង​​សហព័ន្ធ ឬតំណាង​ប្រទេស។

លោកគង់ ធារ៉ា ជាអ្នករៀបចំ​ព្រឹត្តិការណ៍នៅលើទីលាន King Track ​បានអះអាងថា​ ​​​ទីលាន​ដែល​​បាន​ប្រើប្រាស់ក្នុង​ប្រកួត​​​​​ថ្នាក់ជាតិ​លើ​​​​​​អាជីព​ប្រណាំង​ម៉ូតូ​​លើកនេះ ត្រូវ​​បាន​វិនិយោគ​អស់​​​ទឹកប្រាក់ប្រមាណជាជិត៤លានដុល្លារសហរដ្ឋអាមេរិក ​ទើប​​​​​​​​កន្លែងដែល​ត្រូវបានជ្រើស​យកមកប្រើជាកន្លែង​​ប្រណាំងម៉ូតូនេះ មានស្ដង់ដារមិនខុសពី​​​​​ការប្រកួតនៅក្រៅប្រទេស។ ធៀបនឹងទីលានប្រណាំងម៉ូតូនៅក្នុងប្រទេសថៃលោកថាចាញ់​​​កម្រិតរបស់គេ ប៉ុន្តែ​បើធៀប​នឹង​ទីលាន​ប្រណាំង​ម៉ូតូក្នុងប្រទេសម៉ាឡេស៊ីគឺមិនខុស​គ្នាទេ​ ទាំង​ទំហំ និងស្ដង់ដារ ​​​​​​ ដោយសារតែ​ទីលាននេះត្រូវបាន​សាង​សង់តាម​ខ្នាត និង​​ស្ដង់ដារ​ទាំងស្រុង​​របស់​​ប្រទេសម៉ាឡេស៊ី។ ក្រោយបញ្ចប់ការរប្រកួត​ទីលាន​គ្រោងពង្រីក​​អោយដល់​៦ហិកតា និង​​បន្តពង្រីកអោយដល់​៤០ហិកតា ​ដើម្បី​​​​អោយ​ទីលានប្រណាំង​ម៉ូតូ​​នៅក្នុងប្រទេសកម្ពុជាកាន់តែមានលក្ខណៈជាអន្តរជាតិ។

លោកអះអាងថា​​ចំណាត់ថ្នាក់​​​​លេខ​១​​ក្នុងប្រភេទនីមួយៗ​ ទទួលបានទឹកប្រាក់​​​​​១ពាន់ដុល្លារ ​អមដោយ​ពានមួយ ​​និង មេដាយមាសមួយ ខណៈដែលលេខ២ និងលេខ៣ ទទួលបាន​តែមេដាយប្រាក់ ឬសំរិទ្ធិ ​និងប្រាក់រង្វាន់​។ ​ក្នុងនោះ​​​អ្នកឈ្នះ​ពីព្រឹត្តិការណ៍មួយនេះ ក៏ត្រូវ​បង្វឹក​អោយខ្លាំង​ដើម្បីក្លាយជាធនធាន​​​ពេញ​លេញប្រចាំសហព័ន្ធផងដែរ ដើម្បី​​​ងាយស្រួលបញ្ជូនពួកគេទៅប្រកួតនៅក្រៅប្រទេសក្នុងពេល​​​​ខាងមុខ៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required