ពលករ​បរទេស​នៅ​ជប៉ុន​កើន​ដល់​ជាង​១​លាន​នាក់​ជា​លើក​ដំបូង

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា ចំនួន​ពលករ​បរទេស​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​កើន​ឡើង​ដល់​ទៅ​ចំនួន​ ១​លាន​នាក់ ជា​លើក​ដំបូង កាល​ពី​ឆ្នាំ​មុន ខណៈ​ប្រទេស​កំពុង​ខ្វះ​ខាត​កម្លាំង​ពលកម្ម​មួយ​នេះ ព្យាយាម​ស្វែង​រក​ពលករ​ជប៉ុន​ឲ្យ​បាន​គ្រប់​គ្រាន់។

តួលេខ​ក្រសួង​ការងារ បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គិត​ត្រឹម​ខែ​តុលា​កាល​ពី​ឆ្នាំ​មុន ពលករ​បរទេស​ជាង ១​លាន​នាក់ មក​ពី​បណ្ដា​ប្រទេស​នានា ដូចជា ចិន និង​វៀតណាម កំពុង​បម្រើការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

តួលេខ​នេះ​បង្ហាញ​នូវកំណើន​ជិត ២០​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​មុន ហើយ​ជា​កំណត់​ត្រា​ថ្មី​នៅ​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​ជាប់ៗ​គ្នា។ តួលេខ​នោះ​បង្ហាញ​ថា ជប៉ុន​កំពុង​តែ​ងាក​ទៅ​រក​ពលករ​មក​ពី​ក្រៅ​ប្រទេស ដើម្បី​បំពេញ​កង្វះ​ខាត​កម្លាំង​ពលកម្ម​របស់​ខ្លួន បើ​ទោះបី​ជប៉ុន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​យក​ជន​បរទេស​ក៏​ដោយ។

ប្រទេស​ជប៉ុន​ប្រឈម​មុខ​នឹង​សម្ពាធ​ការងារ​អាក្រក់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ ចំ​ពេល​ដែល​ប្រទេស​នេះ​ប្រឈម​នឹង​កំណើន​ពលរដ្ឋ​មាន​វ័យ​ចំណាស់​កាន់​តែ​ច្រើន ដែល​ជំរុញ​ឲ្យ​មាន​ការ​អំពាវ​នាវ​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ឲ្យ​ប្រទេស​ជប៉ុន​ទទួល​យក​ពលករ​បរទេស សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច។

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ធ្លាប់​បាន​និយាយ​ថា ប្រទេស​នេះ​គួរ​តែ​ដាក់​ស្ត្រី​ និង​មន្ត្រី​ចាស់​ឲ្យ​កាន់​តែ​ច្រើន ចូល​ក្នុង​កម្លាំង​ពលកម្ម មុន​នឹង​ទទួល​យក​ពលករ​បរទេស ប៉ុន្តែ ក្រុម​អ្នក​បង្កើត​គោល​នយោបាយ កំពុង​តែ​រក​វិធី​នាំ​ចូល​ពលករ​បរទេស​បន្ថែម​ទៀត ដោយ​មិន​ចាត់​ទុក​ថា​ជា «ពលករ​អន្តោប្រវេសន៍»​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ