លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ប្រសិនបើមានការសម្លាប់រូបលោក ឬមានការផ្លាស់ប្តូរការដឹកនាំរបស់លោក នៅថ្ងៃខាងមុខមែននោះ លោកព្រមានថា កម្ពុជាអាចនឹងមានសង្គ្រាមកាប់សម្លាប់ខ្មែរគ្នា កើតឡើង ដូចប្រទេសមួយចំនួនលើពិភពលោក រួមទាំងលីប៊ីផង ដែលបានសម្លាប់មេដឹកនាំផ្តាច់ការ កាដាហ្វី ។
ក្នុងពិធីសម្ពោធសមទ្ធផលមួយកន្លែង នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ខែកុម្ភះនេះ លោក ហ៊ុន សែន ថ្លែងថា នៅខែមេសាខាងមុខនេះ ប្រាក់ខែគ្រូបង្រៀន ទាបបំផុត នឹងត្រូវតម្លើងដល់៩៥ម៉ឺនរៀល រួមទាំងការបញ្ចុះតម្លៃអគ្គិសនីត្រឹម៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ប៉ុន្តែលោក ហ៊ុន សែន ថ្លែងបែបឌឺដងថា បន្ទាប់ពីរដ្ឋាភិបាលតម្លើងបែបនេះ លោកថា នឹងមានអ្នកនយោបាយផ្សេងទៀត គេនឹងមកសន្យាថានឹងតម្លើងដល់ប្រាក់ខែដល់៣លានរៀល តម្លៃអគ្គីសនី នឹងបញ្ចុះត្រឹម២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ លោកជំរុញឲ្យពលរដ្ឋទទួលយកនូវអ្វីដែលរដ្ឋាភិបាលកំពុងផ្តល់ឲ្យ ដោយថាមិនត្រូវទទួលយក«ការសន្យាខ្យល់»នាំឲ្យមានការប្តូរមេដឹកនំាទៅរកសង្រ្គាមដូចប្រទេសមួយចំនួនលើពិភពលោកនោះទេ។
លោកថា៖ «មើលនៅប្រទេសលីប៊ី សេរី អ៊ីរ៉ាក់ លទ្ធផលបានមស្អី គឺការស្លាប់រាល់ថ្ងៃៗ ហ្នឹងហើយការសន្យាចង់សម្លាប់ សាដាំ ហូសេន មួយកើតសាដាំ ហូសេនប៉ុន្មានហើយ នៅទូទាំងប្រទេសអ៊ីរ៉ាក់ ចង់សម្លាប់ កាដាហ្វី មួយកើតដាហ្វីប៉ុន្មាន ហើយសម្លាប់មនុស្សអស់ប៉ុន្មាន។ ចង់ផ្តួលរំបបអាសាតមួយប្រជាពលរដ្ឋសេរីស្លាប់អស់ប៉ុន្មាន?។ ឥឡូវចង់សម្លាប់ ហ៊ុន សែន មួយ ចង់ផ្តួលហ៊ុន សែន មួយ តើនឹងមានស្អីនៅពេលខាងមុខ នេះជាសញ្ញាសួរមួយថា តើខ្លួននៅមានស្ថេរភាពអង្គុយរបៀបហ្នឹងទេ ?បើមួយថ្ងៃៗអង្គុយចាំតែញិញធ្មេញ ថា ឲ្យតែពឹប អាញ់រឹបពីអាអ្នកមានយកឲ្យអាអ្នកក្រ នែវាទៅអញ្ចេស អាហ្នឹងអាពតសុទ្ធហើយមានស្អីទៀត»។
ប្រទេសមួយចំនួនដែលពលរដ្ឋធ្វើបដិវត្តន៍ទម្លាក់ពីអំណាច ហើយឈានដល់សម្លាប់មេដឹកនាំ ដែលលោក ហ៊ុន សែន លើកយកមកធ្វើជាឧទារហរណ៍នោះ សុទ្ធសឹងជាមេដឹកនាំបែបផ្តាច់ការដែលកាន់អំណាចយូរដូចជា កាដាហ្វី ជាដើម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ធ្លាប់ប្រាប់VOD នៅពេលថ្មីៗនេះថា ប្រាក់ខែមន្ត្រីរាជការ២៥០ដុល្លារគណបក្សប្រឆាំងបានដាក់ចូលក្នុងគោលនយោបាយតាំងពីឆ្នាំ២០១៣។លោកថា មកដក់ពេលនេះ ប្រាក់ខែគួរត្រូវបានតម្លើងច្រើនជាងនេះ ដើម្បីបំពេញតម្រូវការជីវភាពរស់នៅរបស់មន្ត្រីរាជការ។
លោក សុន ឆ័យ អះអាងថាដោយសារគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលបក្សកាន់អំណាចចាត់ទុកថា«ជាខ្យល់»នោះហើយទើបជំរុញឲ្យរដ្ឋាភិបាលតម្លើងប្រាក់ខែដល់មន្ត្រីរាជការបាននៅពេលនេះ។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា សង្គ្រាមនៅកម្ពុជានឹងមិនអាចកើតឡើងទេ ក្នុងសម័យកាលនេះ ដោយលោកថា សង្គ្រាមអាចផ្ទុះឡើងលុះណាតែភាគីម្ខាងទៀតមានមហាអំណាចគាំទ្រហើយមានអាវុធ ដូចពីសម័យអតីតកាល។លោកបន្តថា កម្ពុជាបច្ចុប្បន្នបានផ្តល់អំណាចឲ្យពលរដ្ឋជ្រើសរើសមេដឹកនាំតារយៈការបោះឆ្នោត៥ឆ្នាំម្តង។
លោកថា៖«ទោះជាយ៉ាងណាខ្ញុំមើលឃើញប្រជាពលរដ្ឋមិនភ័យខ្លាចទេ ពីព្រោះអីយើងមើលកាលពីឆ្នាំ២០១៣។មុន២០១៣លោកនាយករដ្ឋមន្ត្រីនិយាយប៉ុន្មានដង គម្រាមច្រើនដងណាស់ក្នុងវេទិការសាធារណៈនិមួយៗ។ប៉ុន្តែប្រជាពលរដ្ឋនៅតែទៅបោះឆ្នោត ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនៅប្រទេសកម្ពុជាហ្នឹង។អញ្ចឹងនេះក្រាន់តែជាសញ្ញាមួយគំរាម»។
លោក ហ៊ុន សែន តែងតែរំលឹកដដែលៗពីសន្តិភាពដែលថាកើតឡើងដោយសារតែការដឹកនាំមករបស់លោកមានការរីកចំរើន។ប៉ុន្តែរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានកត់សំគាល់ថា «ក្រោមអំណាចរបស់លោក ហ៊ុន សែន ប្រហែល៣០ឆ្នាំកន្លងមក មានទាំងហិង្សាលើអ្នកនយោបាយប្រឆាំង ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងអំពើពុករលួយ»៕