ទណ្ឌិតដែលរត់គេចខ្លួនត្រូវចាប់បានមកវិញហើយ

មេចលនាក្បាលខ្លាដែលបានរត់គេចពីការឃុំខ្លួនកាលពីដើមខែតុលានេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីម្សិលមិញ នៅខេត្តសៀមរាប។

លោក សោម ឯក បានរត់គេចខ្លួនពីការអនុវត្តទោសនៅពេលដែលគាត់ត្រូវបានពន្ធនាគារបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីព្យាបាលជំងឺកាលពីថ្ងៃទី៨ តុលាកន្លងទៅ។ មន្ត្រីពន្ធនាគារ២រូប ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារដាក់ការសង្ស័យទៅលើករណីទណ្ឌិតរត់គេចខ្លួននេះ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បានប្រាប់វីអូឌីថាសមត្ថកិច្ចបានចាប់ខ្លួន លោក សោម ឯក នៅថ្ងៃទី២៦ តុលាម្សិលមិញ នៅខេត្តសៀមរាប។ លោកមិនអាចបញ្ជាក់បន្ថែមបានទេ ដោយអះអាងថា ដើម្បីរក្សាសុវត្ថិភាព ហើយករណីនៃការរត់គេចនេះ គឺកំពុងធ្វើការសាកសួរនិងស៊ើបអង្កេតនៅឡើយ។

ចំពោះករណីនៃមន្ត្រីពន្ធនាគារពីររូបដែលយាមនៅពេលដែលបណ្តាលឲ្យ លោក សោម ឯក រត់គេចខ្លួនបាននោះ លោក សាវនា បានអះអាងថានៅធ្វើការស៊ើបអង្កេតនិងសាកសួរនៅឡើយ។ បើតាមការសាកសួរ មន្ត្រីពន្ធនាគារទាំងពីររូបនោះថា ក្រុមគ្រួសារ លោក សោម ឯក បានផ្តល់អាហារឲ្យពួកគេមុនពេលដែល លោក សោម ឯក បានរត់គេចខ្លួន។

ប្រធានចលនារណសិរ្សរួបរួមជាតិ លោក សោម ឯក អាយុ៤៤ឆ្នាំ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ៤៦ឆ្នាំ៦ខែ ទាក់ទងនឹងបទសមគំនិតភេរវកម្មនិងប្រើគ្រឿងផ្ទុះនិងគ្រាប់រំសេវខុសច្បាប់និងការបណ្តុះបណ្តាលភេរវកម្ម។ លោកបានរត់គេចខ្លួនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីកាលពីថ្ងៃទី៨ តុលា បន្ទាប់ពីបានអនុវត្តន៍ទោសបានចំនួន៧ឆ្នាំ ៨ខែ និង២៥ថ្ងៃ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ