នី មុន្នីនាថ មានជំនឿឈ្នះក្ដីនៅតុលាការ

កញ្ញា​ ​​នី មុន្នីនាថ និង​លោក អ៊ុង សូឡាំង កាលពីពេលកន្លងទៅ (ដោយ វង្ស សុម៉ាលីន)

​បើទោះជាបានស្នើ​សុំ​​​​​មន្ត្រីតុលាការ​​​​​​​​​​ទៅបំភ្លឺនៅថ្ងៃទី​​២៩ វិច្ឆិកា ជំនួស​អោយ​ការ​​​​កោះហៅ​កាលពីថ្ងៃទី​​​២២ វិច្ឆិកា ​ក៏តារាសម្ដែង​​​កញ្ញា នី មុន្នីនាថ នៅតែមានជំនឿថាខ្លួន​នឹងឈ្នះក្ដី​​​ ដោយ​​នាង​​បានអះអាងតាមរយៈមេធាវី
ថា​នឹង​​​​​​រៀបចំ​បណ្ដឹង​​ប្ដឹង​តប​នោះ​ផង ប្រសិន​បើ​​នាង​ឈ្នះ​ក្ដី​​​​​​​ជាមួយ​អតីតគូដណ្ដឹង។ យ៉ាង​ណាមិញ ផ្ទុយពី​ជំនឿចិត្តរបស់​​​នាង និងមេធាវី ​ភាគី​ខាងដើម​បណ្ដឹង​ឯណោះវិញ ក៏​​​​ច្បាស់​​ក្នុងចិត្តដូច​គ្នា​ផងដែរ ​ដោយសារតែលោកប្រកាស​ថា​​មុន​​ឈានដល់ការដាក់បណ្ដឹង​លោកក៏មាន​ភស្ដុតាង​​​​​គ្រប់គ្រាន់មិនខុសគ្នា។

​​​​​កញ្ញា នី មុន្នីនាថ នៅតែ​​បានប្រកាស​ថានាង​មិនខ្លាច​​​ដើម​បណ្ដឹង​ដែលបានដាក់បណ្ដឹងប្ដឹង​នាង​ពី​បទ​​​​ឆបោក និង​​​​រំលោភលើសេចក្ដីទុកចិត្ត ដោយ​ទាមទារអោយ​​សងប្រាក់ និងបង់សំណងសរុប​​​ចំនួន​​១២ម៉ឺន​ដុល្លារនោះទេ
ដោយសារតែនាង​ប្រកាសថាមិនធ្លាប់ទទួលបាន​ទឹកប្រាក់​​ឧបត្ថម្ភ​​​ដល់​​​កម្រិត​បែបហ្នឹង​ ​ដូច​​​អ្វីដែលបានដាក់​​បន្ទុកនៅក្នុង​​បណ្ដឹង​។ នាង​​​​បញ្ជាក់ដដែលជាដដែលថា ​​​​​​​អតីត​គូដណ្ដឹងរបស់នាង​គឺ លោក អ៊ឹង សូឡាង អណិកជន​នៅអាមេរិក​​ដែល​​​​បាន​ដាក់ក្នុងបណ្ដឹងថា​​​នាង​​​បាន​​បោក​លុយ​​៧ម៉ឺនដុល្លារ​ គឺទំនងជា​​លោក​គិត​ទាំង​​​​ថ្លៃ​​ជិះ​យន្ត​ហោះ ថ្លៃចូល​បន្ទប់ទឹក និងថ្លៃ​អោយធីប​​​​​​​អ្នករត់តុ ក្នុងពេលដែលលោក​ចុះ​មកស្រុកខ្មែរ​​ហើយ​មកជួប​​​នាង​ក្នុងរយៈ​ពេល​​​​​​​ស្រឡាញ់​គ្នា ទើប​​ធ្វើអោយ​​ទឹកប្រាក់ដែលលោក​បានជះមកលើនាង​​​ឈានដល់រាប់ម៉ឺនដុល្លារ។

នាង​ថារយៈពេល​​​៤​ឆ្នាំ​ដែលមិនទាន់ផ្ដាច់​​ពាក្យ​ លោកអ៊ឹង សូឡាង ​ពិតជា​ធ្លាប់បាន​​អោយ​​របស់​របរ​មានតម្លៃ និង​លុយកាក់​​ខ្លះៗមែន ប៉ុន្តែ​​​​​មិនមែនជា​​ទឹកប្រាក់​ដល់​​​​៧ម៉ឺនដុល្លារ​​ដូចក្នុងបណ្ដឹងនោះទេ ទើប​នាង​មិន​ខ្លាច​ក្នុងការតតាំង​​​​។ ​ក្នុងនោះ​​​​នាង​ក៏បានប្រកាសថា​ក្នុងពេលស្រឡាញ់ គឺ​លោក​ក៏​​​​​​​​​ធ្លាប់​យក​​លុយ​​​​​ពីនាង​ខ្លះ​​ៗ​មិនខុសគ្នា​ផងដែរ ​គឺមិនមែន​​​​​​​ទៅ​ណាមកណា​​​នាង​យកតែ​លុយ​របស់អតីតគូស្នេហ៍នោះទេ។

​នាងថា​​​​​​ខ្លួនមានភស្ដុតាង បង្ហាញ​ថា​​​​មិន​បានពាក់ព័ន្ធ​នឹង​លុយ​​កាក់​ដល់​​៧ម៉ឺន​ដុល្លារ​​​ដូច​ការចោទ​ប្រកាន់ នោះទេ ​​​​ហើយ​នាង​​ក៏​សម្ដែងការ​ហួសចិត្ត​​ណស់ដែរ ដែល​​​មនុស្សពីរនាក់ស្រឡាញ់​គ្នា​អោយគ្នាទៅ​​វិញទៅមក លុះពេលបែកគ្នា បែរជា​​ដាក់​ក្នុង​បណ្ដឹង​ថា​បោក​។

ស្រង់សម្ដីនា​ពេល​​នោះនាងនិយាយថា ​«​​ដើរសួរមនុស្ស​ស្រឡាញ់​​​​​គ្រប់​គ្នាមើល ថា​​​ពេលស្រឡាញ់​​យើងអោយអ្វីគ្នា​​ លុះដល់ពេល​​ឈប់ស្រឡាញ់​​​​គ្នាទៅ​ចោទ​​គ្នាថាបោក​ចឹង​​ទេ ​​តើខ្ញុំ​បោកគាត់​​ពីអង្កាល់ ​ហើយបានអ្វី​ខ្លះ ខ្ញុំ​​​អត់ដែល​​បានលុយ​គាត់ដល់ថ្នាក់​​​​៧-៨ម៉ឺន​ដុល្លារហ្នឹងទេ!»។

នាងនៅ​អះអាងថាមិនភ័យពីការ​ដាក់បណ្ដឹង​នោះទេ ​​​ដោយសារតែអ្វីដែលបាន​​អះអាងក្នុងពាក្យបណ្ដឹង​​​​របស់អតីតគូដណ្ដឹងគឺ​មិនមែនជា​ការ​ពិត។ មិនខុសពី​ការអះអាងរបស់ ​​នី មុន្នី​នាថ ដែល​ជា​​ចុង​​បណ្ដឹង លោក រ៉ូ ប៊ីនណៃ មេធាវីការពារ​ក្ដីរបស់នាង​ ក៏អះអាងថា​​​មានជំនឿចិត្ត​លើភស្ដុតាង​ការពារ​ខ្លួនរបស់​កូនក្ដីខ្លួននោះដែរ។

លោកថា​កញ្ញា នី មុន្នី​នាថ មិនបានទទួលលុយរហូតដល់​​​៧ម៉ឺនដុល្លារ​ដូចអ្វីដែល​​បានអះអាងក្នុងបណ្ដឹងរបស់​​លោក​ អ៊ឹង សូឡាង ដែលជាអតីតគូដណ្ដឹងនោះទេ ​ដោយ​លោកបានទទួល​​​ភស្ដុតាង​​​​ពីកូនក្ដីរបស់លោក​ដែលបញ្ជាក់ថា​​នាង​ជានារី​ស្អាត​ស្អំនោះ​ផង។ លោកថា​ការ​ចូលបំភ្លឺនៅថ្ងៃទី​​២៩ ​វិច្ឆិកា លោក និងកូនក្ដី​ទៅ​បញ្ជាក់​​ក្នុងសភាពដែលមានជំនឿ​ចិត្ត​​​​ក្នុងខ្លួន ដើម្បីទៅ​បង្ហាញ​ភស្ដុតាង​ដល់តុលាការ​​​​អោយដឹង​ពី​ភាពស្អាតស្អំរបស់កូនក្ដីលោក។

​​លោក​​ និងកូន​ក្ដីក៏ប្រកាស​ប្ដឹង​បក​​​​​​ទាមទាជំងឺចិត្ត​ពីលោក អ៊ឹង សូឡាង ​​​​​​​វិញ​នោះដែរ ​​​ដោយសារតែ​​​​ក្រោយការ​​​​​​ទម្លាយ​ពី​​​បណ្ដឹង​របស់​​​លោក អ៊ឹង សូឡាង គឺបានធ្វើអោយ​ប៉ះពាក់ដល់កិត្តិយស និងជីវភាព​​ប្រចាំ​ថ្ងៃរបស់​នាង
ដែលជាតារា​សម្ដែងម្នាក់។

លោកនិយាយថា «កូនក្ដីរបស់ខ្ញុំ​មានតែរង​ភាពអាម៉ាស​និងក្លាយជា​មេម៉ាយខាន់ស្លាទៅវិញ​ចំពោះ​​បណ្ដឹង​នេះព្រោះ​បានធ្វើអោយ​ប៉ះពាល់​​ដល់​ជីវភាពប្រចាំថ្ងៃ​ ក៏ដូចជា​​កេរ្តិ៍ឈ្មោះរបស់គាត់(នី មុន្នីនាថ)នៅ​ក្នុងសង្គម!»។

យោងតាមការ​បញ្ជាក់របស់លោក ​​​​​​​​កញ្ញា នីមុន្នីនាថ នឹងមានសិទ្ធិ​ប្ដឹងតប​យ៉ាងពេញទំហឹង​ជំវិញ​​​​ការ​បកអាក្រាតរបស់​​អតីតគូដណ្ដឹង ដោយសារតែ​​​​​​​​​​​​​ការទម្លាយរបស់លោកលោក អ៊ឹង សូឡាង ​បានធ្វើអោយ​នាង​រងភាពអាម៉ាស និង​​​​​​មានការ​ប៉ះពាល់ដល់ការងារ​​សម្ដែងប្រចាំថ្ងៃ ដោយសារតែការក្នុងបណ្ដឹង​ថា​​​​នាង​​ឆបោក មានការ​ប៉ះពាល់ធ្ងន់ធ្ងរ​​។

លោក​​ថា​អោយតែកូនក្ដី​របស់​​នាង​ទទួលបាន​​​​​​ជ័យជម្នះ​ក្នុង​រឿង​​បណ្ដឹងជាមួយ​លោក អ៊ឹង សូឡាង នោះការប្ដឹង​​តប​ត​នឹង​កើតមាន​ឡើង ​ដើម្បីជាការ​ប៉ះប៉ូវ​​ចំពោះ​​ផល​​ខូចខាត​ដែលកូនក្ដីរបស់លោក​បាន​​​​ជួប​​​​​​​​​ក្រោយ
ពីមាន​​​​​​បណ្ដឹងនេះឡើង។

​​​លោកបានទាំង​​លើកឡើងថា​​​​​ក្រោយ​រងភាពអាម៉ាស​នេះ ​កញ្ញា នី មុន្នីនាថ បាន​បាត់បង់​ការងារសម្ដែង និង​ថតស្ពតមួយចំនួន​​ព្រោះតែ​ការលើកឡើងក្នុងបន្ដឹងធ្វើអោយ​​​​បាត់ទំនុកចិត្ត​​របស់​​​​​ម្ចាស់ក្រុម​ហ៊ុន​​ដែល​​​​​ចង់ទាក់ទង​​កូនក្ដីរបស់​​នាង​នោះផង​។ ​​​យ៉ាងណាក៏ដោយ ​​សម្រាប់​តារាសម្ដែង​កញ្ញា នី មុន្នីនាថ ធ្លាប់បានបង្ហាញជំហរ​ថា
មិនចង់​​ប្ដឹងផ្ដល់តបត​នោះទេ ​​​​​​​​សំខាន់អោយតែ​​​​​​​​​​​រឿងរ៉ាវប្ដឹងផ្ដល់របស់​​លោក អ៊ឹង សូឡាង ត្រូវ​បញ្ចប់ដោយសន្តិវិធី។ ​

​​​​​ងាកទៅ​​លោក អ៊ឹង សូឡាង ឯណោះ​វិញ ​លោកធ្លាប់បណ្ដឹង​​ថា​​​​​​ខណៈដែល​​​​​​បណ្ដឹងរបស់លោកធ្លាក់ដល់ដៃ​​សាលាដំបូងរាជធានីភ្នំពេញ ​​គឺលោកអត់មាន​​​​​​​ដក​​​បណ្ដឹង​នោះទេ គឺមានតែ​ជំរុញអោយមេធាវី​ដែល​កាន់​​​​ការងារលើបណ្ដឹងរបស់លោក​​​​ពន្លឿន​ដំណោះស្រាយ​នោះអោយបាន​លឿន​បំផុតក្នុង​​របង​តុលាការ។

លោកថា​​​​​​​​ខ្លួនមានឯកសារ​គ្រប់គ្រាន់​​​​លើ​អ្វីដែលបានចោទប្រកាន់នោះ ​ទើប​​ហ៊ាន​ដាក់បណ្ដឹង​ហើយ​មិនមានជំហរ​​​​​ចរចារនៅក្រៅ​​ប្រព័ន្ធតុលាការ។ ​​លោកថា​​​​​ក្នុងរយៈពេល​​​​​​​ទាក់ទង​ជាមួយកញ្ញា នី មុន្នីនាថ លោក​​បាន​​​​​ផ្ដល់លុយកាក់អោយនាង​​​បូកទាំងការ​រត់ច្បាប់​អោយនាង​បានចេញទៅ​​រស់នៅអាមេរិក​​​​​ដោយស្របច្បាប់ផងអស់សរុប​​​៧ម៉ឺន​ដុល្លារ ​​តែបណ្ដាលមកពីនាង​​​​បែរជាមិនព្រម​​ចេញទៅអាមេរិក​​​តាមការ​​សន្យារទើប​ក្លាយជា​ជម្លោះ​​​​​ហើយ​ឈានដល់ការ​ផ្ដាច់ពាក្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ