ទឹកខ្មៅកង្វក់ពីបំពង់លូយ៉ាងតិចពីរកន្លែងបានហូរចាក់ចូលទន្លេផ្នែកខាងជើងព្រះមរមរាជវាំងជារៀងរាល់ថ្ងៃ។ ទីតាំងនោះជាកន្លែងទេសចរណ៍ដ៏មមាញឹកជាងគេនៅកណ្តាលរាជធានីភ្នំពេញដែលត្រូវរដ្ឋាភិបាលអះអាងថាជាទីក្រុងគុជ។
អ្នកលក់ដូរ និងអ្នកដើរកំសាន្តតាមមាត់ទន្លេមួយចំនួន បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ក្លិនទឹកស្អុយដែលភាយចេញពីលូ ឬអាងស្តុបទឹកទំាងនោះ ត្រូវបានគេបង្ហូចូលទឹកទន្លេដែលជាកន្លែងទេសចរណ៍នេះប្រហែល៦ឆ្នាំមកហើយ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរនោះទេ។
រុញរទេះដើរលក់ភេសជ្ជៈចល័តនៅក្បែរច្រំាងមាត់ទន្លេ អ្នកស្រី គឹម លី បានរៀបរាប់ថា គាត់មករស់នៅភ្នំពេញប្រកបរបរលក់ដូរនៅមាត់ទន្លេជិត២០ឆ្នាំ ដោយអ្នកស្រីសង្កេតឃើញថា ទឹកស្អុយដែលប្រជាពលរដ្ឋនៅម្តុំជួរមាត់ទន្លេ ក្នុងរាជធានីភ្នំពេញប្រើប្រាស់តាមផ្ទះនោះ ត្រូវបានបង្ហូរចូលតាមលូរ ឬអាងស្តុបទឹក ដែលអ្នកស្រីថា អាងនោះទំនងជារបស់ស្ថាប័នរដ្ឋធ្វើនៅក្រោមដី ដើម្បីបង្ហូរចូលទន្លេ មុខវត្តឧណ្ណាលោមជារៀងរាល់ថ្ងៃ។
អ្នកស្រី លី អះអាងថា អ្នកដើរកំសាន្ត និងអ្នកអង្គុយលេងនៅក្បែរច្រំាងមាត់ទន្លេរាប់រយនាក់បាននិយាយប្រហាក់ប្រហែលគ្នាថា ក្លិនទឹកស្អុយដែលគេបង្ហូរចូលទឹកទន្លេនេះ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលទៅស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតំបន់នោះ។
អ្នកស្រីនិយាយថា៖ «កាលណាយើងអង្គុយទៅ យើងហិតក្លិននឹងទៅវាខូចសុខភាព វាអាចខូចបរិស្ថាន ព្រោះអីទស្សនិកជន មិនថាប្រជាជនខ្មែរ សូម្បីតែបរទេសក៏គាត់មកអង្គុយនៅនឹងដែរ តែធ្វើម៉េចបើគេបង្ហូរមក យើងអត់ដឹងដែរ ២៤ម៉ោង និយាយរួមតំាងខ្ញុំមកអង្គុយនៅទីនេះ ឃើញហូរហូត»។
ទោះជាបែបនេះក្តី ស្ត្រីរូបនោះឲ្យដឹងទៀតថា មិនឃើញមានអាជ្ញាធរបិទចរន្តទឹកស្អុយ កុំឲ្យហូរចូលទឹកទន្លេនោះទេ ។
អង្គុយលើបង្កាន់ដៃច្រំាងទន្លេម្តុំមុខវត្តឧណ្ណាឡោម ក្បែរព្រះបរមរាជវំាង លោក ម៉េង រិទ្ធី បានប្រាប់អ្នកសារព័ត៌មានថា ទឹកស្អុយនេះ ត្រូវបានគេបង្ហូរចូលទឹកទន្លេជាច្រើនឆ្នាំហើយ។ លោកថាបើមិនមានអាជ្ញាធរទប់ស្កាត់ទេ នោះធ្វើឲ្យទឹកទន្លេកាន់តែកង្វក់ ករណីនេះបើពលរដ្ឋមួយចំនួននៅក្រោមដៃទន្លេ ដងទឹកនោះ យកទៅប្រើប្រាស់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។
លោកបញ្ជាក់ថា៖ «នៅភ្នំពេញគេប្រើទឹកម៉ាស៊ីនទេ ប្រជាពលរដ្ឋដូចបងប្អូនខ្មែរឥស្លាមដែលគាត់អាស្រ័យទឹកទន្លេដែលយកទៅហូបរាល់ថ្ងៃវាអាចប៉ះពាល់ខ្លាំង [សុខភាព]ព្រោះទឹកនេះមិនល្អទេ ទឹកបង្គុន ទឹកលូ និយាយរួមទឹកនេះ ទឹកអត់ស្អាត»។
លើសពីនេះទៀត លោក រិទ្ធី បានឲ្យដឹងទៀតថា នៅពេលមេឃភ្លៀងធំម្តងៗ មានកាកសំណល់ដូចជា ធូប សធ័រដូង ដបទឹកសុទ្ធ និងសំរាមផ្សេងៗទៀត បានហូរចេញពីលូ ឬអាងស្តុបទឹកនេះ ចូលក្នុងទន្លេទៀតផង។
អង្គុយលើបង្កាន់ដៃច្រំាងទន្លេ ជជែកគ្នាជាមួយមិត្តភ័ត្ត យុវជន បៅ លីម យល់ថា មូលហេតុដែលរដ្ឋបង្ហូរទឹកស្អុយចូលទឹកទន្លេនេះ ដោយសារនៅក្នុងរាជធានីភ្នំពេញមិនមានកន្លែងស្តុបទឹក ខណៈបឹងមួយចំនួនក្នុងរាជធានីភ្នំពេញ ជាពិសេសបឹងទំពុន និងបឹងកក់ជាដើម ត្រូវបានក្រុមហ៊ុនបូមខ្សាច់ពន្លិច ដើម្បីធ្វើការអភិវឌ្ឍន៍។
លោកមានប្រសាសន៍ថា៖ «បើសិនជាមានបឹងនៅក្នុងភ្នំពេញ វាអាចប្រជៀតទៅក្នុងបឹងខ្លះ ប៉ុន្តែលុបបឹងដ៏អស់ មានតែទន្លេមួយទេដែលជាមុខព្រួញរបស់គេ គោលដៅគេមកតែទន្លេម្តង ព្រោះលុបបឹងអស់ហើយ មានចូល [បង្ហូរទឹកស្អុយ]តាមណារួច»។
កាលពីឆ្នាំ២០១៤ សាលារាជធានីភ្នំពេញទទួលបានជ័យលាភីជាពានរង្វាន់ និងវិញ្ញាបនបត្រ ផ្នែកទឹកស្អាត នៃទីក្រុងធំៗផ្សេងទៀត ក្នុងតំបន់អាស៊ាន។ បន្ទាប់ពីទទួលជ័យលាភីនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយលោក អៀង អូនី អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រតិភូទៅទទួលដោយផ្ទាល់ពីគណៈកម្មការនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ប៉ុន្តែពលរដ្ឋមួយចំនួន និយាយថា បើរដ្ឋាភិបាលមិនពិនិត្យ និងលុបបំបាត់កុំឲ្យទឹកស្អុយហូរចូលទន្លេនេះបានទេ នឹងធ្វើឲ្យសាធារណៈជនជាតិ និងអន្តរជាតិ រិះគន់រដ្ឋាភិបាលថា មិនចេះថែរក្សាបរិស្ថាន និងមច្ឆាជាតិក្នុងទឹកទន្លេ ហើយធ្វើឲ្យទីក្រុងភ្នំពេញ បាត់សោភ័ណ្ឌភាព ខណៈរដ្ឋាភិបាលដាក់ឈ្មោះទីក្រុងភ្នំពេញថាជា «ទីក្រុងគុជ» នោះ។
ឈរនៅក្រោមដើមឈើ ក្បែរច្រំាងទន្លេ លោក អ៊ឹង រិទ្ធិ លើកឡើងថា ដើម្បីឲ្យបរិស្ថានស្អាត ទីក្រុងស្អាត និងមានសោភ័ណ្ឌភាពល្អ រដ្ឋាភិបាលត្រូវរំដោះទឹកស្អុយក្នុងរាជធានីភ្នំពេញទៅក្រៅទីប្រជុំជន ជាជាងបង្ហូរចូលទឹកទន្លេ ឬបង្កើតកន្លែងចំរាញ់ទឹកស្អុយឲ្យទៅជាទឹកស្អាតវិញ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលខ្ញុំជឿជាក់ថា គាត់និងអាចធ្វើបាន ចំរាញ់ពីទឹកស្អុយទៅទឹកស្អាត មានចំរោះ គាត់ធ្វើមានកន្លែងចំរោះរបស់គាត់ ចេញមកទឹកស្អាតតែម្តង ប្រទេសគេមានឥណ្ឌា មានគំនសំរាមគេធ្វើទៅជាអគ្គិសនីរបស់គេ»។
លោក សឹម ដុល្លារ ដែលអះអាងថា ជាកម្មករយាមនៅអាងស្តុបទឹកមុខវត្តឧណ្ណាឡោម រាជធានីភ្នំពេញ ទទួលស្គាល់ថា ពិតជាមានទឹកស្អុយហូរចូលទឹកទន្លេពិតមែន ដោយសារពេលភ្ញៀងមកធ្វើឲ្យដី ហូតាមទឹកចូលពេញទ ធ្វើឲ្យទឹកស្អុយជ្រាបចូលអាងក្រោមដី ដែលមានទំហំ៤ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ។ លោក សឹម ដុល្លារ បន្តថា ក្រុមការងារកំពុងចុះស្តាដីចេញពីបាតអាងស្តុបទឹកនោះ ក្នុងមួយថ្ងៃប្រហែលជា១០ឡាន ដើម្បីដឹកយកទៅចាក់នៅត្រើយម្ខាងផងដែរ។
លោកនិយាយថា៖ «ដីវាពេញ គឺវាត្រូវហៀចេញមកហើយ ដីវាហូតាមលូមក កំពុងស្តារាល់ថ្ងៃ ទើបហើយម៉ិញ ឡើងម៉ិញ ប៉ុន្តែស្តាប្រហែលជា១ខែបានហើយ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានសហការជាមួយមន្ទីរបរិស្ថាន និងសាលាខ័ណ្ឌ ដើម្បីដោះស្រាយបញ្ហាទឹកស្អុយទំាងនេះហើយប៉ុន្តែលោកមិនបានបញ្ជាក់ពីការបង្វែរទឹកស្អុយនោះទៅទីតំាងណាទេ ដោយទម្លាក់ការងារនេះទៅផ្នែកបរិស្ថានវិញ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ដែលតាមដានរឿងនេះ មានការភ្ញាក់ផ្អើល នៅពេលឮថាមានការបង្ហូរទឹកស្អុយចូលទឹកទន្លេនោះ ដោយលោកថា នៅម្តុំផ្សារកណ្តាលមានប្រព័ន្ធស្តុបទឹកស្អុយ មិនឲ្យហូរចូលទន្លេផងដែរ។
លោក សន ជ័យ យល់ថា បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធិភាពទេ នឹងធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងអភិបាលកិច្ចរបស់រដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «បើគ្រាន់តែទឹកស្អុយប៉ុន្នឹង គ្រប់គ្រងមិនបាន ផែនការគ្រប់គ្រងទឹករបស់រដ្ឋាភិបាល វាមានការរិះគន់ ហើយវាមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមដងទន្លេ ក៏វាប៉ះពាល់ដល់នយោបាយរបស់រដ្ឋាភិបាលដែរ»។