ព្រឹទ្ធសភាយល់​ព្រម​ទាំង​ស្រុងលើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង

អ្នក​នាំពាក្យ​ព្រឹទ្ធិសភាលោក ម៉ម ប៊ុននាង មាន​ប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានព្រឹកនេះ

បន្ទាប់​ពី​រដ្ឋសភា​បាន​​អនុម័ត​ច្បាប់​ស្តីពីគណបក្ស​នយោបាយ​កាល​ពី​សប្តាហ៍​មុន នឹង​បាន​សម្រេ​ច​​បញ្ជូន​​​​ភ្លាមៗ​ទៅកាន់​ព្រឹទ្ធសភារួច​មក​ នៅ​ថ្ងៃ​នេះសមា​ជិកព្រឹទ្ធសភា ក៏បានយល់​ព្រម​ទាំង​ស្រុង​លើ​ខ្លឹម​សារនៃ​​​ច្បាប់នេះ​ ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំងចូល​រួម​នោះ​ទេ។

ច្បាប់ដ៏ចម្រូងចម្រាស់នេះ ត្រូវបានសមាជិកព្រឹទ្ធសភាដែល​​មក​ពី​គណបក្ស​ប្រជា​ជនចំនួន​៤៤​រូប​ ​យល់ព្រម​ទាំង​ស្រុងតាម​រដ្ឋសភា ហើយ​ថា​នឹងបញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញយូរ​បំផុត​ត្រឹម​ថ្ងៃ​ស្អែក។

អ្នក​នាំពាក្យ​ព្រឹទ្ធសភាលោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា ​ច្បាប់​នេះ​គឺ​ត្រូវ​បាន​ព្រឹទ្ធសភាយល់​ព្រម​ ព្រោះ​ច្បាប់​នេះ ធ្វើ​​ឡើង​ដើម្បី​ផលប្រយោ​ជន៍ជាតិ​​ ធ្វើ​ឲ្យ​មានស្ថេរភាព និងការ​អភិវឌ្ឍន៍​។ លោក​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​មួយ​ចំនួនដែល​ថា​ ច្បាប់​នេះបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លិទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ ដោយថា លិទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​គឺ​មាន​ស្រាប់​ហើយ​ ហើយ​ការ​អនុម័​តច្បាប់​ថ្មី​នេះ​គឺ​ដើម្បី​ការ​ពារ​សិទ្ធិ​​ប្រជាពល​រដ្ឋ និងនីតិ​រដ្ឋ​របស់​​ប្រទេស។

ច្បាប់ស្តីពី​បក្ស​នយោបាយ​ដែលបាន​ព្រឹទ្ធសភាយល់ព្រម​នៅ​ថ្ងៃ​នេះ បានបើក​ផ្លូវឲ្យក្រសួង​មហាផ្ទៃ​និង​តុលាការ អាច​ផ្អាក​ឬរំលាយ​គ​ណ​បក្ស​នយោ​បា​យ​​​ណា​មួ​យ​ចោ​​​​​លក៏បាន ប្រសិនបើក្រសួង​រកឃើញ​ថា​គណបក្ស​​នយោ​បាយនោះ បំពានទៅលើ​ច្បាប់ថ្មីនេះ។​

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​​នេះ រង​ការិះគន់​ជា​ច្រើន​ពី​មជ្ឍដ្ឋាន​ជាតិ និងអន្តរជាតិមួយ​ចំនួន ដូចជា​សមាជិក​សភាអាមេរិក សភាសិទ្ធមនុស្សអាស៊ាន និង​សមាជិក​សភាអឺរ៉ុប​ ដោយពួកគេព្រមានថា ច្បាប់នេះនឹង​នាំ​កម្ពុជាទៅ​រក​ការ​បែបឯកបក្ស និង​ជា​គ្រោះ​ថ្នាក់​មួយ​នៃ​ដំណើ​ការ​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ