គណៈ​ប្រតិភូ​កូរ៉េ​ខាង​ជើង​ទៅ​ចរចារ​យក​សព​លោក គីម ជុងណាម​ ពី​ម៉ាឡេស៊ី

គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​​​របស់​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​នេះ ដើម្បី​ទៅ​ទទួលសព​បុរស​ម្នាក់ ដែល​គេ​ជឿ​ថា ជា​លោក គីម ជុងណាម បង​ប្រុស​ម្ដាស់​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន Channel News Asia។

គណៈ​ប្រតិភូ​នោះ មាន​ទាំង​លោក រីង តុងអ៊ីល អតីត​អគ្គរដ្ឋ​ទូត​រង​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​គួឡាឡំពួរ​នៅ​ថ្ងៃ​នេះ លោក រី តុងអ៊ីល បាន​និយាយ​ថា គោល​បំណង​នៃ​ដំណើរ​របស់​គណៈ​ប្រតិភូ​កូរ៉េ​ខាង​ជើង​នេះ គឺ​ដើម្បី​ដោះ​ស្រាយ​ “បញ្ហា​មនុស្ស​ធម៌”។

លោក រី តុងអ៊ីល បាន​បន្ថែម​ថា ក្រុម​របស់​លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទៅ​លើ​បញ្ហា ៣ ក្នុង​នោះ​មាន​ការ​បញ្ជូន​សព​ពលរដ្ឋ​កូរ៉េ​ខាង​ជើង ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ការ​ដោះ​លែង​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​នេះ និង​ចុង​ក្រោយ​គឺ​ដំណើរ​វិវត្តន៍​នៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

ស្ត្រី​ជា​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ម្នាក់​ឈ្មោះ រី ចុងជុល ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​គួឡាឡំពួរ។ រហូត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់ ជន​សង្ស័យ​ជា​ពលរដ្ឋ​កូរ៉េ​ខាង​ជើង ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី​តាម​ស្វែង​រក​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ