អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្រសួងកំពុងត្រួតពិនិត្យលើសំណើសុំលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន៥៦០រូប ក្នុងឱកាសនៃពិធីបុណ្យអុំទូកនៅឆ្នាំនេះ។
លោក កឹម សន្តិភាព បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំកាលពីម្សិលមិញរបស់គណៈកម្មការជាតិពិនិត្យបញ្ជីស្នើសុំលើកលែង និង បន្ធូរបន្ថយទោសបានពិនិត្យបញ្ជីស្នើសុំពីគណៈកម្មការថ្នាក់ខេត្តបានចំនួន១២ ក្នុងចំណោមសំណើ១៩ខេត្ត ហើយសំណើសេសសល់ នឹងពិនិត្យនៅថ្ងៃបន្ទាប់ទៀត។ លោកថា សំណើសរុបមានទណ្ឌិតចំនួន៥៦០រូប ក្នុងនោះមានស្ត្រីចំនួន៤៣រូប មកពីពន្ធនាគាររាជធានីខេត្តចំនួន១៩ និង មណ្ឌលអប់រំកែប្រែចំនួន៤។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានស្តីបន្ទោសចំពោះការលើកលែងទោសទណ្ឌិតថា ក្រោយការលើកលែងហើយសមត្ថកិច្ចចាប់បានមនុស្សដដែលនេះប្រព្រឹត្តខុសទៀត ទើបលោកតម្រូវឲ្យបញ្ជូនបញ្ជីរាយនាមឈ្មោះទណ្ឌិតទាំងនោះឲ្យលោកពិនិត្យឲ្យលម្អិតមុនដាក់ស្នើទៅព្រះមហាក្សត្រ។
ព្រះមហាក្សត្រលើកលែង និង បន្ធូរបន្ថយទោសឲ្យទណ្ឌិត៣ដងក្នុង១ឆ្នាំគឺថ្ងៃបុណ្យចូលឆ្នាំ បុណ្យវិសាខបូជា និង បុណ្យអុំទូក។