ពលរដ្ឋ១៥គ្រួសារនៅខេត្ដសៀមរាប ទាមទារឲ្យក្រុមហ៊ុនស៊ូជីងផ្ដល់សំណង

ដីស្រែប្រាំងពលរដ្ឋដែលក្រុមហ៊ុនស៊ូជីង ចាក់ដីលុប (បូ សាវី)

អ្នកមានជម្លោះដីធ្លីចំនួន១៥គ្រួសារនៅខេត្ដសៀមរាប ទទួចឲ្យក្រុមហ៊ុន​ស៊ូជីងផ្ដល់សំណងដល់​ពួកគេ ដោយអះ​អាងថា ក្រុមហ៊ុននេះចាក់ដីពង្រីកតំបន់ទេសចរណ៍កំពង់​ផែ ខាងជើង​បឹង​ទន្លេសា​ប ប៉ះពាល់ដល់ដីស្រែប្រាំង​ពួក​គាត់។

ពលរដ្ឋដែលរងផលប៉ះពាល់មួយរូបនៅក្រុងសៀមរាប លោក ងឹម វាន់ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា ដីស្រែប្រាំងពលរដ្ឋ១៥គ្រួសារ ត្រូវបានក្រុមហ៊ុនស៊ូជីងចាក់ដីលុប ដើម្បីពង្រីកកំពង់​ផែ​បឹង​ទន្លេសាប​នៅ​សង្កាត់ចុងឃ្នៀស  ដោយមិនបានផ្ដល់សំណងសមរម្យ ខណៈដែលដីស្រែប្រាំងនោះ​ពួកគាត់បានកាន់​កាប់និងធ្វើស្រែប្រាំងតាំងពីក្រោយឆ្នាំ១៩៧៩។ លោកបន្ដថា ពួកគាត់មិនជំទាស់និងការអភិវឌ្ឍ​នោះទេ ប៉ុន្ដែ​ត្រូវផ្ដល់​សំណងឲ្យបានសមរម្យ ដើម្បីយកទៅទិញដីកន្លែងផ្សេងបង្កបង្កើនផល។ លោកបញ្ជាក់ថា ពួក​គាត់​​​ទាមទារ​ឲ្យអ្នក​គ្រប់គ្រង​​ក្រុមហ៊ុននេះ ផ្ដល់សំណងក្នុងមួយម៉ែត្រការ៉េ៥ដុល្លារ ប៉ុន្ដែមិនមានការ​ឆ្លើយតបជាមួយ​ពលរដ្ឋនោះទេ។

លោកបន្ដថា៖ «ដីហ្នឹងពីមុនមានប្រឡាយទឹកសម្រាប់យើងធ្វើស្រែប្រមូល​ផល ​ដល់ពេល​ស៊ូជីង គាត់ចុះធ្វើទៅគាត់លុបប្រឡាយហើយចាក់ដីបំពានទៅលើដីពួកខ្ញុំបាទ ប៉ះពាល់ដល់​​ប្រឡាយហើយចូលដល់ដីខ្ញុំទៀត វាបោះបង្គោលហើយចាក់ដីធ្វើផ្លូវ។ គាត់មានលទ្ធភាពប៉ុណ្ណាឲ្យគាត់ចរចាជាមួយពលរដ្ឋ»។

ពលរដ្ឋមួយរូបទៀតនៅសង្កាត់សៀមរាប អ្នកស្រី ហ៊ុន នី ដែលមានវ័យជាង៥០ឆ្នាំឲ្យដឹងថា ដីស្រែពួកគាត់មានប័ណ្ណកាន់កាប់និងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ប៉ុន្ដែពួកគាត់មិន​ទាន់​ទទួល​សំណង​សមរម្យដែលថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ អ្នកស្រីបន្ដថា ពួកគាត់ស្វែងរកដំណោះស្រាយពី​អាជ្ញាធរស្រុកខេត្ដជាច្រើនលើកមកហើយ ប៉ុន្ដែគ្មានប្រសិទ្ធភាព។ អ្នកស្រីថា៖ «យើងមានដាក់ពាក្យបណ្ដឹងឡើងដល់សាលាក្រុងសាលាខេត្ដហើយ គាត់អត់ខ្វល់ខ្វាយនឹងយើងផង អាហ្នឹងគេហៅថារំលោភសិទ្ធិប្រជាជន គេអាងថាគាត់ជាធំគេធ្វើចឹង»។

ករណីនេះ អ្នកគ្រប់គ្រងក្រុមហ៊ុនស៊ូជីងលោក វ៉ា ឈូដា បដិសេធមិនឆ្លើយតប ដោយផ្ដាច់​ទូរ​សព្ទ​វិញ  បន្ទាប់ពីវីអូឌីសាកសួររឿងផ្ដល់សំណង។

VOD ក៏មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្ដសៀមរាបលោក លី សំរិទ្ធ ដើម្បីឆ្លើយតប​ពីបញ្ហា​នេះបានទេ​ នៅរសៀលថ្ងៃអង្គានេះ ដោយគ្មានអ្នក​ទទួលទូរសព្ទ។

ទោះជាយ៉ាងណា អ្នកអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ការអភិវឌ្ឍនៅតំបន់ណាមួយ លោកថាក្រុមហ៊ុនឬអាជ្ញាធរ​ត្រូវស្វែង​យល់​ពីផល​ប៉ះពាល់និងផ្ដល់​សំណង ឬធ្វើការដោះដូរដីនៅកន្លែងផ្សេងដល់ពលរដ្ឋឲ្យបានសមរម្យ។ លោក​ជំរុញ​​ឲ្យក្រុម​ហ៊ុន​មានដំណោះស្រាយជូនពួកគេ ដោយថាដើម្បីកាត់បន្ថយជម្លោះដីនិងបញ្ហា​ប្រ​ឈម​ផ្សេងៗនៅតំបន់ទេសចរណ៍។

បើតាមពលរដ្ឋឲ្យដឹងថា ជម្លោះដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០១៥មកម្លេះ ហើយពួកគាត់ស្វែងរក​ដំណោះស្រាយពីអាជ្ញាធរជាច្រើនលើក ប៉ុន្ដែគ្មានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ