ពលរដ្ឋអាមេរិកដើមកំណើតគុយបា នៅថ្ងៃនេះ បានចេញស្រែកច្រៀងរាំតាមដងផ្លូវសាធារណៈនៅទីក្រុងម៉ៃអាមី ដោយស្រែកថា “សេរីភាព! សេរីភាព” ដែលជាការអបអរចំពោះមរណភាពរបស់មេដឹកនាំបដិវត្ដន៍គុយបា លោក ហ្វីដែល កាស្ត្រូ។
លោក ហ្វីដែល កាស្ត្រូ ដែលបានបង្កើតរដ្ឋកុម្មុយនីស្តនៅជិតបង្កើយនឹងសហរដ្ឋអាមេរិក ហើយតែងតែប្រឆាំងនឹងអាមេរិកទៀតនោះ បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ ក្នុងជន្មាយុ ៩០ឆ្នាំ នៅឯទីក្រុងហាវ៉ាណា រដ្ឋធានីប្រទេសគុយបា។
មរណភាពរបស់មេបដិវត្ដន៍កុម្មុយនីស្តរូបនេះ គឺជាដំណឹងដ៏ក្រៀមក្រំសម្រាប់រដ្ឋាភិបាលគុយបារបស់លោកប្រធានាធិបតី រ៉ាអ៊ូល កាស្ត្រូ ដែលជាប្អូនប្រុសបង្កើតរបស់លោក ហ្វីដែល កាស្ត្រូ។ ប៉ុន្តែ វាបែរជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់ពលរដ្ឋអាមេរិកដើមកំណើតគុយបាទៅវិញ។
ក្រុមពលរដ្ឋអាមេរិកដើមកំណើតគុយបាទាំងនោះ ដែលភាគច្រើនត្រូវបានរដ្ឋាភិបាលក្រុងហាវ៉ាណាបណ្ដេញចេញនោះ បានផ្លុំត្រែ ដំស្គដំចានដំឆ្នាំង និងស្រែកច្រៀងរាំយ៉ាងសប្បាយនៅតាមដងផ្លូវ។
ម៉ៃអាមី គឺជាទីក្រុងប្រមូលផ្ដុំទៅដោយពលរដ្ឋអាមេរិកដើមកំណើតគុយបាច្រើនជាងគេនៅសហរដ្ឋអាមេរិក៕