ប្រធានាធិបតី​អាមេរិក​បញ្ជា​ឲ្យ​កសាង​អំណាច​យោធា​ឡើង​វិញ

ប្រធានា​ធិបតី​អាមេរិកលោក​ ត្រាំ​(រូបភាពពី​ទី​ភ្នាក់​ងារ​Channel News Asia)

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ ឲ្យ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​អ្វី​ដែល​លោក​ហៅ​ថា “ការ​កសាង​កម្លាំង​ទ័ព​ដ៏​អស្ចារ្យ​ឡើង​វិញ” ដោយ​សន្យា​ផ្ដល់​យន្តហោះ​ចម្បាំង​ នាវា​ចម្បាំង​ថ្មីៗ និង​ធន​ធាន​បន្ថែម​ទៀត​សម្រាប់​កង​ទ័ព។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្នុង​ពិធី​មួយ​នៅ​មន្ទីរ​បញ្ចកោណ លោក ត្រាំ និយាយ​ថា​៖ “កម្លាំង​យោធា​របស់​យើង នឹង​គ្មាន​នរណា​ម្នាក់​មក​ចោទ​សួរ​នោះ​ឡើយ ប៉ុន្តែ ក៏​គ្មាន​នរណា​មក​ចោទ​សួរ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​សន្តិភាព​ផង​ដែរ។ យើង​ពិត​ជា​ចង់​បាន​សន្តិភាព”។

លោក ត្រាំ បាន​ព្យាករ​ថា សភា​ដែល​ជា​អ្នក​កំណត់​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​នោះ នឹង​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​សំណើ​ចំណាយ​ថ្មី​របស់​សេតវិមាន​ សម្រាប់​វិស័យ​យោធា។

នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត លោក ត្រាំ បាន​បញ្ជាក់​ច្បាស់​ថា លោក​ចង់​ពង្រីក​អំណាច​យោធា និង​​កំពង់ផែ​សម្រាប់​យន្តហោះ​ចម្បាំង និង​នាវា​ចម្បាំង។

លោក ត្រាំ បាន​លើក​ឡើង​ថា លោក​​ចង់​ពង្រីក​នាវា​ចម្បាំង​ទៅ​ដល់ ៣៥០​គ្រឿង ពោល​គឺ​កើន​ឡើង​ពី​ចំនួន ២៧៤​គ្រឿង​នា​ពេល​បច្ចុប្បន្ន និង​ច្រើន​ជាង​ចំនួន ៣១០ ដែល​ជា​គោលដៅ​ទៅ​ទៀត។

លោក ត្រាំ បាន​ចេញ​បញ្ជា​ថ្មី​បែប​នេះ​តែ​ជាង​មួយ​សប្ដាហ៍​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ជា​​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

លោក ត្រាំ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ជា​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្មី​របស់​អាមេរិក លោក James Mattis ឲ្យ​បន្តឹង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ដោយ​បំពាក់​សព្វាវុធ​ធុន​ធ្ងន់​ដល់​ទាហាន​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ