អង់គ្លេស​ជំរុញ​ម៉ាឡេស៊ី​ឲ្យ​ចែក​រំលែក​ភស្តុតាង​ឃាតកម្ម​លោក គីម ជុងណាម ទៅ​ភាគី​អន្តរជាតិ

ចក្រភព​អង់គ្លេស នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​ចែក​រំលែក​ជាមួយ​អង្គការ​សហ​ប្រជាជាតិ នូវ​ភស្តុតាង​សារធាតុ​គីមី VX ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​ឃាត​លោក គីម ជុងណាម ដើម្បី​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​អាច​ចាត់​វិធានការ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អគ្គ​រាជ​ទូត​អង់គ្លេស លោក Matthew Rycroft បាន​និយាយ​ថា ដំណឹង​ស្ដី​ពី​ឃាតកម្ម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ទៅ​លើ​លោក គីម ជុងណាម គួរ​តែ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​អង្គការ​​ហាម​ឃាត់​អាវុធ​គីមី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ។

លោក Rycroft បាន​ប្រាប់​អ្នក​កាសែត​ថា ប្រសិន​បើ​អាជ្ញាធរ​ម៉ាឡេស៊ី​មាន​ភស្តុតាង ពួកគេ​គួរ​តែ​បញ្ជូន​វា​ទៅ​អង្គការ​ខាង​លើ និង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

លោក Rycroft បាន​បន្ត​ថា លោក​សង្ឃឹម​ថា ប្រទេស​ណា​ក៏​ដោយ ដែល​ស្ថិត​ក្នុង​ករណី​ដូច​ប្រទេស​ម៉ាឡេស៊ី និង​មាន​ភស្តុតាង​រឹង​មាំ​បែប​នេះ គួរ​តែ​បញ្ចេញ​វា​ឲ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

អគ្គ​រាជ​ទូត​ជប៉ុន លោក Koro Bessho បាន​និយាយ​ថា វា​អាស្រ័យ​ទៅ​លើ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​សម្រេច​ថា តើ​គេ​ចង់​បញ្ជូន​ព័ត៌មាន​នេះ​បន្ត​ទៀត​​ឬ​យ៉ាង​ណា​នោះ។ លោក​ថា ជប៉ុន​កំពុង​តែ​រង់ចាំ​ប្រទេស​ម៉ាឡេស៊ី ធ្វើការ​សម្រេច​ចិត្ត​ដ៏​ច្បាស់​លាស់​មួយ។

ម៉ាឡេស៊ី​គឺ​ជា​ប្រទេសហត្ថលេខី​នៃ​អនុសញ្ញា​អាវុធ​ជីវសាស្ត្រ ដែល​បាន​លុប​បំបាត់​ចោល​ការ​ប្រើ​ប្រាស់​សារធាតុ​គីមីពុល​បែប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ