អង្គការ​២៧ជំរុញឲ្យលើកករណីសម្លាប់លោក កែម ឡី ពេលប្រជុំ អ.ស.ប

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អង្គការសង្គមស៊ីវិលចំនួន២៧ជំរុញឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដាក់បញ្ចូលបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការបាញ់សម្លាប់លោក កែម ឡី ទៅក្នុងរបាយការណ៍ដែលត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស (HRC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងកិច្ចប្រជុំស្អែកនេះ។

ក្នុងលិខិតមួយកាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំកម្ពុជា ដាក់បន្ថែមកង្វល់មួយចំនួនដូចជាសេរីភាពបញ្ចេញមតិនិងការប្រមូលផ្ដុំ ទៅក្នុងរបាយការណ៍របស់លោកស្រីដែលគ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស (HRC) នៅថ្ងៃទី២៨ ខែកញ្ញា។ បន្ថែមពីលើនេះទៀត អង្គការទាំង២៧បានសំដែងការខកចិត្តយ៉ាងខ្លាំង ដោយថា លោកស្រី Rhona Smith មិនបានសំគាល់ពីករណីឃាតកម្មលើអ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី ទៅក្នុងរបាយការណ៍របស់លោកស្រី។

អង្គការសង្គមស៊ីវិលបានស្នើឲ្យលោកស្រី Rhona Smith លើកឡើងអំពីការឃុំខ្លួនដែលប៉ះពាល់ដល់តួនាទីយែនឌ័រ គឺបុគ្គលិកសមាគមអាដហុក លោកស្រី លីម មុន្នី និងសកម្មជនការពារដីធ្លីសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី។ លើសពីនេះទៀត ក្រុមអង្គការក្នុងស្រុកទាំងនេះក៏ស្នើឲ្យលោកស្រី Rhona Smith លើកឡើងពីការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា, លោក យី សុខសាន្ដ, លោក ណៃ វ៉ាន់ដា និងមន្ត្រី គ.ជ.ប លោក នី ចរិយា។

ក្រុមអង្គការសង្គមស៊ីវិលក៏បានសុំឲ្យគិតគូផងដែរពីការដាក់ពន្ធនាគារនិស្សិត គង់ រាយ៉ា ដែលត្រូវបានចាប់ខ្លួន ដោយចោទថា “ប៉ុនប៉ងធ្វើបដិវត្តន៍”ប្រឆាំងរដ្ឋាភិបាល ព្រមទាំងឲ្យលើកឡើងពីការឃុំខ្លួនសកម្មជនគណបក្សប្រឆាំងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ