វិភាគ៖ តើការរំលាយគណបក្សប្រឆាំងបានបន្សល់ទុកជម្ងឺសង្គម​អ្វីខ្លះ?

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 8:35 AM | បទវិភាគ | 0 | 8303

គណបក្សប្រឆាំងដ៏ធំ​មួយ ដែលមានរចនាសម្ព័ន្ធដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជិតស្មើនឹង​ប​ក្ស​កាន់អំណាចដែរនោះ ត្រូវបានតុលាការកំពូលប្រកាស​រំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា តាម​ប​​ណ្តឹ​​ងរបស់ក្រសួងមហាផ្ទៃ និងគណបក្សតូចៗមួយចំនួនពីរទៀត។

សាលដីកានេះ ក្រៅពីបើកផ្លូវឲ្យរឹបអូសអាសនៈរបស់គណបក្សសង្គ្រោះជាតិនៅក្នុងសភា និងអាសនៈនៅឃុំ​សង្កាត់ តុលាការ​កំ​ពូ​​​ល​​​ក៏បា​នបង្គាប់​មន្ត្រីរបស់បក្សប្រឆាំង ១១៨នាក់ មិនឲ្យធ្វើនយោ​បា​យរយៈ​​ពេ​​ល ​៥​​ឆ្នាំ​ផ​ង​ដែ​រ។

សា​​លដីកានេះ ហាក់ធ្វើឲ្យបក្សប្រឆាំង​ធ្លាក់​ដល់​ចំនុច​សូន្យ​ផ្នែកធនធានមនុស្ស ហើយក៏ពិបាកនឹង​ក្រោក​ឈរឡើ​ងវិញ បើពួកគេចង់បង្កើតគ​ណបក្សនយោបាយថ្មី ទៅ​​​​ប្រកួតប្រជែងការ​បោះឆ្នោតនៅពេលខា​ង​​មុខដ៏ខ្លី ដើម្បីប្រកួតជាមួយ​បក្សកាន់អំណាចឡើងវិញនោះ ។

ការរំលាយនេះ បើទោះបីជាតំណាងរាស្ត្របក្សកាន់អំណាច ធ្វើវិសោធនកម្មច្បាប់​ដ៏ចម្រូងច​​ម្រា​សមួ​​យ​​ចំនួន​សម្រាប់​​រឹបអូ​សយ​​ក​អា​​ស​នៈនេះក៏ដោយ ប៉ុន្តែ ជ្រុងមួយនៃ​បញ្ហាសង្គមបាន​កើត​ឡើ​ងនោះ​ គឺ​អ្ន​កគាំ​ទ្រ​បក្សប្រឆាំងជិតពាក់កណ្តាលប្រទេស ស្រឡាំងកាំង និងឈឺ​ចាប់ ទៅលើរបត់នយោបាយថ្មីនេះ។

ស​ហ​គមន៍អន្តរជាតិនៃប្រទេសលោកសេរី ឯណោះវិញ មានសហរដ្ឋអាមេរិក សហភាពអឺរុប និង​សហ​ភា​​​ព​​អន្ត​រសភា IPU ដែលមានសមាជិក ១៧៣ប្រទេសជាដើម បានថ្កោលទោ​ស លាយឡំ និងការ​គំ​រា​ម​​​ដា​​ក់​​ទណ្ឌ​​​កម្មសេដ្ឋកិច្ច និងខ្លះទៀតគំរាមមិនទទួលស្កាល់លទ្ធផលបោះឆ្នោត បើរដ្ឋាភិ​បាលកម្ពុជា មិ​ន​​ធ្វើ​​ឲ្យ​ស្ថានការនយោបាយវិល​ទៅរកស្ថានភាពដើមឡើងវិញនោះ។

តើការរំលាយគណបក្សប្រឆាំងបានបន្សល់ទុកជម្ងឺសង្គម​អ្វីខ្លះ?

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ស្ថានការនយោបាយពេលនេះ បានបន្សល់ទុកនូវភាពមិនទុកចិត្តគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយ។ ជំរុញឲ្យមានការប្រឈមគ្នាកាន់តែខ្លាំង រវាងអ្នកគាំទ្ររដ្ឋាភិបាល និងអ្នកគាំទ្របក្សប្រឆាំង។ បង្កឲ្យមានភាពកករល្អក់ រវាងកម្ពុជា និងសហគមន៍អន្តរជាតិ នៃប្រទេសលោកសេរី  និងបង្កើនឲ្យមានវប្បធម៌លាភពណ៌គ្នានៅក្នុងស្រុក កាន់តែ​​ខ្លាំង។ លោកថា ​ស្ថាន​​ការណ៍​​​នយោបាយបែបនេះ ឈានទៅរកការបែកបាក់ជាតិ និងបង្កការភ័យខ្លាច ដល់អ្នកវិនិយោគ។

លោកថា៖ «ព្រោះនៅក្នុងសម័យកាលនៃសកលភាវូបនីយកម្មប្រទេសនានាគេត្រូវរស់នៅជាមួយសហគមន៍អន្តរជាតិ។អញ្ចឹងហើយបានជាយើងព្យាយាមធ្វើយ៉ាងម៉េច ឲ្យមានកិច្ចសហប្រតិបត្តិការ ហើយនឹងទំ​នាក់ទំន​ង​ល្អ ជាមួយគ្នាទៅវិញទៅមកបាទ នេះជារឿងមួយសំខាន់ ហើយជាមួយគ្នានោះដែរ យើងឃើញ​ផលប្រយោ​​​ជន៍ របស់លោកខាងលិច គឺប្រជាធិបតេយ្យហ្នឹងឯងហើយ»។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី វិភាគថា របត់នយោបាតថ្មីនេះ ហាក់បានរអិលចេញពីគន្លងប្រជាធិបតេ្យ ហើយរំកិលទៅរកវប្បធ៌មសងសឹកដូចពីអតីតកាល តាមរយៈធ្វើច្បាប់រំលា​យដៃគូប្រកួតដែ​​ល​មា​នអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស។

លោកថា៖ «ទី១ វាបានបន្សល់នូវអាគារគំគួនគ្នា វាអត់បានរលាយទៅវិញ វាកាន់តែបង្កឲ្យមាន​កំហឹងឡើង​ហើយ ​សម្រាប់ការបន្សល់ទុកមួយទៀត វាធ្វើមនុស្សហ្នឹងវង្វេងនៅក្នុងដំណើរការប្រជាធិបតេយ្យ ព្រោះ​ថានៅ ពេលដែលគាត់បោះ​ឆ្នោតជ្រើសរើសតំ​ណាងរបស់គាត់រួចហើ​យគេ[អ្នកនយោបា​យ]នៅតែបង្កើ​​តច្បា​​ប់​​​ដើម្បីមករំលាយគណបក្សហ្នឹងបានហើយយកទៅចែកឲ្យអ្នកដទៃបាន។ អា​ហ្នឹ​ងវាជា​មេរៀន​មួយសំខាន់ណាស់ សម្រាប់ដំណើរការ​ប្រជាធិបតេយ្យ​​នៅក្នុងស្រុកខ្មែរយើងនេះ ពិសេ​ស​អ្នក​ដែ​​លនិយមកប្រជា​ធិបតេយ្យ ដែលបង្កឲ្យមានភាព​ច្របូល​ច្របល់នៅក្នុ​ងចិត្តថាតើ​ប្រជាធិប​តេ​យ្យ​នៅ​ស្រុ​កខ្មែរ ដែលអ្នកនយោបាយចង់បានហ្នឹងវារបៀបម៉េច?»។

លោក មាស នី វិភាគទៀតថា របត់នយោបាយថ្មីនេះ ក៏ហាក់បង្ហាញដែរថា បានបណ្តុះ​គំនិតហិង្សា​ឲ្យពល​រដ្ឋលា​​ភពណ៌គ្នាផ្នែកនិន្នាការនយោបាយ ច្រើនជាងបណ្តុះវប្បធម៌ជាតិនិយម ។

លោកថា៖ «មកដល់ពេលនេះយើងមើលទៅឃើញថា នៅក្នុងប្រទេសយើងនេះថ្នាក់ដឹកនាំ ឬរដ្ឋាភិបាលមិន​ទាន់​រកឃើញនូវផ្លូវណាមួយ​ឲ្យច្បាស់លាស់ថាតើផ្លូវ​ណាឲ្យមានការឯកភាពជាតិអី​យ៉ាងម៉េងហ្នឹងយើងអត់​ទាន់​បា​ន​ទេ។​យើងមានតែ​ការបែកបាក់គ្នា ការឈ្លោះគ្នា ការជេប្រមាថគ្នាយូរហើយ»។

បើតាមលោក មាស នី របត់នយោបាយបែបនេះ នឹងជំរុញកម្ពុជា ឲ្យជួបវបត្តិផ្នែកអភិវឌ្ឍទៅថ្ងៃអនាគត។

ធ​នា​គារពិភពលោក កាលពីថ្ងៃទី២២ខែវិច្ឆិកា បានចេញរបាយការណ៍មួយបង្ហាញថា កំណើតសេដ្ឋរបស់​​ក​ម្ពុ​​​ជានៅឆ្នាំ​២០១៧នេះ បានថយចុះ០,២ភាគរយ ពោលពីថយចុះពី៧ភាគរយ មក៦,៨ភាគរយ​។ប៉ុន្តែ​ធ​នា​​​​​គា​រនេះ ព្រមានពីហានិភ័យនៃកំណើន​សេ​​ដ្ឋកិច្ចរប​​ស់កម្ពុជា​ នៅឆ្នាំ២០១៨ ដោយថាបើការ​រៀប​ចំកា​រ​បោះ​​ឆ្នោ​តមួយមានភាពមិនច្បាស់លាស់ មិន​ដំ​ណើ​​​​​​រកា​រ​ទៅតាមយន្តការប្រជាធិបតេយ្យ ។

ស​រុ​បជារួមអ្នកវិភាគថា របត់នយោបាយពេលនេះ បានជំរុញឲ្យមានការប្រឈមនឹងបែកបាក់ជាតិ  ជំរុញ​ឲ្យ​​មា​នវប្បធម៌លាភពណ៌គ្នាកាន់តែខ្លាំង បង្ហាញថាអ្នកនយោបាយខ្មែរនៅតែប្រើវប្បធម៌សងសឹកគ្នា​ដើម្បី​កា​​រ​ពា​រអំណាច ជាជាងប្រើវប្បធម៌បង្រួបបង្រួមជាតិដើម្បីដោះស្រាយបញ្ហា  និងធ្វើឲ្យក​ម្ពុជា ងាយប្រឈ​មនឹ​ង​កា​រដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសគឲ្យមន៍អន្តរជាតិ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required