ប្រធានាធិបតី​អាមេរិក​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់ពលរដ្ឋ​ប្រទេស​មូស្លីម​ចំនួន​៧

ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ (រូបភាពពី​ទី​ភ្នាក់​ងារ​Channel News Asia)

ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បញ្ជា​ថ្មី​មួយ នៅ​ថ្ងៃ​នេះ ដោយ​បាន​ផ្អាក​រាល់​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​អស់ និង​បាន​ដាក់​វិធានការ​គ្រប់​គ្រង​ថ្មី​ដ៏​តឹង​រឹង ទៅ​លើ​អ្នក​ដំណើរ​មក​ពី​បណ្ដា​ប្រទេស​មូស្លីម​ចំនួន ៧។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដោយ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​លោក​បាន​សន្យា​នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះ លោក ត្រាំ បាន​និយាយ​ថា លោក​កំពុង​តែ​ធ្វើ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព គេច​ផុត​ពី​ពួក​ភេរវករ​ជ្រុល​និយម​ឥស្លាម។

លោក​បាន​ប្រកាស​អំពីការ​សម្រេច​បែប​នេះ​នៅ​ឯ​មន្ទីរ​បញ្ចកោណ​ថា ការពារ​ប្រទេស​មិន​ឲ្យ​ពួក​ភេរវករ​បរទេស​ចូល​ទៅ​សហរដ្ឋ​អាមេរិក។

សេតវិមាន​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ ប៉ុន្តែ សេចក្ដី​ព្រាង​បញ្ជា​មួយ បាន​បែក​ធ្លាយ​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កាល​ពី​ដើម​សប្ដាហ៍​នេះ។

យោង​តាម​ឯកសារ​ដែល​គេ​មិន​ទាន់​អាច​បញ្ជាក់​បាន​នោះ បទ​បញ្ជា​របស់​លោក ត្រាំ បាន​ផ្អាក​រាល់​កម្មវិធី​ជ្រក​កោន​ទាំង​អស់​របស់​ជន​ភៀស​នៅ​អាមេរិក​យ៉ាង​ហោច​ណាស់​ក៏ ១២០​ថ្ងៃ​ដែរ ខណៈ​ដែលបទ​ប្បញ្ញត្តិ​តឹងរឹង​ថ្មីៗ ត្រូវ​បាន​គេ​បង្កើត​ឡើង។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អាមេរិក​នឹង​មិន​ផ្ដល់​ទិដ្ឋាការ ៣០​ថ្ងៃ​ទៅដល់​ជន​អន្តោ​ប្រវេសន៍ ឬ​អ្នក​ដំណើរ​មក​ពី​ប្រទេស​មូស្លីម​ចំនួន ៧ ក្នុង​នោះ​មាន​អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយ៉េមេន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ