វិភាគ៖ តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​សង​បំណុល​ទៅ​អាមេរិក​ឬ​ទេ?

លោក ហ៊ុន សែន​ (បូ សាវី)

បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស បាន​លេច​ធ្លោ​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​សារព័ត៌មាន ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ បន្ទាប់​ពី​របាយការណ៍​មួយ​របស់​ធនាគារ​ពិភព​លោក បាន​ចេញ​ផ្សាយ​ថា បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស មាន​ចំនួន​ដល់​ទៅ​ជិត ១ម៉ឺន​លាន​ដុល្លារ ហើយ​តួលេខ​បំណុល​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ​ជិត ៤០០​ភាគរយ នៅ​ក្នុង​រយៈ​ពេល​ ១៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

សម្រាប់​តួលេខ​បំណុល​ជិត ១​ម៉ឺន​​លាន​ដុល្លារ​នេះ រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​មក​បដិសេធ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ហើយ​អះ​អាងថា បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​មាន​ចំនួន​ត្រឹម​តែ​ ៥ពាន់ ៦​រយ​​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​បំណុលដែល​ខ្ចី​ដោយ​វិស័យ​​ឯកជន។

ក្រៅ​ពី​របាយការណ៍​ចេញ​ដោយ​ធនាគារ​ពិភព​លោក និង​ការ​បក​ស្រាយ​ពី​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​បំណុល។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​លើក​ឡើង​អំពីតួលេខ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​នោះ​ឡើយ ប៉ុន្តែ លោក​បាន​និយាយ​ដល់​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំង​ពី​​ជាង ៤០​ឆ្នាំ​មុន ពោល​គឺ​បំណុល​ដែល​អតីត​រដ្ឋាភិបាល​ លន់ នល់ បាន​ខ្ចី​ពី​សហរដ្ឋ​អាមេរិក។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​លើក​ឡើង​ពី​បញ្ហា​បំណុល​នេះ​នៅ​ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​ឯ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ដោយ​លោក​រំពឹង​ថា រដ្ឋាបាល​ថ្មី​របស់​អាមេរិក នឹង​ពិចារណា​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​តាំង​ពី​សម័យ​លោក​សេនា​ប្រមុខ លន់ នល់ មេដឹកនាំ​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ត្រូវ​បាន​គេ​ជឿ​ថា ទទួល​បាន​ការ​គាំ​ទ្រ​ពី​អាមេរិក។

លោក ហ៊ុន សែន៖ “ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ នឹង​ពិចារណា​អំពី​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក ក្នុង​ជំនាន់​សាធារណរដ្ឋ​ខ្មែរ​របស់​សេនា​ប្រមុខ លន់ នល់។ តើ​គួរ​ត្រូវ​លុប​បំណុល​នេះឬ​ទេ? យើង​ខ្ញុំ​ពិបាក​ក្នុង​ការ​ពន្យល់​ទៅ​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ទទួល​ស្គាល់​បំណុល​ដែល​ទិញ​គ្រាប់​បែក និង​គ្រាប់​កាំភ្លើង​មក​សម្លាប់​ប្រជាជន​កម្ពុជា។ […] តើ​ត្រូវ​ផ្ដល់​ជំនួយ​យ៉ាង​ណា? យ៉ាង​ហោច​បំផុត លុប​ចោល​បំណុល​ដែល​របប លន់ នល់ បាន​ជំពាក់​នៅ​ក្នុង​អតីត​កាល ដែល​គេ​ហៅ​ថា បំណុល​កខ្វក់​ដែល​ចាំ​បាច់​ត្រូវ​លុប”។

ខណៈ​ដែល​បញ្ហា​បំណុល​​ដែល​កម្ពុជា​ជំពាក់​បរទេស បាន​លេច​ធ្លោ​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន និង​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ជា​ថ្មី​ម្ដង​ទៀត​នោះ វា​ជំរុញ​ឲ្យ​មាន​ការ​ជជីក​សួរ​ថា តើ​កម្ពុជា​គួរ​តែ​បំពេញ​កាតព្វកិច្ច​សង​បំណុល​ទៅ​អាមេរិក​ឬ​យ៉ាង​ណា?

កា​រ​ពិត​ទៅ បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​នេះ មិន​មែន​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ជា​លើក​ទី​មួយ​នោះ​ឡើយ។ បញ្ហា​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ចរចារ​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក យ៉ាង​ហោច​ណាស់​តាំង​ពី ១០​ឆ្នាំ​មុន​មក​ម៉្លេះ។

ទោះជាយ៉ាង​ណា​ ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ​ទេ នោះ​ក៏​ដោយសារ​តែ​កម្ពុជា​ទាមទារ​ឲ្យ​អាមេរិល​លុប​ចោល​បំណុល​នេះ​ ឬ​ក៏​យ៉ាង​ហោច​ណាស់​បង្វែរ​វា​ទៅ​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ទៅ​វិញ។ រដ្ឋាភិបាល​កម្ពុជា បាន​លើក​ជា​សំណើ​បែប​នេះ​ជាមួយ​ហេតុផល​ថា កម្ចី​ដែល​អាមេរិក​ផ្ដល់​ទៅ​រដ្ឋាភិបាល​លោក លន់ នល់ គឺ​ជា​បំណុល​កខ្វក់​ និង​បង្ក​វិនាស​កម្ម​​លើ​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា ដែល​បន្សល់​ទុក​ដោយ​អាមេរិក។

លោក ហ៊ុន សែន ថ្លែង​ថា​៖ “មិន​មែន ប៉ុល ពត កើត​ឡើង​ដោយ​ឯក​ឯង​ទេ បើសិន​អាមេរិក​មិន​ទម្លាក់​សម្ដេច នរោត្ដម សីហនុ។ ច្បាស់​លាស់ សង្គ្រាម​មិន​បាន​បង្កើត​នៅ​កម្ពុជា ហើយ​ពួក ប៉ុល ពត ក៏​គ្មាន​វាសនា​នឹង​ឡើង​កាន់​អំណាច​នោះ​ទេ។ ដូច្នេះ តើ​អាមេរិក​ត្រូវ​ទទួល​ពាន​រង្វាន់​ណូបែល ឬ​ក៏​ត្រូវ​ទទួល​យក​ទៅ​កាត់​ទោស​នៅ​តុលាការ​អន្តរជាតិ ស្ដី​ពី​ការ​បង្កើត​សោកនាដកម្ម? សម្រាប់​ប្រជាជន​កម្ពុជា តើ​គេ​ត្រូវ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​មុន ហើយ​ប៉ះ​ពាល់​ដល់​កម្ពុជា”។

សម្រាប់​សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​គាំ​ទ្រ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​បំណុល​នេះ ហើយ​ក៏​ចង់​ឃើញ​បញ្ហា​បំណុល​នេះ​បញ្ចប់​ទៅ​ដោយ​អាមេរិក​បង្វែរ​វា​ទៅ​ជា​ជំនួយ​មនុស្ស​ធម៌​សម្រាប់​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​យល់​ថា ដើម្បី​កែលម្អ​​ទំនាក់ទំនង និង​ព្យាបាល​មុខ​របួស​នៃ​ទំនាក់​ទំនង​រវាង​​ប្រទេស​ទាំង​ពីរ។ មិន​ខុស​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ លោក សុខ ទូច បាន​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក​កាល​ជំនាន់​ទសវត្សរ៍ ១៩៧០ ដែល​បាន​បញ្ជា​​ឲ្យ​ទាហាន​អាមេរិក ទម្លាក់​គ្រាប់​បែក​លើ​ទឹក​ដី​កម្ពុជា និង​សង្គ្រាម​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​នេះ ចាប់​ពី​ឆ្នាំ​១៩៧០។
លោក សុខ ទូច៖ “​ខ្ញុំ​ចង់​និយាយ​ថា បំណុល​ហ្នឹងឲ្យ​រុញ​ទៅ​ជា​លក្ខណៈ​មនុស្ស​ធម៌​វិញ ដូច​ជា​ធ្វើ យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​​មាន​ ៣ (ផ្នែក​សំខាន់ៗ) ទី ១ ​ជា​ប្រទេស​កសិកម្ម អាច​រុញ​ទៅ​ធ្វើ​ជា​ប្រឡាយ​ទឹក ធ្វើ​ជា​អី​អីចឹង​ទៅ។ ​ទី ២ យើង​មើល​វិស័យ​សុខាភិបាល ដែល​វា​ធ្លាក់​ចុះ ហើយទី ៣ យើង​ដឹង​ហើយ​ថា អាមេរិក​វា​ទម្លាក់​គ្រាប់​បែក បាន​កម្ទេច​ច្រើន​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក៏​ដូចជា​ធម្មជាតិ អីចឹង​អាច​ទៅ​លើ​បរិស្ថាន។ យើង​អាច​បង្វែរ​ទៅ​អីចឹង ប្រសិន​អាច។ ខ្ញុំ​គាំ​ទ្រ​ឲ្យ​បង្វែរ​ការ​ជាប់ (បំណុល)​ហ្នឹង ទៅ​ជា​មនុស្ស​ធម៌​វិញ ដើម្បី​ផ្សះ​ផ្សា​នូវ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​ប្រែ​ក្លាយ​ចំណង​បំណុល​នេះ​ ទៅ​ជា​ចំណង​មិត្តភាព ក្លាយ​ទៅ​ជា​ចំណង​មនុស្ស​ធម៌ និងក្លាយ​ទៅ​ជា​បរិស្ថាន ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ដៃ​គូទំំនាក់​ទំនង​របស់​អាមេរិក និង​កម្ពុជា”។

សម្រាប់​រដ្ឋាភិបាល​អាមេរិក​វិញ រហូត​មកដល់​សព្វ​ថ្ងៃ​នេះ នៅ​តែ​ទាន់​ធ្វើ​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើ​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ ប៉ុន្តែ នៅ​ក្នុង​ជំនួប​ចរចារ​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគី​អាមេរិក​មិន​ឯកភាព​ទៅ​នឹង​ការ​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ខ្លួន​នោះ​ឡើយ បើ​ទោះបី​ជា​ភាគី​កម្ពុជា​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ដែល​អាមេរិក​ខាង​លើ​ក៏​ដោយ។

នៅ​ក្នុង​កំណត់​ហេតុ​​​កាទូត​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨​កន្លង​មក អតីត​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Joseph A. Mussomeli បាន​លើក​ឡើង​ពី​កាតព្វកិច្ច​បន្ត​នៃ​រដ្ឋាភិបាល​ថ្មី​បន្ត​ពី​រដ្ឋាភិបាល​របស់​ប្រទេស​កូន​បំណុល ចំពោះ​ប្រទេស​ម្ចាស់​បំណុល ដោយ​ផ្អែក​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ។ បើ​តាម​អ្វី​ដែល​លោក Joseph រាយការណ៍​ប្រាប់​ទៅ​ក្រសួង​ការបរទេស​អាមេរិក​នា​ពេល​នោះ រដ្ឋាភិបាល​អាមេរិក​យល់​ថា ការ​បង្កើតក​ម្មវិធី​លុប​បំណុល​សម្រាប់​ប្រទេស​មួយ​ដែល​មាន​លទ្ធភាព​សង តែ​មិន​មាន​ឆន្ទៈ​សង​បំណុល​នោះ វា​នឹង​បង្កើ​ឲ្យ​មាន​គំរូ​មិន​ល្អ​សម្រាប់​ប្រទេស​ដទៃ​ទៀត ដែល​ជួប​ប្រទះ​ស្ថានភាព​ប្រហាក់​ប្រហែល​នឹង​កម្ពុជា។

បើទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ពី​ករណី​ដែល​អាមេរិក​បាន​បង្វែរ​បំណុល​ដែល​វៀតណាម​ជំពាក់​ខ្លួន​ទៅ​ជា​ជំនួយ​ក៏​ដោយ ក៏​អាមេរិក​បក​ស្រាយ​ថា នោះ​ក៏​ដោយសារ​តែ​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី ក្នុង​ការ​ចាប់​ផ្ដើម​សង​បំណុល​ទៅ​អាមេរិក​វិញ មុន​នឹង​សភា​អាមេរិក​សម្រេច​បង្វែរ​ថវិកា ៤០​ភាគរយ​នៃ​បំណុល​ដែល​វៀតណាម​ជំពាក់​អាមេរិក ចូល​ទៅ​ក្នុង​មូលនិធិ​អប់រំ​វៀតណាម​វិញ។

ដោយ​ងាក​ទៅ​គិត​អំពី​គោលការណ៍​ច្បាប់​អន្តរជាតិ​វិញ លោក សុខ ទូច បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិតជា​ជាប់​កាតព្វកិច្ច​អន្តរជាតិ​ក្នុង​នាម​ជា​ប្រទេស​កូន​បំណុល ត្រូវ​សង​បំណុល​ទៅ​ប្រទេស​ម្ចាស់​បំណុល។​

លោក សុខ ទូច៖ “ជាក្រឹត្យ​ក្រម ប្រទេស​ណា​ក៏​ដោយ រដ្ឋ​មួយដែ​ល​បាន​ខ្ចី​លុយ​ពី​រដ្ឋាភិបាល​មួយ រដ្ឋ​នោះ​មាន​កាតព្វកិច្ច​ត្រូវ​តែ​សង នៅ​ក្នុង​រយៈ​ពេល​ណា​មួយ ឬ​​នៅ​ពេល​ប្រទេស​នោះ​មាន​ការ​រីក​ចម្រើន ពីព្រោះ​យើង​ខ្ចី​គេ យើង​ត្រូវ​តែ​សង​គេ។ យើង​មាន​កាតព្វកិច្ច យើង​មិន​អាច​គេច​វេស​ពីកាតព្វកិច្ច​ទេ។ ប្រសិន​បើ​យើង​គេចវេស យើង​ទៅ​ខ្ចី​បំណុល​គេ​ថ្ងៃ​ក្រោយ គេ​មិន​ផ្ដល់​ឲ្យ​យើង​ទេ”។

ចំណែក​ឯ​អតីត​ឧបការី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Joseph Yun ដែល​បាន​មក​ជជែក​រឿង​បំណុល​ជាមួយ​កម្ពុជា​នៅ​ឆ្នាំ​២០១០​កន្លង​មក បាន​លើក​ឡើង​ថា ការណ៍​ដែល​កម្ពុជា​មិន​សង​បំណុល​ត្រឡប់​ទៅ​អាមេរិក​វិញ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​នេះ និង​ធ្វើ​ឲ្យ​ប្រទេស​នេះ ពិបាក​ចូល​ទៅ​ប្រើ​ប្រាស់​ប្រភព​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ