ខេត្តមួយជាប់ព្រំដែនច្រានចោលថាវៀតណាមមិនបានធ្វើផ្លូវថ្នល់រំលោភចូលដីខ្មែរ

អ្នកនាំពាក្យសាលាខេត្តស្វាយរៀងអះអាងថា វៀតណាមមិនបានធ្វើផ្លូវរំលោភចូលដីខ្មែរច្រើនរយហិកតា នៅឃុំចន្ទ្រានៃខេត្តនេះដូចការលើកឡើង របស់ប្រជាពលរដ្ឋ និងអ្នកលេងហ្វេសប៊ុកមួយចំនួននោះទេ។

នៅពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងខេត្តស្វាយរៀង និងអ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបភាពគ្រឿងចក្រ និងរថយន្តដឹកដី ធ្វើផ្លូវជាប់ខ្សែក្រវាត់ព្រំដែនដែលពួកគេថា ការធ្វើផ្លូវនោះ ភាគីវៀតណាមបានរំលោភចូលដីស្រែអ្នកភូមិច្រើនរយហិកតា ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង គ្មានកិច្ចអន្តរាគមន៍ទប់ស្កាត់ពីអាជ្ញាធរកម្ពុជា។

អ្នកនាំពាក្យសាលាខេត្តស្វាយរៀងលោក រស់ ផារិន មានប្រសាសន៍ប្រាប់VODនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា វៀតណាមមិនបានធ្វើផ្លូវថ្នល់ចូលដីខ្មែរដូចការលើកឡើងទេ។ លោកថា គ្រឿងចក្រវៀតណាមដែលកំពុងដឹកជញ្ជូនដីនោះ ពួកគេបានធ្វើផ្លូវក្បែរខ្សែបន្ទាត់ព្រំដែននៃប្រទេសទំាងពីរ។ លោក រស់ ផារិន បញ្ជាក់ថា ផ្លូវនោះវៀតណាមធ្វើឆ្ងាយពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ប្រហែល៥០ទៅ១០០ម៉ែត្រ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសកម្មចុះឃ្លំាមើលព្រំដែន លោក ម៉ៅ មុនីវណ្ណ ថាលោកមិនទាន់បានដឹងពីបញ្ហានេះ។

គួរបញ្ជាក់ថា កន្លងទៅគណបក្សសង្គ្រោះជាតិ បានរិះគន់ថា ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ចាញ់ប្រៀបភាគីវៀតណាម ដោយពួកគេថា ការចាញ់ប្រៀបនោះធ្វើឲ្យកម្ពុជាបាត់ដីមួយផ្នែកទៀតទៅប្រទេសជិតខាងមួយនេះ។

ទោះជាយ៉ាងណា សកម្មភាពរិះគន់ និងចុះពិនិត្យដល់បង្គោលព្រំដែនរបស់បក្សប្រឆាំងនេះ បានស្ងាត់ទៅវិញ ក្រោយពីអ្នករិះគន់ និងសកម្មជនព្រំដែនខ្លះត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ និងខ្លះទៀតកំពុងរត់គេចខ្លួននៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ