លោក ត្រាំ ហៅ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ជា​«ផែនការ​បោក​ប្រាស់»

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (រូប​ភាពពី​ទីភ្នាក់ងារ​Channel News Asia)

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានហៅការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋវីសខនស៊ីនជាផែនការបោកប្រាស់ ដោយលោកទទូចឲ្យគេគោរពដល់លទ្ធផលជ័យជម្នះរបស់លោក ដោយមិនត្រូវចេញមកតវ៉ា និងរំលោភបំពាននោះឡើយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានដកស្រង់សម្ដីលោក ត្រាំ ដែលបានថ្លែងថា ការរាប់សន្លឹកឆ្នោតឡើងវិញ ដែលទាមទារដោយបេក្ខជនបក្សបៃតង លោក Jill Stein នោះ បានកើតឡើងនៅចំពោះមុខនៃការបោះឆ្នោតមួយ ដែលគេបានទទួលស្គាល់រួចហើយ។

អ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយថា ខ្លួននឹងចូលរួមក្នុងការអំពាវនាវឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បើទោះបីជារកមិនឃើញភាពមិនប្រក្រតីក៏ដោយ។

AFP បានសាកសួរទៅលោក Marc Erik Elias មេធាវីតំណាងបេក្ខនារីបក្សប្រជាធិបតេយ្យ ដែលបានប្រាប់ថា ខាងផ្នែករៀបចំឃោសនាបោះឆ្នោត ក៏នឹងចូលរួមនៅក្នុងការរាប់សន្លឹកឆ្នោតនេះដែរ នៅក្នុងរដ្ឋមីឈីហ្គែន និងរដ្ឋផេនស៊ីលវ៉ានៀ ប្រសិនបើពួកគេរៀបចំ។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ លោក ត្រាំ បានអះអាថា មនុស្សម្នានៅតែបន្តនិយាយរឿងបោះឆ្នោត ប៉ុន្តែ វាបានចប់ទៅហើយ ហើយអ្នកស្រី គ្លីនតុន ក៏បាននិយាយនៅរាត្រីថ្ងៃបោះឆ្នោតថា ត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោត និងសម្លឹងមើលទៅអនាគត។

លោក ត្រាំ បានឈ្នះសំឡេងឆ្នោតត្រឹមសរុបតែជាង ១សែនសំឡេងប៉ុណ្ណោះនៅរដ្ឋមីឈីហ្គែន រដ្ឋផេនស៊ីលវ៉ានៀ និងរដ្ឋវីសខនស៊ីន។ ជ័យជម្នះដ៏ស្តួចស្ដើងនៅរដ្ឋទាំងនោះ បានជំរុញឲ្យគាត់ទទួលបានប្រតិភូលើសពី ២៧០ ដែលជាចំនួនចាំបាច់សម្រាប់ជ័យជម្នះឈានទៅកាន់កាប់សេតវិមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ