ក្រុម​ហ៊ុន​ធំ​មួយ​របស់​អាមេរិក​ជំរុញ​​កម្ពុ​ជាកែ​លំ​អ​ទំនាក់​ទំនង​ជា​មួយ​អាមេរិក

ក្រុម​ហ៊ុន​បញ្ជារ​ទិញ​ផលិត​ផល​សំលៀក​បំពាក់របស់​សហ​រដ្ឋ​អាមេរិក​ WalMart (រូបភាពពី Fortune)

ក្រុម​ហ៊ុន​បញ្ជារ​ទិញ​ផលិត​ផល​សំ​លៀក​បំពាក់ ​ដ៏​ធំ​មួយ​របស់​សហ​រដ្ឋ​អាមេរិក ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​កែ​លំ​អ​ទំនាក់​ទំនងជា​មួយ​​ប្រទេស​ខ្លួន​ និង​សង្គម​ស៊ីវិល​ប្រកប​យុត្តិ​ធម៌។

ក្រុម​ហ៊ុន​បញ្ជារ​ទិញ​ផលិត​ផល​សំលៀក​បំពាក់របស់​សហ​រដ្ឋ​អាមេរិក​ WalMart បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៦ធ្នូ​ឆ្នាំ២០១៧ ជូន​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ ដែលត្រង់ចំណុចមួយ ពួកគេ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែ​លម្អ​លក្ខ​ខណ្ឌ​​របស់​​កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា និង​ស្នើ​ឲ្យ​ប្រព្រឹត្ត​ដោយ​ស្មើភាព​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​អាមេរិក និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ស្តង់​ដារ​របស់​ខ្លួន។

ក្នុង​លិខិត​នោះ​សរសេរ​ថា៖ «អតិ​ថិ​ជន​របស់​យើង​ប្រកាន់​ជំហរ​ឲ្យ​យើងមាន​ស្តង់​ដារ​ខ្ពស់ និង​បង្កើន​ចំណាប់​អារម្មណ៍​លើ​លក្ខខណ្ឌ​ការ​ងារ និង​សង្គម​ក្នុង​ប្រទេស​ដែល​ជា​ប្រភព​នៃ​ផលិត​ផល​របស់​យើង។ ដូច្នេះ​ហើយ​ ពួកយើង​សំណូម​ពរ​ដោយគោរព​ដល់​រដ្ឋាភិបាល​របស់​អ្នក​ក្នុង​ការ​បន្ត​ការ​ការយក​ចិត្ត​ទុកដាក់​លើ​លក្ខខណ្ឌ​ការ​ងារសម្រាប់​កម្ម​ករ​រោង​ចក្រ​ក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់​មក​រដ្ឋាភិបាល​យើង​វិញ​ និង​សង្គម​ស៊ីវិល​ដោយ​ភាពយុត្តិ​ធម៌ តាម​បទ​ដ្ឋាន​ស្តង់ដារ​អន្តរជាតិ​​»។

ទោះ​ជា​យ៉ាង​ណា ​ក្រុម​ហ៊ុន​មួយ​នេះ ​នៅ​តែ​រក្សា​ការ​បន្ត​បញ្ជាទិញ​សម្លៀក​បំពាក់ និង​កំពុង​ពិចារណា​ក្នុងការ​ទិញ​ផលិត​ផល​កាបូបបន្ថែម​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ។

​គម្រោង​រោង​ចក្រ​ល្អនៅ​កម្ពុជា ឬ​ Better Factories ដែល​បាន​ចេញ​ផ្សាយរបាយការណ៍ កាលពី​ខែ​ធ្នូ​នេះ លើក​ឡើង​ថា បញ្ហា​សុខភាព និង​សុត្ថិភាព​កម្មករ ​មិន​ត្រូវ​បាន​ស្ថាប័ន​ពាក់​​ព័ន្ធ​នៅ​កម្ពុជា​ យក​ចិត្ត​ទុក​ដាក់​បាន​ពេញ​លេញ​នៅឡើយ​ទេ ខណៈ​ក្រសួង​ការ​ងារ​លើក​ឡើង​ថា ​ខ្លួន​កំពុង​ជំរុញ​បន្ថែម​ ដើម្បី​កែ​លំ​អ​។

ជុំវិញ​ការ​ស្នើ​ដល់​កម្ពុជាក្នុង​កា​រ​ផ្តល់​ភាព​យុត្តិ​ធម៌​ក្នុង​ទំនាក់​ទំនង​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុជាលោក សុខ ឥសាន មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជា​​ជន​កំពុង​ធ្វើ​សព្វថ្ងៃ ​គឺ​កំពុង​តែ​ដើរ​តាម​ភាព​យុត្តិ​ធម៌​រួច​ហើយ​ តែ​ថា ​ប្រសិន​ជា​ប្រទេស​ណា​មួយ​លូក​ដៃ​ចូល​កិច្ចការផ្ទៃ​ក្នុង​ប្រទេ​កម្ពុជា​នោះ ​កម្ពុជា​មិន​អាច​ធ្វើ​ការជិតស្និទ្ធ​​ជា​មួយ​ប្រទេស​នោះ​ទេ។

​លោក​ថា៖ «អត់​មាន​ស្អី​ទេ! នយោបាយ​ការបរទេស​របស់​គណបក្សប្រជា​ជន​ ក៏​ដូច​ជា​គណបក្សប្រជា​ជន​កម្ពុជាគឺ​ថា ​ស្នើ​សិទ្ធិ​ស្នើ​ភាព​គ្នា​កុំ​ឲ្យ​តែមាន​ការ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុ​ង​ផង​គ្នា​! អាហ្នឹង​មិន​អាច សាមគ្គី​គ្នា​បាន​ទេ គោល​ការណ៍​របស់​យើង​គឺ​អញ្ចឹង ​កុំ​ឲ្យ​បន្ទោស​ខាង​ណា។ យើង​គោរព​ឯក​រាជ្យគេ បូរណភាព​ទឹក​ដី​គេ មិន​ដែល​ឈ្លានពាន​អ្នក​ណា​មាន​តែ​គេឈ្លានពាន​កម្ពុជា»។

​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ យល់​ថាកម្ពុជា​គួរ​ពិចារណា​ចំពោះ​សំណើរ​បស់​ក្រុម​ហ៊ុន​ដ៏​ធំ​នេះ ដោយ​ថាការ​ស្នើ​របស់​ក្រុម​ហ៊ុន​នេះ ​គឺ​ដើម្បី​ផល​ប្រយោ​ជន៍​របស់​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។

លោក​ថា៖ «តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ ​អាមេរិក​គេ​បាន​ជួយ​ខ្មែរ​យើង​ច្រើនណាស់! រដ្ឋាភិបាល​គួរ​តែ​យក​ចំណុច​ត្រង់​នេះ ដើម្បី​អនុវត្តន៍​អ្វី​មួយ ​ដែល​ជាការ​តប​ស្នង​សង​គុណ​ចំពោះ​គេ ព្រោះ​គេជួយ​យើង​សឹ​ង​តែ​​ថា ​គេ​មិន​ចង់​បាន​អី​ពី​យើង​ទេ​គ្រាន់​តែ​ថា ឲ្យ​យើង​គោរពសិទ្ធិ​កម្ម​ក​រ គោរព​សិទ្ធិ​មនុស្សប្រជា​ធិបតេយ្យ បើ​យើង​ធ្វើ​ប៉ុ​ហ្នឹង​មិន​បាន​មាន​ន័យ​ថា​ យើង​គឺ​ជាមនុស្ស​មួយដែល​អកត្ត​ញ្ញូ ហើយ​ជាតិ​សាសន៍​មិន​ល្អ​សម្រាប់​ប្រជា​ធិ​បតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។

រដ្ឋ​មន្ត្រី​ក្រសួងការងារ​​លោក​ អ៊ិត សំហេង បាន​ឲ្យ​ដឹង​បន្ថែម​ថា ទី​ផ្សារ​ដែលក្រុម​ហ៊ុន WalMart ​នេះជា​ទី​ផ្សារ​ធំ​របស់​កម្ពុជា ដែល​យក​ទៅ​លក់​​នៅ​​ទី​ផ្សារ​សហរដ្ឋ​អាមេរិក និង​កាណា​ដា។

របាយការណ៍​ស្តីពី​គំ​ហើញ​ថ្មីលើ​លក្ខខណ្ឌរោងចក្រ​ដែល​ចែក​ចាយ​ឲ្យ ​WalMart ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​WalMart នាំ​ចេញ​ផលិត​ផល​សំលៀក​បំពាក់​ពី​កម្ពុជាទៅ​កាន់​សហ​រដ្ឋ​អាមេរិកមាន​ទំ​ហំ​ប្រមាណ​​​៣ភាគ​រយនៃ​ការ​នាំ​ចេញ​សរុប​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក និង​បាន​គ្រប​ដណ្តប់​លើ​រោង​ចក្រ​ជាង​​២ភាគ​រយ​នៃ​រោង​ចក្រ​នៅ​កម្ពុជា។

របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចភពអង់គ្លេស OEC បានបង្ហាញថា ប្រទេស​បី​​ដែ​ល​ក​ម្ពុ​ជា​នាំ​​ចេញ​ផលិផលធំ​បំផុតទៅលក់​នោះមាន ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ និង​អាល្លឺម៉ង់​ ដែល​មា​ន​ទំហំទឹ​ក​ប្រា​​ក់ ​៦,៥​ពាន់លាន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ