សមត្ថកិច្ច៖ ភ្លើងប្រច័ណ្ឌ នាំឲ្យបងបង្កើត ខៀវ​​ សានសាណា និង​​​ភរិយា ​​​​​​ស្លាប់​​ក្នុងថ្លុកឈាម

លោក ខៀវ ​កូនែល និង ភរិយា កាលពីពេលកន្លងទៅ (រូបភាពហ្វេសប៊ុក)

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​​​ បន្ទាប់ពីមានការ​ហេតុការបាញ់ប្រហារ​​​​​​​​​​​​​​​​បណ្ដាល​​ឲ្យស្លាប់ទាំង​ពីរ​​នាក់​​​ប្ដីប្រពន្ធនៅ សង្កាត់​​​បឹងទំពុន ក្នុងខ័ណ្ឌមានជ័យ ​ដោយ​​ជន​រងគ្រោះ និង​​ជនបង្កហេតុ គឺជាបងប្រុស​​បង្កើត និងជាបងថ្លៃរបស់​​​​ពិធីការិនី ខៀវ សានសាណា។ នេះ ជាឃាតកម្ម ដែលត្រូវបានសមត្ថកិច្ច​បញ្ជាក់ជាព័ត៌មានបឋមថា ​​​​ផ្ទុះ​​​​​ការបាញ់ប្រហារ ​ដោយសារតែ​​ខាងប្រុស គឺបង​ប្រុស​​អ្នកនាង ខៀវ សានសាណា ​ប្រច័ណ្ឌ​ភរិយា ​​ហើយដោយមានជម្លោះជាមួយ​នឹង​គ្នាខ្លាំង​​ៗផង ក៏​​​បាញ់​​សម្លាប់ភរិយានៅនឹង​កន្លែងតែម្ដង។

​​​សមត្ថកិច្ច​​បន្តថា ​​​​​​​​ក្រោយការបាញ់ប្រហារ​​បណ្ដាលឲ្យភរិយា​​ស្លាប់ ​​​​​​​​​​​​បង​ប្រុសរបស់​​អ្នកនាង ​ខៀវ សានសាណា ក៏បាញ់​​សម្លាប់ខ្លួន​​​ឯងតែភ្លាមៗ បណ្ដាលឲ្យស្លាប់នៅនឹង​កន្លែង ចំណែក​​ភរិយា​​​​​ត្រូវគេ​​សង្ស័យ​ថា នៅមានដង្ហើម​​ហើយ​បាន​ដឹក​​ទៅសង្គ្រោះបន្ទាន់នៅ​​មន្ទីរពេទ្យ ហើយ​បានស្លាប់​នៅតាម​​​​​ផ្លូវ។ ​

នេះជាហេតុការណ៍ឃាតកម្មមួយ ដែលធ្វើអោយ​ផ្អើល​​យ៉ាងកក្រើក​​ហ្វេសប៊ុក កាលពី​យប់ថ្ងៃទី២៧សីហា ​ដែលព័ត៌មានបឋមថា កើតឡើងដោយហេតុ​​​ផលនៃ​ភ្លើងប្រច័ណ្ឌ និងជម្លោះដែលនាំឲ្យបងប្រុសអ្នកនាង​ ខៀវ សានសាណា​ ឈានទៅ​​បង្ក​​​​ឃាតកម្ម និងធ្វើអត្តឃាតនោះ។ ប៉ុន្តែ នៅមិនទាន់មានការ​បញ្ជាក់​​លម្អិតនៅឡើយទេ។

លោក ហួរ ម៉េងវ៉ា អធិការរងខ័ណ្ឌ​​​មានជ័យ បាន​ថ្លែងប្រាប់បណ្ដាញ​​​សារព័ត៌មានថា ​ហេតុការណ៍ ដែលនាំ​​​​​​​​​​មាន​ឃាតកម្ម​​​បាញ់​សម្លាប់ប្រពន្ធនោះ គឺបណ្ដាលមកពី​​​​​​​​​​​លោក ​ខៀវ កូនែល ​​ជាកូនប្រុសរបស់​​​លោក ខៀវ កូឡា ​និងត្រូវជាបង​ប្រុសរបស់អ្នកនាង ខៀវ សានសាណា ផ្ទុះ​ភ្លើងប្រច័ណ្ឌ ​​​ហើយបណ្ដាលឲ្យមានជំលោះធ្ងន់ធ្ងរ។

ហេតុការណ៍នោះ លោកថា បានកើតមានឡើង​​​នៅ​ក្បែរ​បុរី​​​​៩៩៩ ​នៅក្នុង​​​សង្កាត់បឹងទំពុន តែចំពោះ​​​​​​ករណីថា តើមុន​​​មានការ​​​​​បាញ់​​​ប្រហារ តើ​​​​ប្ដី​ប្រពន្ធមួយគូ​នេះ ​​ឈ្លោះគ្នា​​ព្រោះតែប្រច័ណ្ឌរឿងអី​ លោកថា មិនទាន់​​​អាចបញ្ជាក់បានទេ។ លោកថា ​​​ផ្អែកតាម​អង្គ​​ហេតុ គឺលោក​ ខៀវ ​កូនែល បានបាញ់សម្លាប់ប្រពន្ធ តែ​​ប្រពន្ធនៅមិនទាន់បានស្លាប់​​ភ្លាមៗនោះ​ទេ គឺបានស្លាប់នៅតាមផ្លូវ ពេលដឹកទៅ​សង្គ្រោះនៅ​​​ឯមន្ទីរពេទ្យ។

ដោយឡែក​​សម្រាប់ លោក ​ខៀវ ​កូនែល លោក ហួរ ម៉េងវ៉ា មានប្រសាសន៍ថា ​​​ក្រោយពី​បាញ់សម្លាប់​​ភរិយា​ ក៏​​បាញ់ខ្លួនឯង នៅចំ​កន្លែងសំខាន់​បណ្ដា​​លឲ្យស្លាប់នៅ​នឹង​កន្លែង។ ​សព​ទាំង​​​​២នាក់ប្ដីប្រពន្ធ ត្រូវ​បាន​ដឹក​​មកតម្កល់​ទុក​ក្នុងផ្ទះ ​ដែលជាកន្លែងកើតហេតុ ដោយ​ភ្លាមៗ បន្ទាប់ពី​​​ដឹកសព​​ភរិយា​​​​មកតម្កល់ក្នុង​​ផ្ទះ គឺក្រុម​​​សមត្ថកិច្ច​​បាន​​បិទទ្វារ​​ផ្ទះ មិនឲ្យមានការ​​​​​​ចូល​​ថតនោះទេ។ ​​

គួរបញ្ជាក់ថា​​ លោកថា ​លោក ​​​ខៀវ កូនែល គឺជា​ក្មួយ​បង្កើតរបស់​​នាយឧត្តមសេនីយ៍ ​ខៀវ ​សុភ័គ ដែលជាអ្នកនាំ​​ពាក្យ​​​ប្រចាំ​ក្រសួង​មហាផ្ទៃ ​​ដោយ​​លោកមុនស្លាប់គឺមាន​តួនាទីជា​​អនុប្រធានការិយាល័យ​គណនេយ្យ និងជាជំនួយការផ្ទាល់របស់​​​​​លោក ឧត្តម​​សេនីយ៍ ​ជួន ​សុវណ្ណ ​ស្នង​​ការនគរបាលរាជធានីភ្នំពេញ។ មកទល់ពេលនេះ ​​ដំណឹង​​​មរណភាពរបស់​​​បង​ប្រុស និងបងថ្លៃ អ្នកនាង ខៀវ សានសាណា បានក្លាយជាប្រធាន​បទក្ដៅ​យ៉ាង​ខ្លាំង នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ