សាលាក្ដីខ្មែរក្រហមកាត់បន្ថយវិសាលភាពក្នុងសំណុំរឿង០០២ 

លោក នួន ជា (ស្តាំ) និង ខៀវ សំផន កាលពីពេលកន្លងទៅ (រូបភាព ECCC)

អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហមបានសម្រេចមិនដាក់បញ្ចូលអង្គហេតុទាំងឡាយដែលពាក់ព័ន្ធសំណុំរឿង០០២និងដែលមិនបានដាក់បញ្ចូលក្នុងករណី ០០២/០១ និង០០២/០២ ដោយថា នាំឲ្យយឺតយ៉ាវដល់ ដំណើរការនីតិវិធី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី២៧កុម្ភៈនេះ អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហមបានសម្រេចបន្ថយវិសាលភាពនៃសំណុំរឿង០០២ ប្រឆាំងនឹងជនជាប់ចោទលោក ខៀវ សំផន និងលោក នួន ជា ដោយដកចេញនូវអង្គហេតុទាំងឡាយដែលមានក្នុងដីកាដំណោះស្រាយនិងដែលមិនត្រូវបានបញ្ចូលក្នុងសំណុំរឿង០០២/០១ ឬ០០២/០២។

អង្គជំនុំជម្រះយល់ឃើញថា ការបន្តដំណើរការជំនុំជម្រះបន្ថែមក្នុងសំណុំរឿង០០២អាចនឹងប៉ះពាល់ដល់ប្រយោជន៍នៃដំណើរការនីតិវិធីដោយយុត្តិធម៌និងឆាប់រហ័ស។ អង្គជំនុំជម្រះបន្ដថា ភស្ដុតាង និងអង្គហេតុដែលមានក្នុងករណី ០០២/០១ ឬ០០២/០២ គឺមានលក្ខណៈធួនល្មម អាចជំនុំជម្រះលើបទល្មើល និងការទទួលខុសត្រូវរបស់ជនជាប់ចោទទាំងមូលបាន ដោយពុំបាច់ពិនិត្យបន្ថែមលើអង្គហេតុនៅក្នុងសំណុំរឿង០០២ឡើយ។

បើតាមសេចក្ដីសម្រេចនេះ អង្គជំនុំជម្រះនឹងមិនពិភាក្សាលើភស្ដុតាង និងអង្គហេតុក្នុងសំណុំរឿង០០២ទៀតទេដូចជាការដ្ឋានស្រែអំបិល និងការដ្ឋានព្រៃស មន្ទីរសន្តិសុខ «សង់» មន្ទីរសន្តិសុខ«កោះខ្យង» មន្ទីរសន្តិសុខ «ព្រៃដំរីស្រុត» មន្ទីរសន្តិសុខ «វត្តគីរីរម្យ» មន្ទីរសន្តិសុខ «ភូមិភាគឧត្តរ» មន្ទីរសន្តិសុខ «វត្តធ្លក» និង មន្ទីរសន្តិសុខ«គោកក្តួច», កន្លែងសម្លាប់មនុស្សក្នុងស្រុក១២ទួលពោធិជ្រៃ។

អង្គជំនុំជម្រះអះអាងថា អង្គហេតុទាំងនេះត្រូវបានយកមកជំនុំជម្រះផ្នែកខ្លះនៅក្នុងសំណុំរឿង០០២/០១ និងកន្លែងសម្លាប់មនុស្សនៅស្ទឹងតូច, ការផ្លាស់ទីលំនៅប្រជាជនពីភូមិភាគបូព៌ា (ដំណាក់កាលទី៣), ការប្រព្រឹត្តលើពុទ្ធសាសនិកនៅទូទាំងប្រទេស, ការប្រព្រឹត្តលើជនជាតិចាមនៅមន្ទីរសន្តិសុខ«ក្រូចឆ្មា» និងឧក្រិដ្ឋកម្មប្រព្រឹត្តដោយកងទ័ពបដិវត្តកម្ពុជាលើទឹកដីវៀតណាម។

ទោះបីជាភស្ដុតាង និងអង្គហេតុខាងលើ ត្រូវបានកាត់ចេញក៏ដោយ ព្រះរាជអាជ្ញា មេធាវី និងភាគីពាក់ព័ន្ធ នៅតែអាចយោងលើឯកសារទាំងនេះ ទាក់ទិននឹងអង្គហេតុក្នុងសំណុំរឿង០០២/០២បានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ