តុលាការបន្តឃុំមន្រ្តីសិទ្ធិមនុស្សនិងលោក នី ចរិយា ខណៈខ្វះភស្ភុតាងដាក់បន្ទុក

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

តុលាការបន្តឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុកចំនួន៤រូបនិងមន្រ្តី គ.ជ.ប ១រូបគឺ លោក នី ចរិយា ខណៈមេធាវីថាខ្វះភស្តុតាងដាក់បន្ទុក បើទោះជាបានចាប់ឃុំខ្លួនរយៈពេល៦ខែហើយក៏ដោយ។

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ទី២៧ តុលា ឆ្នាំ២០១៦នេះ បានបើកសវនាកាលើមន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ប៉ុន្តែបានសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីមានពេលស្វែងរកភស្ភុតាងដាក់បន្ទុកបន្ថែម។

មេធាវីការពារក្តីគឺ លោក សំ សុខគង់ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការបន្តឃុំខ្លួនកូនក្តីរបស់លោកនេះគឺធ្វើឡើងខុសនីតិវីធីច្បាប់និងប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិជនត្រូវចោទ។

លោកបន្ថែមថា៖ “ទី១ប៉ះពាល់ ប៉ះពាល់សិទ្ធិធ្ងន់ធ្ងរទៅលើសិទ្ធិជនត្រូវចោទហ្នឹង ដែលសិទ្ធិនេះធានាដោយកតិ្តកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ត្រង់មាត្រា១៤ដែលនិយាយថា សិទ្ធិជនជាប់ចោទ គឺសិទ្ធិទទួលបាននូវការជំនុំជម្រះដោយគ្មានការបង្អង់ពេលនិងបានឆាប់រហ័ស”។

លោក សំ សុខគង់ បន្ថែមថាតាមនីតិវិធីច្បាប់ បើតុលាការរកភស្ភុតាងដាក់បន្ទុកបន្ថែមមិនបានទេ គឺតុលាការត្រូវលើកលែងការចោទប្រកាន់ និងត្រូវដោះលែងពួកគេឲ្យមានសេរីភាពវិញ។

លោកបន្ថែមថា៖ “ពិនិត្យទៅលើនីតិវិធីច្បាប់ គឺមិនមានលក្ខណៈត្រឹមត្រូវទេ ដោយសារបទចោទឬក៏បទល្មើសនេះមិនមានភាពស្មុគស្មាញ ហើយក៏មិនមានឧបសគ្គអ្វីពាក់ព័ន្ធដល់ការស៊ើបសួររបស់ចៅក្រមស៊ើបសួរដែរ អញ្ចឹងរយៈពេល៦ខែនៃការឃុំខ្លួននេះ គឺថាគ្រប់គ្រាន់ដែលចៅក្រមស៊ើបសួរអាចនឹងរកភស្ភុតាងដាក់បន្ទុកឬដោះបន្ទុក ហើយបើសិនជាចៅក្រមស៊ើបសួររកភស្ភុតាងដាក់បន្ទុកមិនបាន ចៅក្រមស៊ើបសួរត្រូវតែប្រើឆន្ទានុសិទ្ធិមួយ គឺទំលាក់បទចោទឬលើកលេងការចោទប្រកាន់នេះទៅជនជាប់ចោទទាំងអស់មានសេរីភាពវិញ”។

ក្នុងមាត្រា២០៨នៃក្រមនីតិវិធីព្រហ្មទណ្ឌនិយាយថា ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែបានទេ។ ប៉ុន្តែនៅពេលផុតថេរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នម្តង៦ខែ ដោយដីកាមានសំអាងហេតុផលត្រឹមត្រូវនិងច្បាស់លាស់ ហើយចៅក្រមស៊ើបសួរអាចសម្រេចពន្យារការឃុំខ្លួនបណ្តោះអាសន្ននេះបានតែ២ដងប៉ុណ្ណោះ។

អតីតអគ្គលេខាធិការគណៈកម្មាធិការប្រព្រឹត្តកម្មនៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថាតាមផ្លូវច្បាប់ថា បើកាលណាផុតកំណត់ថេរវេលានៃការឃុំខ្លួនហើយនៅតែមិនអាចរកភស្ភុតាងដាក់បន្ទុកបាន គឺតុលាការត្រូវដោះលែងជនត្រូវចោទឲ្យមានសេរីភាពវិញ ហើយថាបើនៅតែបន្តឃុំខ្លួនទៀត គឺរំលោភសិទ្ធិជនត្រូវចោទទាំងនោះ។

លោកបន្ថែមថា៖ “បើគោលការណ៍ច្បាប់ហួសរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ហើយរកភស្ភុតាងដាក់បន្ទុកគេមិនបាន ត្រូវដោះលែង ជាគោលការណ៍ច្បាប់គឺអញ្ចឹង បើកាលណាឃុំបន្តទៀត អញ្ចឹងគឺខុសច្បាប់ចំ ហើយក៏រំលោភសិទ្ធិជនត្រូវចោទទាំងនោះដែរ”។

សូមបញ្ជាក់ថាមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីដើមខែឧសភាកន្លងទៅនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។

ចំណែកមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកផងដែរនោះក៏ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ