ចិន​ប្រតិកម្ម​ទាំង​កំហឹង​ក្រោយ​កូរ៉េ​ខាង​ត្បូង​សម្រេច​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​ប្រតិកម្ម​ទាំង​កំហឹង និង​បាន​គំរាម​ធ្វើ​ពហិកា បន្ទាប់​ពី​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន Lotte Group របស់​កូរ៉េ​ខាង​ត្បូង បានឯកភាព​ទៅ​លើ​ការ​ដោះ​ដូរ​ដី​មួយ​កន្លែង​ជាមួយ​រដ្ឋាភិបាល ដែល​នឹង​អាច​ឲ្យ​អាជ្ញាធរ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​មុន បាន​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​អាមេរិក ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ ប្រព័ន្ធ​ការ​ពារ​មីស៊ីល​នេះ ត្រូវ​បាន​គេ​គ្រោង​ដាក់ពង្រាយ​នៅ​លើ​ដី​មួយ​កន្លែង ដែល​ជា​ផ្នែក​មួយ​នៃ​ទីលាន​វាយ​កូន​ហ្គូល​របស់​ក្រុមហ៊ុន Lotte ស្ថិត​នៅ​តំបន់​ស៊ឹងជូ ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​សេអ៊ូល។

ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន Lotte International បាន​ឯកភាព​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ជាមួយ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ចិន​តែង​តែ​ជំទាស់​ទៅ​នឹង​ផែនការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​របស់​កូរ៉េ​ខាង​ត្បូង ដែល​ខែល​ការពារ​មីស៊ីល​នោះ មាន​ឥទ្ធិពល​គ្របដណ្ដប់​ទៅ​ដល់​ទឹក​ដី​ចិន។ ក្រុង​ប៉េកាំង​និយាយ​ថា វា​ជា​ការ​គំរាម​កំហែង​មួយ​ទៅ​លើ​សន្តិសុខ​របស់​ខ្លួន ហើយ​វា​នឹង​បាន​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង​នោះ​ឡើយ។

កាសែត​រដ្ឋ​ចិន Global Times បាន​និយាយ​នៅ​ក្នុង​វិចារណកថា​មួយ​នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន Lotte គួរ​តែ​ត្រូវ​បាន​គេ​បិទ​ចោល​នៅ​ក្នុង​ប្រទេស​ចិន។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ក៏​បាន​ផ្សាយ​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​របស់​ខ្លួន​កាល​ពី​ល្ងាច​មិញ​ថា ចិន​មិន​បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​បែប​នេះ​របស់​ក្រុមហ៊ុន Lotte នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ