សកម្មជនបរិស្ថានថា អាជ្ញាធរខេត្តព្រះវិហាររារាំងមិនឲ្យចុះល្បាតព្រៃឡង់

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 8:35 AM | បរិស្ថាន | 0 | 4183 សកម្មជនបរិស្ថានពេលអាជ្ញាធរហាមឃាត់ (រួបភាពពីសកម្មជនបរិស្ថាន)

សកម្មជនបរិស្ថានអះអាងថា អាជ្ញាធរខេត្តព្រះវិហារបាន​រារាំងពួកគាត់​មិនឲ្យចុះល្បាយព្រៃ និងដាក់ផ្លាកហាមកាប់ឈើ នៅតំបន់ព្រៃឡង់ ក្នុងស្រុកសែនជ័យ។

តំណាងក្រុមការងារការពារបរិស្ថាន និងព្រៃឈើ លោក អ៊ូច ឡេង ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា កាលពីថ្ងៃអាទិត្យម្សិលមិញ មន្រ្តីឧទ្យានុរក្សខេត្តព្រះវិហារ ៤នាក់ មានលោក ជិន មនោរិទ្ធ លោក ឈន ឈៀន និងបក្ខពួក ២នាក់ទៀត បានហាមឃាត់ក្រុមយុវជនការពារ​បរិស្ថាន មិនឲ្យចូលក្នុងតំបន់ព្រៃការពារ ស្ថិតនៅភូមិពើក ឃុំពុទ្រា ក្រោមហេតុផលថា គ្មានលិខិតអនុញ្ញាតិ។

សកម្មជន​បរិស្ថាន​រូប​នេះថា មន្រ្តីបរិស្ថាន​ទាំង​នោះ មានចេតនាបិទបាំងបទល្មើសព្រៃឈើ​កំពុងកើតមានក្នុងតំបន់នោះ។ លោក​ចាត់​ទុក​ទង្វើ​មន្ត្រី​ឧទ្យានុរក្ស​ទាំង​នោះ​ថា ធ្វើឡើងផ្ទុយច្បាប់ និងប្រសាសន៍លោកនាយករដ្ឋ ហ៊ុន សែន ដែលតម្រូវឲ្យប្រជាពលរដ្ឋ និងសហគមន៍ចូលរួមការពារព្រៃឈើរួមគ្នា។

លោកបន្ថែមថា៖ «មានន័យថា អនុសាសន៍របស់នាយករដ្ឋមន្រ្តី ត្រូវបានមន្រ្តីមួយចំនួនហ្នឹងយកមកទ្រាប់អង្គុយ ដោយ​មិនគោរពតាមជាដើម។ មួយវិញទៀត គឺចេតនាខាងឧទ្យានរក្សហ្នឹងបង្កររឿងជាមួយអ្នកមានទឹកចិត្តស្រលាញ់បរិស្ថាន ខាងព្រៃឈើតែម្តង ដោយគាត់ចាត់ទុកយើងជាសត្រូវ ដោយសារតែយើងតែងតែរាយកាណ៍ពី​បទល្មើលព្រៃឈើ អំពើពុករលួយ អំពីរបរកស៊ីឈើក្នុងតំបន់ព្រៃឡង់ពេលកន្លងមក។ មួយទៀត គាត់ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញដែលតម្រូវឲ្យប្រជា​ពលរដ្ឋ​មានសិទ្ធិការពារព្រៃឈើ»។

ប្រធានឧទ្យានុរក្ស លោក ជិន មនោរិទ្ធ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា លោកត្រូវការការសហការគ្នា និងលិខិតអនុញ្ញាត្តិអភិបាលខេត្តជាមុនសិន ដោយថា តំបន់នោះជាតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក បើមានបញ្ហាលោកជាអ្នកទទួលខុសត្រូវ។

លោកបន្ថែមថា៖ «ខ្ញុំមិនបានឃាត់ទេ ខ្ញុំគ្រាន់តែសួរអំពីបញ្ហានៃការចូលនោះ តើចូលក្នុងគោលបំណងអ្វី?គាត់ចូលទៅ​នោះអត់មានលិខិតស្នាមអីទេ?ហើយសួរនាំក៏ដឹងទៅណាពិតប្រាកដដែរ?ការចូលរួមល្បាត សូមឲ្យពួកគាត់សហការជាមួយពួកខ្ញុំមក។ ខ្ញុំចូលរួមជាមួយផងដើម្បីការពារ។ ចុះបើចូលទៅមានគ្រោះថ្នាក់អីៗនៅក្នុងហ្នឹង បើបទល្មើសសុទ្ធតែកាំភ្លាំងកែច្នៃសាហាវអញ្ចឹង?បើគាត់ចូលអត់សហការអញ្ចឹង វាពិបាកដែរ»។

ពលរដ្ឋនៅក្នុងសហគន៍ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភសុវត្តិភាព បានប្រាប់ថា ព្រៃឡង់ស្ថិតក្នុងភូមិពើក មានបទល្មើសព្រៃឈើកើតឡើងស្ទើររាល់ថ្ងៃ និងដឹកជញ្ជូនកាត់មុខមន្រ្តីឧទ្យានុរក្សថែមទៀត ដោយមន្រ្តីទាំងនោះមិនមានយន្តការទប់ស្កាត់ឡើយ។

ក្នុងវេទិកាមួយដែលរៀបចំដោយក្រសួងបរិស្ថានកាលពីថ្ងៃ២២វិច្ឆិកា សហគមន៍ព្រៃឈើមកពីខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានរាយការណ៍ប្រាប់​លោករដ្ឋមន្រ្តី សាល សំអាល់ ថា បទល្មើសព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេនៅតែបន្តកើតមាន ដោយថា សមត្ថិកិច្ចពាក់ព័ន្ធមិនបានសហការល្អជាមួយសហគមន៍ក្នុងការទប់ស្កាត់នោះទេ។

ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ទៅ​មន្ត្រីរបស់​លោក ឲ្យពង្រឹងប្រសិទ្ធភាព ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ដោ​យថា ការ​បណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required