GDP ស្នើរឲ្យរដ្ឋាភិបាលបន្ធូរបរិយាកាសនយោបាយ

គណបក្សប្រជាធិបតេយ្យមួលដ្ឋាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​(GDP)បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ​ឲ្យ​ល្អ​ឡើងវិញ​ ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ខាង​មុខ​ គ្មាន​ការ​គាបសង្កត់​ និង​វាយ​ប្រហារ​លើ​បក្សនយោបាយ​ផ្សេងៗ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌​នៅ​សមាជជាតិ​លើកទីមួយ​របស់​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​នា​ថ្ងៃទី ២៧ ខែ សីហា​នេះ ​ប្រធានគណបក្ស​លោក យ៉េង វិរៈ ​សម្ដែង​ការ​ព្រួយបារម្ភ​ សម្រាប់​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដោយ​ថា​ជា​បរិយាកាស​នយោបាយ​នេះ​មិន​ល្អ​ ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពិត​។

លោក​យ៉េង វិរៈ ​លើក​ឡើង​ថា​៖ « បរិយាកាស​នយោបាយ​បែប​នេះ​ដែល​យើង​ព្រួយបារម្ភ​ និង​សំនូមពរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ​បរិយាការ​នេះ​ឲ្យ​ល្អ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​»​។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ​អ្នក​នាំ​ពាក្យ​គណកបក្ស​កាន់អំណាច​ លោក​ សុខ ឥសាន ​មាន​ប្រសាសន៍​ថា​ ស្ថានភាព​បច្ចុប្បន្ន​មិនមានការរឹតត្បិតនោះទេ មានតែការ ពង្រឹង ការអនុវត្តច្បាប់នៅក្នុងប្រទេស ។ លោក​ថា​ការ​ស្នើ​សុំ​យ៉ាង​ណា​ ដែល​ផ្ទុយ​នឹង​គោល​ការណ៍​ នៃ​ច្បាប់​មិន​អាច​ទៅ​រួច​ទេ​។

លោក​ សុខ ឥសាន​ បន្ថែម​ថា​ បើ​គណបក្សនយោបាយ​ ណា​ដែល​យល់​ ថា​បរិយាកាស​ នៃ​ការ​បោះឆ្នោត​ខាង​មុខ​ មិន​ត្រឹម​ត្រូវ​ និង​អយុត្តិធម៌​ កុំ​ចូល​រួម​ប្រកួតប្រជែង​ ព្រោះ​លោកថា​ មាន​ គណបក្សនយោបាយ​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង​ហើយ​។

ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​រង​ការចោទ​ប្រកាន់​ពី​សហគមន៍ជាតិ​ និង​ អន្តរជាតិ​ថា​ មាន​សភាព​មិន​ល្អ​បន្ទាប់​ពី​មាន​ការ​បិទ​អង្គការ​អន្តរជាតិ ​NDI ​ព្រមាន​បិទ​កាសែត​ Cambodia Daily ​ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​ផ្សាយបន្ត​ផ្ទាល់​ពី​សារព័ត៌មាន​ប្រជាធិបតេយ្យ​ឯករាជ្យ ​VOD ​និង​សារព័ត៌មាន​បរទេស​ផ្សាយ​ជា​ភាសាខ្មែរ​ RFA​ និង​ VOA​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ