CNRP ប្រកាសមិនទទួលខុសត្រូវចំពោះសមាជិកណាដែលវាយប្រហារបក្សកាន់អំណាច

ទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ។

គណបក្សសង្គ្រោះជាតិប្រកាសមិនទទួលខុសត្រូវចំពោះសកម្មភាព ឬទង្វើរបស់សមាជិកទាំង ឡាយណាដែលប្រព្រឹត្តផ្ទុយពីច្បាប់ និងគោលការណ៍របស់បក្ស។

ការប្រកាសបែបនេះ ធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលមន្រ្តី បក្សសង្គ្រោះជាតិពីររូបគឺលោក លី ពឿន ប្រធានសាខាគណបក្សសង្គ្រោះជាតិនៅខេត្ត លី យ៉ុង ប្រទេសបារាំងនិងលោកនិងលោក ទួត ឃឿត តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិខេត្តព្រៃវែងដោយបក្សកាន់អំណាវថា មន្រ្តីបក្សប្រឆាំងបានប្រើពាក្យជេរប្រមាថជាសាធារណៈមកលើថ្នាក់ដឹករដ្ឋាភិបាល។

ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨កុម្ភៈឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា គណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាគោរពនូវសេចក្តីថ្លៃថ្នូររបស់បុគ្គល ដោយជៀសវាងដាច់ខាតនូវការជេរប្រមាថការប្រើពាក្យអសុរស មួលបង្កាច់ បង្កជម្លោះ គម្រាមកំហែង បំភិតបំភ័យអ្នកដទៃ ហើយគណបក្សសង្គ្រោះថ្កោលទោសចំពោះគ្រប់ជនទាំងឡាយណា ដែលធ្វើទង្វើទាំងនេះ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា គណបក្សសង្គ្រោះជាតិបានណែនាំឲ្យថ្នាក់ដឹកនាំ និងសមាជិកគ្រប់លំដាប់ថ្នាក់ទាំងក្នុង និងក្រៅប្រទេសគោរពគោលការណ៍ទាំងនេះផងដែរ។

ចំណែកក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនចុះថ្ងៃទី២៧កុម្ភៈឆ្នាំ២០១៧ ឲ្យដឹងថាកាលពីថ្ងៃទី២៥កុម្ភៈ មន្រ្តីបក្សប្រឆាំងទាំងពីររូបបានជេរប្រមាថ​មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដូចជាប្រើពាក្យថា របបតិរច្ឆាន សត្វតិរិច្ឆាន ជនពាល បំផ្លិចបំផ្លាញជាតិ សម្លាប់ប្រជាជនខ្មែរសាហាវជាងរបបខ្មែរក្រម លួចសន្លឹកឆ្នោត សំឡុតបាញ់ប្រហារ និងពាក្យប្លន់ប្រជាជនជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការប្រើប្រាស់ពាក្យទាំងនេះធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់នាំ និងបង្ករឲ្យមានភាពវឹកវរធ្ងន់ធរ ដល់សន្តិសុខសង្គម។

លោកថា គណបក្សប្រជាជនកម្ពុជា ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវសុំជាសាធារណៈ និងត្រូវដាក់ពិន័យចំពោះលោក លី ពឿង និងលោក ទួច ឃឿត ជាដាច់ខាត។

លោកបន្ថែម៖ «ប៉ះពាល់ហ្នឹងប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរកេរិ៍ឈ្មោះរបស់គេ ជេរគេប្រមាថគេ សិតតែឆ្កែឆ្មា សុទតែមនុស្សក្បត់ជាតិអី សុទតែរបបតិរច្ឆានអី អស់លោកហ្នឹងសុទតែតំណាង រាស្រ្តក្នុងតំណែងហ្នឹងអាហ្នឹងនៅបានទេ។ បើគាត់មិនសុំទោសទេគាត់មិនរួចខ្លួនទេតាមផ្លូវ ច្បាប់ គាត់អ្នកបង្កើតរឿងដូច្នេះគាត់ត្រូវតែទទួលផលលំបាកនៃរឿងដែលគាត់អ្នកបង្កើត»

ប្រធានសាខាគណបក្សសង្គ្រោះជាតិនៅខេត្តលីយ៉ុងប្រទេសបារាំងលោក លី ពឿង បានថ្លែងឆ្លើយតបសេចក្តីថ្លែងការណ៍តាមរយៈបណ្តាញសង្គមថា លោកពិតជាបាននិយាយពាក្យ អសរសមួយចំនួនពិតមែន ដោយលោកថា ការថ្លែងនោះគឺជាទស្សនៈផ្ទាល់ខ្លួនក្នុងនាមលោកជាពលរដ្ឋកម្ពុជា១រូប ។

លោកបន្តថា ការថ្លែងរបស់លោកនេះក៍មិនជាប់ពាក់ព័ន្ធនឹងលោក ទួត ឃឿត តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិខេត្តព្រៃវែងនោះដែរ។

លោកបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ប្រាប់លោកថា លិខិតដែលខ្ញុំឡើងថ្លែងការកាលពីថ្ងៃទី២៥កុម្ភៈ គឺជាលិខិតរបស់ខ្ញុំ ហើយខ្ញុំខ្លួនឯងផ្ទាល់ជាអ្នកនិយាយ ជាអ្នកសរសេរ ជាអ្នកថា ដូច្នេះអត់ មានទាក់ទងអីទៅលោក ទួត ឃឿត ដែលជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនោះទេបើ លោកចង់មានបញ្ហាអីជាមួយខ្ញុំលោក ទាក់ទងខ្ញុំ លោក ថ្កោលទោសខ្ញុំ ចាប់ខ្ញុំទៅដាក់គុក ស្រាចតែលោក»

សាស្រ្តាចារ្យនយោបាយ លោក សូ ចន្ថា​ មានប្រសាសន៍ថា នៅសង្គមប្រជាធិបតេយ្យបក្ស នយោបាយប្រើពាក្យសម្តីឬវោហារសព្ទដាក់បន្ទុកឬចោទប្រកាន់ទៅលើគូរប្រគួតជារឿងធម្មតា ប៉ុន្តែ លោកថា អ្នកនយោបាយនៅកម្ពុជាមិនរៀបចំខ្លួនដើម្បីប្រគួតប្រជែងក្នុងបែបប្រជាធិបតេយ្យ នោះទេច្រើនតែធ្វើការរិះគន់បែបបុគ្គលទៅវិញ ដែលលោកថា បញ្ហានេះហើយធ្វើឲ្យគុំគូនគ្នាប្រ ទេសជាតិគ្មានការរើកចំរើន។

លោកបន្ថែមថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យមានការប្រគួតប្រជែងគ្នាការប្រើវោហារសព្ទក្នុង ការដាក់បន្ទុក ឬការចោទប្រកាន់គូរប្រគួតជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យដោយ ឡែកនៅក្នុងប្រទេសកម្ពុជាយើងៗឃើញអ្នកនយោបាយហាក់ដូចជាមិនបានប្រគួតប្រជែងតាមបែបប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញច្រើនតែរិះតាមបែបបុគ្គលទៅវិញដែលការរិះគន់ នេះហើយនាំឲ្យមានការឈឺចាប់ មានការគុំគូនគ្នា និងមាការសងសឹកគ្នាទៅវិញទៅមក»។

កាលពីពេលកន្លងមកនេះ លោក ហ៊ុន សែន បានថ្លែងថា គណបក្សសង្រ្គោះជាតិនិងសកម្មជនរបស់បក្សបានចោទភរិយារបស់លោកថាជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងមានកូនប្រុសម្នាក់គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់លោក ឡេដឹក ថូ។ លោកថា នេះជាការប្រមាថដែលមិនអាចអត់ឱនឲ្យបានដោយទាមទារឲ្យគណបក្សប្រឆាំងបណ្តេញលោក ប្រេឌី អេន យ៉ាំង (Brady N Young) ចេញពីបក្ស ។

ក្រោយមកគណបក្សសង្រ្គោះជាតិ ក៏បានបណ្តេញសកម្មជនរូបនោះចេញពីគណបក្សប្រឆាំងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ