ក្រុមតារា​សិល្បៈប្រគល់​​​ថវិកាជិត​​​៥ពាន់​ដុល្លារ​​​​​​ដល់មន្ទីរពេទ្យគន្ធបុប្ផា

ក្រុមតារា​សិល្បៈប្រគល់​​​ថវិកាជិត​​​៥ពាន់​ដុល្លារ​​​​​​ដល់មន្ទីរពេទ្យគន្ធបុប្ផា (ដោយ វង្ស សុម៉ាលីន)

តារាសិល្បៈយ៉ាងច្រើនកុះករបានជុំគ្នានៅបរិវេណមន្ទីរពេទ្យគន្ធបុប្ផាទី៤ ជិតវត្តភ្នំកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ដើម្បីប្រគល់ថវិកាប្រមាណជិត៥ពាន់ដុល្លារ ដែលបានពីការច្រៀងរាំរ៉ៃអង្គាសនៅសកលវិទ្យាល័យន័រតុន។ នេះជាថវិកាដែលទទួលបានពីព្រឹត្តិការណ៍ដើរលើកំរាលព្រំពីសំណាក់តារាល្បីៗ បន្ទាប់ពីតារាទាំងអស់ដែលចូលរួមជួយសុទ្ធតែបានច្រៀងរាំនិងដើរបង្ហាញម៉ូដនៅក្រោមដំណក់ទឹកភ្លៀងកាលពីថ្ងៃទី១៧ ខែកញ្ញា។

កញ្ញា ស៊ុន សោភា តំណាងសកលវិទ្យាល័យន័រតុនបានអះអាងថា ដោយសារតែការរៀបចំព្រឹត្តិការណ៍ដើរលើកំរាលរបស់តារាល្បីៗត្រូវបានរំខានដោយភ្លៀង ទើបការប្រមូលថវិកាទទួលបានតែ៤ ៦៩៤ដុល្លារអាមេរិក ដែលថវិកាទាំងនេះគឺមួយផ្នែកបានពីការតាំងស្ដង់ក្នុងពេលប្រគំតន្ត្រី មួយផ្នែកបានពីនិស្សិតដែលប្រឹងជម្នះភ្លៀងមកទស្សនា និងមួយផ្នែកទៀតបានពីការបរិច្ចាគពីសំណាក់តារាសិល្បៈនិងពីនិស្សិតតាមផ្នែករបស់សាកលវិទ្យាល័យន័រតុនទាំងមូល។

កញ្ញា ស៊ុន សោភា បន្តថាព្រឹត្តិការណ៍ដែលបានរៀបចំគឺការចាត់ចែងរបស់និស្សិតពេទ្យនៅសាលាន័រតុន។ ក្នុងនោះតារាសិល្បៈដែលមានវត្តមានសុទ្ធតែតារាល្បីៗ ក៏ដោយសារតែការសហការដោយស្ថាបនិកក្រុម «គ្រួសារតារាកម្ពុជា» ដែលជាអ្នកចាត់ចែងផងដែរ ទើបការប្រគំតន្ត្រីនិងព្រឹត្តិការណ៍ដើរលើកំរាលព្រំរបស់តារាល្បីៗ ត្រូវបានបញ្ចប់ដោយជោគជ័យ។

យ៉ាងណាមិញ កញ្ញាបានបង្ហាញអារម្មណ៍ខកចិត្តដោយសារតែការរៀបចំត្រូវបានរំខានដោយភ្លៀង ហើយបណ្ដាលឲ្យចំនួនអ្នកទស្សនាដែលរំពឹងថានឹងច្រើនម៉ឺននាក់ បែរជាមានចំនួនតិចតួចនាំឲ្យការរ៉ៃអង្គាសថវិកាទទួលបានមិនច្រើន។

កញ្ញាបានឲ្យដឹងទៀតថា ក្ដីរំពឹងថាប្រមូលបានយ៉ាងហោច១ម៉ឺនដុល្លារគឺបានទទួលត្រឹមតែជាង៤ពាន់ដុល្លារ។ ទោះជាយ៉ាងណា កញ្ញា ស៊ុន សោភា នៅតែចាត់ទុកថាជោគជ័យ បើទោះបីមានភ្លៀងរំខានតាំងពីដើមរហូតដល់ចប់ ក៏តារាសិល្បៈនៅតែបន្តសម្ដែង ហើយការរ៉ៃអង្គាសថវិកាក៏នៅតែបន្ត។

លោក ចំរើន អ៊ីទ័រ តំណាងនិស្សិតពេទ្យន័រតុនបានអះអាងថា និស្សិតនៅក្នុងផ្នែកលោកនឹងសម្រេចរៀបចំព្រឹត្តិការណ៍កំរាលព្រំសប្បុរសធម៌នេះជាថ្មីម្ដងទៀតនៅអំឡុងខែប្រាំងឆ្នាំក្រោយ បន្ទាប់ពីស្ថាបនិកក្រុម «គ្រួសារតារាកម្ពុជា» ប្រកាន់ជំហរជួយរៀបចំនិងកៀរគរតារាសិល្បៈឲ្យធ្វើព្រឹត្តិការណ៍នេះម្ដងទៀត។

លោកនិយាយថា ព្រឹត្តិការណ៍ដែលរៀបចំឡើងបើធ្វើចំរដូវមិនភ្លៀង គឺមិនខ្វះអ្នកចូលទស្សនានោះទេ ហើយថវិកាពីការរ៉ៃអង្គាសក៏មិនតិចក្នុងកម្រិតក្រោម១ម៉ឺនដុល្លារនោះដែរ។ លោករំពឹងថាតារាសិល្បៈនឹងបន្តជួយដល់ព្រឹត្តិការណ៍សម្រាប់ឆ្នាំក្រោយ ដោយលោកប្រកាសថានិស្សិតពេទ្យនឹងធ្វើព្រឹត្តិការណ៍មួយនេះជាមួយក្រុម «គ្រួសារតារាកម្ពុជា» ជាលើកទី២និងធ្វើអោយជោគជ័យជាងនេះ ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។

កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងដែលស្ម័គ្រចិត្តជួយច្រៀងទាំងភ្លៀងក្នុងព្រឹត្តិការណ៍កំរាលព្រំ បានបញ្ជាក់ក្នុងពិធីប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំងដែលបានរួមចំណែកជួយសង្គមនិងបានប្រកាសថានាងទទួលច្រៀងបែបនេះដោយមិនគិតថ្លៃនោះទេ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងពេលបន្តបន្ទាប់។

នាងថាថវិកាចំនួន៤ ៦៩៤ដុល្លារ គឺជាអ្វីដែលបានកើតចេញពីកម្លាំងអ្នកសិល្បៈនិងអ្នករៀបចំ ហើយកញ្ញារំពឹងថាតារាសិល្បៈនឹងរួបរួមគ្នាធ្វើកម្មវិធីសប្បុរសបែបនេះកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ដើរលើកំរាលព្រំកាលពីថ្ងៃទី១៧ ខែកញ្ញា ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍បែបសប្បុរសធម៌ធំជាងគេតែមួយគត់ ដែលមានតារាយុវវ័យល្បីឈ្មោះយ៉ាងច្រើនកុះករចូលរួម។ ដោយឡែក សម្រាប់ការប្រគល់ថវិកាដែលទទួលបានជិត៤ ៧០០ដុល្លារ គឺមានតែតារាប្រមាណជាង១០រូបប៉ុណ្ណោះចូលរួម ដោយសារតែតារាភាគច្រើនជាប់ភារៈទៅកាន់បិណ្ឌនៅស្រុកកំណើតនិងជាប់ថតសម្រាប់ចេញបទចម្រៀងក្រោយភ្ជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ