ប្រជាជនឥណ្ឌូនេស៊ី​៥៣នាក់ត្រឡប់​ចូលស្រុកវិញក្រោយពីចូលរួមជាមួយISនៅស៊ីរី

ទីភ្នាក់ងារជាតិគ្រប់គ្រងភេរវកម្មឥណ្ឌូនេស៊ីថ្លែងកាលថ្ងៃពុធម្សិលមិញថា ប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន៥៣នាក់ បានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីពួកគេចូលរួមជាមួយពួករដ្ឋឥស្លាមនៅក្នុងប្រទេស៊ីរី ហើយពួកគេកំពុងរង់ចាំការជ្រើសរើសជាថ្មីទៀត។

ប្រធានទីភ្នាក់ងារជាតិគ្រប់គ្រងភេរវកម្មលោកឧត្តមសេនីយ៍ Suhardi Alius ថ្លែងថា បច្ចុប្បន្នពលរដ្ឋឥណ្ឌូនេស៊ីកំពុងចូលរួមជាមួយពួកក្រុម IS នៅស៊ីរីចំនួន៥០០នាក់ ហើយក្នុងនោះ ប្រមាណ៧០នាក់បានស្លាប់និង៥៣នាក់បានវិលត្រឡប់ចូលប្រទេសវិញ។ លោកបង្ហាញក្តីបារម្ភថា វាអាចប៉ះដល់អនាគតប្រទេស ហើយលោកបានពិភាក្សាបញ្ហានេះជាមួយប្រធានាធិបតី Joko Widodo។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។

លោក Suhardi បញ្ជាក់ថា ត្រូវតែមានការយកចិត្តទុកដាក់ឲ្យបានខ្លាំងមែនទែនចំពោះកុមារ ជាកូនពួកអតីតក្រុមសកម្មប្រយុទ្ធ ដែលប្រឈមនឹងការអូសទាញខ្លាំង ពួកគេអាចក្លាយជាអ្នកគ្រោះថ្នាក់ជាងឪពុកម្តាយពួកគេទៅទៀត។

លោក Suhardi ថ្លែងថា ក្រុមមនុស្សដែលងាយក្នុងការធ្លាក់ខ្លួនចូលជាមួយពួកក្រុម IS គឺពួកក្រុមអាយុពី១៥ទៅ៣០ឆ្នាំ ព្រោះក្រុមនេះសកម្មក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ខណៈបច្ចុប្បន្នក្រុម IS កំពុងស្វែងរកជ្រើសរើសសមាជិកតាមបណ្តាញទំនាក់ទំនងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ