មេដឹកនាំយុវជនបក្សប្រឆំាងថាមិនបានទាមទារឲ្យដាក់ពិន័យកូនស្រីលោក កឹម សុខា

កញ្ញា កឹម មនោវិទ្យា (រូបភាពពីហ្វេសប៊ុកកញ្ញា កឹម មនោវិទ្យា)

មេដឹកនាំយុវជនបក្សប្រឆំាងបដិសេធថា មិនបានចេញលិខិតចំហទាមទារឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ ដាក់ពិន័យកូនស្រី លោក កឹម សុខា ដែលបានរិះគន់លោក សម រង្ស៊ី ករណីប្រធានគណបក្សរូបនេះបន្តរស់នៅក្រៅប្រទេសនោះទេ។

នេះជាការឆ្លើយតបទៅនឹងការផ្សាយរបស់សារព័ត៌មានមួយចំនួនដែលគំាទ្ររដ្ឋាភិបាល។

សារព័ត៌មានទាំងនោះ បាននាំគ្នាផ្សាយថា ក្រុមយុវជនគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយទាមទារឲ្យមានការដាក់ពិន័យលើកញ្ញា កឹម មនោវិទ្យា ដែលគេថា ហ៊ានរិះគន់និងចោទប្រកាន់ដល់ លោក សម រង្ស៉ី។

ប៉ុន្តែនៅលើហ្វេសប៊ុករបស់ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានបដិសេធថា សេចក្តីថ្លែងការណ៍នោះ ជាឯកសារក្លែងក្លាយ។ លោកបានថ្កោលទោសចំពោះជនទុច្ចរិតទំាងឡាយណា ដែលបានក្លែងឯកសារនេះ ក្នុងគោលបំណងញុះញុង បំបែកបំបាក់ និងមានចេតនា ធ្វើឲ្យសាធារណៈជនជាតិ និងអន្តរជាតិ ពិសេសយុវជនខ្មែរទូទៅមានការភាន់ច្រឡំ។

លោក ហ៊ីង សុខសាន្ត បានបន្ថែមថា សេចក្តីថ្លែងការណ៍នោះថា មានទម្រង់អក្សរ និងចំណុចសំគាល់មួយចំនួនមិនស្របតាមទម្រង់លិខិតផ្លូវការរបស់បក្សសង្គ្រោះជាតិនោះទេ។

លោកថា ៖ «ពេលយើងធ្វើលិខិតពីយុវជនយើងមានហ្វុនអក្សរ យើងមានហ្វុនសាយ ហើយគឺមានគ្រីសខ្ញុំ (លោក ហ៊ីង សុខសាន្ត) ហើយរបៀបទម្រង់នៃការចេញ យើងជាយុវជនរបស់គណបក្សយើងប្រើលេតធឺហេតរបស់គណបក្ស ក៏ប៉ុន្តែយើងមានសញ្ញាមួយរបស់យុវជន ប្រហែលជាមាននៅខាងក្រោយទម្រង់លេខនៃលិខិតអីមួយ យើងមានសញ្ញាសម្គាល់របស់យុវជន អ្នកណាបន្លំក៏អត់បានដែរ ខ្ញុំជាអ្នកសម្រេចក្នុងការចេញ ហើយបើទោះបីជាចេញផ្លូវការ ខ្ញុំសម្រេចចេញក៏ដោយ ខ្ញុំត្រូវឆ្លងយោបល់ទៅប្រធាន និងអនុប្រធានគណបក្សដែរ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី យល់ថា បើសិនជាកូនស្រីលោក កឹម សុខា រិះគន់មេដឹកនាំបក្សប្រឆំាងខ្លួនឯងក្នុងន័យជាបុគ្គល លោកថាក្នុងប្រទេសប្រជាធិបតេយ្យជាការល្អទៅវិញទេប៉ុន្តែអ្វីដែលលោកគួរឲ្យកត់សំគាល់នោះរដ្ឋាភិបាលមិនដែលទទួលយកការរិះគន់ពីមហាជន ដើម្បីការស្ថាបនានោះទេ។

លោកថា៖ «នៅក្នុងស្ថាប័នប្រជាធិបតេយ្យត្រូវតែហ៊ានលះបង់ ហើយមានភាពក្លាហានក្នុងការទទួលយកក្នុងការរិះគន់ ឥឡូវនេះយើងឃើញថា គណបក្សកាន់អំណាច គឺបញ្ហាធំត្រង់ថាគាត់មិនទាន់ទទួលយកការរិះគន់ពីអ្នកណាទំាងអស់នេះជារឿងសំខាន់ ប៉ុន្តែសម្រាប់ការតិះទៀន ឬការរិះគន់ដែលកូនលោក កឹម សុខា បានមកធ្វើមកលើលោក សម រង្ស៊ីនេះ បើសិនជាគាត់មិនមែនជាអ្នកនយោបាយនៅក្នុងឋានៈកំពូល ហើយគាត់ជាប្រជាពលរដ្ឋធម្មតា ដូចខ្ញុំជាអ្នកវិភាគ ឬដូចអ្នកណាផ្សេងទៀតគឺអាចនិយាយបាន ក៏ប៉ុន្តែសម្រាប់អ្នកដឹកនាំកំពូលគឺត្រូវតែមានកម្រិតណាមួយបង្ហាញនូវអាជីពនិងវិជ្ជាជីវៈ ហើយនឹងគុណតម្លៃច្បាស់លាស់សម្រាប់គណបក្ស»។

កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី ប្រកាសថា លោកនឹងវិលមកកម្ពុជាវិញឆាប់ៗដោយសុខចិត្តចូលគុកជំនួសអ្នកដែលកំពុងជាប់ឃុំ ប្រសិនបើរដ្ឋាភិបាលដោះដូរឲ្យមន្រ្តីសិទ្ធិមនុស្សនិងសកម្មជនបក្សប្រឆាំងមានសេរីភាពឡើងវិញ។

ក្រោយមកក៏មានបែកធ្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការជាស្រេច ដើម្បីទប់ស្កាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងឈានជើងជាន់ទឹកដីកម្ពុជាបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ