បក្សប្រឆាំងរំឭកសកម្មជនកុំឲ្យចូលអន្ទាក់នៃអំពើហិង្សនាំឲ្យបាត់ឱកាសឈ្នះការបោះឆ្នោត

លោក កឹម សុខា កាលពីកន្លងទៅ

មេដឹកនាំគណបក្សបក្សប្រឆាំងផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនឲ្យអត់ធន់ក្នុងកម្រិតខ្ពស់បំផុត ធ្វើយ៉ាងណាកុំឲ្យធ្លាក់ក្នុងអន្ទាក់នាំទៅរកអំពើហិង្សាគ្រប់រូបភាព ដោយមេដឹកនាំបក្សប្រឆាំងថា មានតែការអត់ធ្មត់ទេ ទើបអាចឲ្យគណបក្សនេះឈានទៅឈ្នះការបោះឆ្នោតនាពេលខាងមុខ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានមកដល់នៅឆ្នាំ២០១៧ រីឯការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងឈានមកដល់នៅឆ្នាំ២០១៨។

ថ្លែងក្នុងពិធីចុះជួបអ្នកគាំទ្រនៅខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា ពេលនេះ ពលរដ្ឋបានដឹងអ្វីៗគ្រប់យ៉ាង ដោយលោកថា ដូចនេះ អ្នកនយោបាយណាក៏ដោយ មិនអាចភូតកុហក ឬបោកប្រាស់ពលរដ្ឋបានទៀតទេ។

លោក កឹម សុខា បានផ្តាំផ្ញើសកម្មជន អ្នកគាំទ្រ និងយុវជនថា ដំណាក់កាលនេះ មានតែការអត់ធ្មត់ មិនតបតទេ ដែលលោកថា អាចនាំឲ្យគណបក្សប្រឆាំងមួយនេះឈានទៅឈ្នះការបោះឆ្នោត នាពេលខាងមុខបាន។

កន្លងទៅគណបក្សសង្គ្រោះជាតិធ្លាប់រិះគន់រដ្ឋាភិបាលពី​ការបោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យកម្ពុជាខាតបង់ រិះគន់អំពើពុករលួយ​របស់ស្ថាប័នរដ្ឋមួយចំនួន និងរិះគន់ថាប្រព័ន្ធយុត្តិធម៌មិនឯករាជ្យជាដើម។

ប៉ុន្តែក្រោយមក សកម្មជនគណបក្សនេះ១៥នាក់ត្រូវរដ្ឋាភិបាលប្តឹង ហើយបច្ចុប្បន្ននេះ ពួកគេទាំងនោះកំពុងជាប់ពន្ធនាគារព្រៃស។

ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួនពីតុលាការនៅកម្ពុជា។ អនុប្រធានលោក កឹម សុខា ត្រូវបានតំណាងរាស្ត្រភាគច្រើនរបស់គណបក្សកំពុងគ្រប់គ្រងអំណាចបោះឆ្នោតទម្លាក់ចេញពីអនុប្រធានទី១នៃរដ្ឋសភា និងតំណាងរាស្ត្រពីររូបទៀត របស់បក្សប្រឆាំងមួយនេះគឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា វាយឲ្យរងរបួសធ្ងន់ នៅជិតរបងរដ្ឋសភា កាលពីចុងឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ