តុលាការកោះហៅចៅសង្កាត់រងបក្សប្រឆាំងនិងប្រធានសមាគមមួយទាក់ទងនឹងបាតុកម្ម

តុលាការខេត្ដបន្ទាយមានជ័យចេញដីកាកោះហៅប្រធានសមាគមមួយនិងចៅសង្កាត់រងប៉ោយប៉ែតមកពីគណបក្សប្រឆាំងឲ្យចូលឆ្លើយបំភ្លឺនៅដើមខែវិច្ឆិកាខាងមុខ ដោយចោទថាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ បន្ទាប់ពីមានបាតុកម្មរបស់កម្មអូសរទេះ នៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០១៥។

ប្រធានសមាគមពង្រីកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខេត្ដបន្ទាយមានជ័យ លោក ម៉ង់ ពុទ្ធី ប្រាប់VODវីអូឌីថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដបន្ទាយមានជ័យ លោក ឯក ប៉ូលីហ្វីល បានចេញដីកាបង្គាប់ឲ្យលោកចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១ ខែវិច្ឆិកា ដោយចោទថាញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋសមគំនិតធ្វើឲ្យខូចខាតដោយចេតនាក្នុងស្ថានទំងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ នៅច្រកទ្វារព្រំដែនអន្ដរជាតិក្រុងប៉ោយប៉ែត រឿងក្រុមកម្មករអូសរទេះធ្វើបាតុកម្ម កាលពីចុងខែឧសភា ឆ្នាំ២០១៥កន្លងមក។

លោក ម៉ង់ ពុទ្ធី បានបដិសេធការចោទប្រកាន់នេះ ដោយថាមន្ដ្រីសមត្ថកិច្ចនោះទេដែលប្រើហិង្សាលើកម្មករបណ្ដាលឲ្យរងបួសនិងសន្លប់ ដែលជាហេតុធ្វើឲ្យកម្មករផ្ទុះកំហឹងវាយបំផ្លាញទ្រព្យសម្បត្ដិរបស់រដ្ឋ។ លោកបន្ដថា៖ “ពួកអាជ្ញាធរសមត្ថកិច្ចក្រុងប៉ោយប៉ែត គឺជាអ្នកបញ្ឆេះកំហឹងហ្នឹងឡើង មិនមែនខ្ញុំនិងចៅសង្កាត់រងទី២ទេ ការចោទប្រកាន់របស់តុលាការមិនត្រឹមត្រូវទេ។ ធាតុពិត បើសិនតុលាការឯករាជ្យយុត្ដិធម៌ពិតប្រាកដ ត្រូវចាប់ឈ្មោះ ប៊ុន ណាំអៀង និង សំ សារ៉ាត់(មន្ដ្រីសមត្ថកិច្ច)មកដាក់គុកឲ្យបានជាដាច់ខាត ព្រោះមានបណ្ដឹងជនរងគ្រោះនិងមានភស្ដុតាងគ្រប់គ្រាន់“។

ចៅសង្កាត់រងទី២នៃសង្កាត់ប៉ោយប៉ែត្រមកពីគណបក្ស សម រង្ស៊ី ក៏ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយចោទប្រកាន់ទាក់ទងរឿងបាតុកម្មនោះដែរ។

ចៅសង្កាត់រងទី២ លោក ចៅ វាសនា មានប្រសាសន៍ថា លោកនឹងចូលបំភ្លឺតាមដីការបស់តុលាការ។ ប៉ុន្តែមន្ដ្រីបក្សប្រឆាំងដើមកំណើតខ្មែរកម្ពុជាក្រោមរូបនោះ ចាត់ទុកការចោទប្រកាន់នេះថា ជារឿងគំរាមកំហែង ខណៈដែលលោកជាអាជ្ញាធរមូលដ្ឋាន មានសិទ្ធិជួយដល់កម្មករធ្វើបាតុកម្មទាមទាររកយុត្ដិធម៌។ លោកបន្ថែមថា៖ “ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគ្មានតក់ស្លុតឬក៏បាក់ស្មារតីអីទេ ដោយសារតាមការចោទរបស់គាត់ គឺអត់មានត្រូវចោទអីម៉ាតិចទេ រាល់ការហៅមិនសមហេតុផលក្នុងនាមខ្ញុំជាអាជ្ញាធរ ហើយខ្ញុំមិនបានធ្វើអ្វីម្យ៉ាងដែលលោកចោទអត់មានសោះ“។

ករណីនេះ VOD មិនអាចទាក់ទងចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្ដបន្ទាយមានជ័យ លោក ឯក ប៉ូលីហ្វីល ដើម្បីសាកសួរបានទេ ដោយទូរសព្ទលោកគ្មានអ្នកទទួល។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដបន្ទាយមានជ័យ លោក ស៊ុម ចាន់គា មានប្រសាសន៍ថា ការកោះហៅនេះ ហាក់មានភាពលម្អៀងនិងគម្រាមកំហែងបក្សប្រឆាំង។ អ្នកការពារសិទ្ធិមនុស្សរូបនោះបន្ដថា ព្រឹតិ្ដការណ៍បាតុកម្មនៅខែឧសភា ឆ្នាំ២០១៥កន្លងទៅនោះ លោកថាអាជ្ញាធរក្រុងប៉ោយប៉ែត ជាអ្នកបញ្ជាឲ្យមានហិង្សាកើតឡើង ប៉ុន្ដែអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រូន បានសរសេររបាយការណ៍ចោទប្រកាន់និងទម្លាក់កំហុសលើសកម្មជនបក្សប្រឆាំងនិងប្រធានសមាគមនោះទៅវិញ។ លោកបន្ដថា៖ “ខាងបក្សសង្គ្រោះជាតិក៏ឃ្លាំមើល ខាងបក្សប្រជាជនក៏ឃ្លាំមើល ប៉ុន្ដែបែរជាគណបក្សប្រជាជនបានសរសេររបាយការណ៍មកខេត្ដ ដើម្បីថាអ្នកទាំងពីរហ្នឹងធ្វើឲ្យចលាចល ប៉ុន្ដែអ្វីដែលយើងសាកសួរទៅលើកម្មករ បាននិយាយថា អ្វីកើតឡើងមិនមែនអ្នកទាំងពីរនោះទេ គឺជាកើតឡើងចេញពីសំណាក់អភិបាលក្រុងដែលគេឃើញបញ្ជាសមត្ថកិច្ចទៅធ្វើបាបបាតុករ“។

VOD មិនអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដើម្បីសាកសួរករណីនេះបានទេ។

សូមបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ២០១៥កន្លងមក ក្រុមកម្មករអូសរទះរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យមន្រ្ដីគយនៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បញ្ចុះតម្លៃបង់ពន្ធទំនិញតាមរទេះ។ បាតុកម្មតវ៉ានោះបានប៉ះទង្គិចគ្នា បណ្ដាលឲ្យកម្មករម្នាក់សន្លប់និងរបួស៦នាក់ ខណៈមន្ដ្រីសមត្ថកិច្ច៣រូបរងបួសផងដែរ។ក្រោយពីមានហិង្សាកើតឡើង អាជ្ញាធរអះអាងថាមានអ្នកញុះញង់ឲ្យមានអំពើហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ