វិភាគ៖ តើការបញ្ចេញខ្សែអាត់ចោទលោក កឹម សុខា បញ្ចប់នៅពេលណា?

លោក​កឹម សុខា​ ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​នេះ​(រូបថតពី​ហ្វេស​ប៊ុក​លោក​ កឹម សុខា)

ការព្យាយាមបញ្ចេញខ្សែអាត់សំឡេងជាលក្ខណៈឯកជនទាក់ទិនទៅនឹងលោក កឹម សុខា ត្រូវ​បាន​គេមើ​​លឃើញថាជា​យុទ្ធសា​ស្ត្រនយោ​បាយថ្មីដើម្បីទម្លាក់​ប្រជា​ប្រិយ​ភា​ពមេដឹកនាំបក្សប្រឆាំង។ របត់នយោបាយថ្មីនៃការទម្លាយខ្សែអាត់សំឡេងនេះធ្វើឡើងក្រោយពី​គណប​​ក្ស​​ស​ង្គ្រោះជាតិប្រកាសពី​​យុទ្ធសាស្ត្រ​​ថ្មីឲ្យ​សកម្មជនរបស់ខ្លួនឆ្ពោះប្រឹងរត់ទៅកាន់ទីលានបោះឆ្នោត មិនឈ្លោះ មិនឆ្លង និងមិន​ឆ្លើយ បើ​​ទោះ​បី​ស​ក​ម្មជនរ​​បស់ខ្លួ​ន១​៥​​នា​ក់​​ត្រូវបានចាប់ឃុំខ្លួន មេដឹកនាំលោក សម រង្ស៊ី កំពុ​ងនិរ​ទេ​ស​​ខ្លួននិងអ​​នុ​​​ប្រធានលោក កឹម សុខា​ ត្រូវ​​​​តំណាងរាស្ត្របក្ស​​កាន់អំណាចបោះឆ្នោតដ​កចេញពី​អនុប្រធា​ន​ទី​១​នៃរ​​​​ដ្ឋស​​ភាក៏ដោយ។

ខ្សែអាត់សំឡេងជាង៣០ភាគដែលគេចុះផ្សាយលើគេហទំព័រក្នុងស្រុកមួយដែលគេស្គាល់ថាស្និតនឹ​ង​ប​​ក្ស​​កាន់អំណាច ហើយ​មិនទាន់មានប្រភពឯក​រាជ្យណាបញ្ជាក់ថាជាសំឡេងសន្ទនាពិតរបស់ប្រធា​ន​ស្រ្តីលោក កឹម សុខា ឬក៏យ៉ាងណានោះ ធ្វើឲ្យអ្នកតាមដាននិងអ្នកប្រើប្រាស់បណ្តាញសង្គមយល់ថាជាឈុត​ឆា​ក​​ន​​​​យោ​បាយដែលមិនបាន​ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។

ប៉ុន្តែសម្រាប់និស្សិតមួយក្រុមដែលអះអាងថាមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយបានចាត់ទុកករណីបែ​ក​​ធ្លាយ​សំឡេ​ងនេះ​ថាជារឿងសំខាន់សម្រាប់សង្គមជាតិទៅវិញ។ ពួកគេបានដាក់ញត្តិទៅរដ្ឋសភាដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនិងស្វែង​រក​ជួ​ប​លោ​ក កឹម សុខា តាមវេទិកាសាធារណៈនានា ទាមទារឲ្យដឹកនាំ​បក្សប្រឆាំងរូប​នោះបកស្រា​យ​ទៅនឹ​ង​ខ្សែ​​អាត់សំឡេងនេះ។

ជាលទ្ធផលរដ្ឋសភាប្រើអំណាចរដ្ឋឲ្យលោក កឹម សុខា បកស្រាយរឿងបុគ្គលផ្ទាល់ខ្លួននេះតបទៅនឹង​ការចង់​បានរបស់ក្រុមនិស្សិតមួយក្រុមនោះ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយវិញបានប្រ​កាសពីយន្តការ​បើ​​ក​​​​ស្រោ​មសំបុត្រ​ប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា តាមពាក្យបណ្តឹងរបស់ក្រុម​និ​ស្សិ​ត​នេះ​ផងដែរ។

តើរបត់នយោបាយថ្មីនេះបញ្ចប់នៅពេលណា? ហើយអាចធ្វើឲ្យលោក កឹម សុខា បា​ត់តំ​ណែងជាមេ​ដឹកនាំបក្ស​ប្រឆាំងឬទេ?

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា វិភាគថាវិធានការរបស់ស្ថាប័នរដ្ឋកន្លងទៅលោកថាហាក់បង្ហាញរូបភាពនយោបាយច្រើនជាងការអនុវត្តច្បាប់។

លោក សូ ចន្ថា វិភាគទៀតថាបើវិធានការនោះធ្វើឡើងតាមចន្ទៈនយោបាយដូចមជ្ឈដ្ឋាននានាគិតទុក លោ​ក​ថាគណបក្សដែលកំពុ​ងគ្រប់គ្រងអំណា​ចគ្មានសំឡេងគ្រ​ប់គ្រាន់សម្រាប់ដ​កឬព្យួរអភ័យឯកសិទ្ធិ​លោ​​​ក កឹ​ម សុខា ទេ។ លោកថាលោក កឹម សុខា នៅតែមាន​លទ្ធភា​ពដឹ​​កនាំ​គណបក្សសង្គ្រោះជាតិដដែល។  ​លោកបន្តថា៖ “ករណីដាក់ទៅ(ប្តឹង)អង្គភាពប្រឆាំងអំពើពុករលួយ គេត្រូវស៊ើបអង្កេតឲ្យបានច្បាស់ថាតើ​ពុករ​លួយ​ហ្នឹងវាយ៉ាងម៉េច ថាតើជាការលួចលុយជាតិ ការលួចលុយសកម្មជន លុយបក្ស ឬក៏យ៉ាងម៉េច  យើងអត់ទាន់ច្បាស់នៅឡើយ ខ្ញុំគិតថាការដកអភ័យឯកសិទ្ធិបានទាល់តែមានសំឡេង២ភាគ៣ ហើយនៅពេលនេះដែលខ្ញុំគិតថាលោក កឹម សុខា មិនប្រឈមនឹងរឿងនេះទេបាទ”។

គេនៅចាំបានថាក្រោយពីក្រុមនិស្សិតដាក់ញត្តិទៅកាន់រដ្ឋសភាលោក ហ៊ុន សែន ដែលគេ​ស្គាល់ថាបុរ​ស​ខ្លាំងនោះ បានគំរាមដោយមិនបញ្ចេញឈ្មោះថាករណីនេះបើរដ្ឋាភិបាលលូកដៃ លោកថានឹង​ធ្ងន់​ជា​ង​​នេះដោយលោកអះអាងថាលោ​ក​មានឯក​សាបញ្ជាក់ថាអ្នកនយោបា​យម្នាក់បាននាំ​ស្រីចូលស​ណ្ឋា​គារ​​មួ​​​យ​​​នៅ​ទីក្រុ​ង​បា​​ង​​កកប្រទេសថៃ។

អ្នកវិភាគនយោបាយឯករាជ្យលោក អ៊ូ វីរៈ លើកឡើងប្រហាក់ប្រហែលនឹងសាស្រ្តាចារ្យវិទ្យាសា​ស្ត្រ​នយោ​បាយលោក សូ ចន្ថា ដែរដោយលោកថាបើពិនិត្យពីទិដ្ឋភាពច្បាប់រាល់ចំ​ណាត់​ការទាំ​ងអ​ស់មិន​អា​ច​រំលោភបំពានលើ​អភ័យឯក​សិទ្ធិតំណាង​រាស្ត្របានទេ។ ប៉ុន្តែលោកថា បើស្ថាប័នរដ្ឋចាត់វិធានការករណីនេះក្រោមឥទ្ធិពលនយោបាយ លោកថាមេដឹក​នាំប​ក្សកា​ន់​​អំ​ណា​ច​អាចនៅតែមានប្រៀបលើមេដឹកបក្សប្រឆាំង។ លោកថា៖ “តាមផ្លូវច្បាប់អត់អាចទេ ប៉ុន្តែរឿង​តុលាកា​រស្រុកខ្មែរ និងផ្លូវច្បាប់ខ្ញុំជឿថា គាត់(បក្សកាន់អំណាច)អត់ប្រើច្បាប់ទេ យើងមើលទាក់ទ​ងនឹងឯក​ឧត្តម ហុង សុខហួរ និងករណីផ្សេង​ៗគាត់អត់ប្រើ(ច្បាប់​)អញ្ចឹងរឿងនយោបាយគា​ត់អាចប្រើតុ​លាការ​និងប្រើ​គ្រប់រូបភាពទាំងអស់ដើម្បីគាបលោក កឹម សុខា បាន”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថាយុទ្ធសាស្ត្ររបស់គណ​បក្សកាន់អំណាច​អាចប​ញ្ចប់​ពាក់កណ្តាលទីនៅពេលមានការរិះគន់កាន់តែខ្លាំងពីមតិមហាជនឬអាចរុញឲ្យដល់គោ​ល​ដៅទាល់​តែលោក កឹម សុខា អាចលាចេញពីតំណែង។

បញ្ចប់ពាក់កណ្តាលទី លោក មាស នី វិភាគថាពេលបញ្ចេញខ្សែអាត់សំឡេងលោក កឹម សុខា កាន់តែច្រើនលោកថា មហា​ជនក៏​ទាមទារឲ្យសមត្ថកិច្ចនិងរដ្ឋាភិបាលបំភ្លឺករណីឃាតកម្មស​ម្លាប់តា​រាចម្រៀ​ង ពិសិដ្ឋ ពីលីកា ផងដែរ។ ករណី​នេះលោកថា បើស្ថាប័នពាក់ព័ន្ធរួមទាំងរដ្ឋាភិបាលផងរក​ឃាតករ​នឹងអ្ន​ក​ពា​​ក់​ព័ន្ធមិនឃើញ លោកថាពលរដ្ឋរិត​តែដកសេចក្តី​ទុក្ខចិត្តពីបក្សកាន់អំណាច។

មូលហេតុមួយទៀតលោកថាបក្សកាន់អំណាចអាចនឹងរុញករណីនេះរហូតដល់លោក កឹម សុខា ព្រមទទួល​យកលក្ខខណ្ឌអ្វីមួយ។

លោកថា៖ “ល្បែងដែលលេងមកលើ កឹម សុខា នេះហាក់ដូចជាមានបំណងពីរដែលគណ​បក្ស​កាន់​អំ​ណាចចង់បានគឺ ទី១គណបក្សកាន់អំណាចនៅមិនសុខដោយសារតែតំ​ណែងអនុប្រធា​នទី១នៃរដ្ឋសភា​ដែ​ល​គេបានបណ្តេញលោក កឹម សុខា ចេញនោះមិនត្រូវបានគេយកទៅដាក់វិញដែលគណ​បក្ស​ស​ង្ក្រោះ​ជាតិបានប្តេជ្ញាថាមិនដាក់។ អញ្ចឹងគណបក្សប្រជា​ជនត្រូវរកមធ្យោ​បាយដាក់រឿ​ងហ្នឹ​ងទៅវិញ នេះជា​កា​​រ​ប៉ា​ន់ស្មា​នពីខាងក្រៅទេ។ ហើយការដាក់ហ្នឹងមានប្រយោជន៍អ្វីខ្លះ គឺចង់ឲ្យ​សភា​ហ្នឹង​ហៅ​ថាស​​ភាគ្រ​ប់​ទឹកឡើងវិញ”។

លោកបន្តថានៅពេលថ្មីនេះមានព័ត៌មានថាគេបានបំផុសឲ្យលោក ប៉ុល ហំម ទៅកាន់តំ​ណែងជា​អនុ​ប្រធាន​ទី១​នៃរដ្ឋសភាជំនួសតំណែងចាស់របស់លោក កឹម សុខា និងចង់ឲ្យលោក កឹម សុខា ធ្វើជា​ប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី ដែលជាយុទ្ធសាស្ត្របំបែកបំបាក់។ លោកថា​៖ “អញ្ចឹងកាលណាធ្វើបែបហ្នឹងគណបក្សប្រជាជននឹងបានលេសមួយត្រង់ថាលោក កឹម សុខា ហ្នឹងគឺបាន​ធ្វើរដ្ឋប្រហាទម្លាក់លោក សម រង្ស៊ី រួចហើយយកតំណែងហ្នឹងមកកាន់ខ្លួនឯង អញ្ចឹងអ្វី​ដែលខ្ញុំ​មើលឃើញ​គឺមានទិដ្ឋភាពពីរហ្នឹង។ អញ្ចឹងរឿងរបស់លោក កឹម សុខា អាចទៅដល់ទីចុង​បញ្ចប់ឬអាច​បញ្ច​ប់ពាក់កណ្តាលរឿង វាអាស្រ័យទៅលើសម្ពាធហ្នឹង”។

ទោះជាយ៉ាងណាទាំងអ្នកវិភាគទាំងអ្នកស្រាវជ្រាវសង្គមអះអាងប្រហាក់ប្រហាក់ប្រហែលគ្នាថាយុទ្ធសា​ស្ត្រនេះមិនធ្វើឲ្យ​បក្សកាន់អំណាចទទួលបានការគាំទ្រពីសាធារណៈជនច្រើនទេដោយសាតែពួកគេមើ​លឃើញ​ថារដ្ឋាភិ​បាល ប្រព័ន្ទយុត្តិធម៌និងរដ្ឋសភាជាស្ថាប័នតែមួយនោះ។ អ្នកវិភាគនិងអ្នកស្រាវជ្រាវក៏បានផ្តល់អនុសាសន៍ដល់បក្សប្រឆាំងដែរថាឆ្លងតាមបទពិសោទធន៍នេះមេដឹកនាំបក្សប្រឆាំងទាំង​លោក សម រង្ស៊ី និងលោក កឹម សុខា គួរពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សខ្លួនឲ្យដំណើរការទៅមុខជានិច្ច បើទោះបីមេដឹកនាំទាំងពីរមិនបានដឹកនាំផ្ទាល់ក៏ដោយ។

អ្នកវិភាគបានជំរុញឲ្យមេដឹកនាំទាំងពីរគួរក្រលេកមើលជ្រុងមួយនៃភាពជោគជ័យរបស់បក្សប្រ​ឆាំងនៅ​ប្រទេសភូមានៅ​ពេល​ដែលមេដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុង សានសូជី ត្រូវមេដឹកនាំ​បក្សកាន់អំ​ណា​ចយោធាចាប់ដាក់​ពន្ធនា​គារ នៅពេលនោះ ចលនានៃក្បាលម៉ាស៊ីនដឹកនាំរបស់បក្ស​ប្រឆាំងរប​ស់លោ​កស្រី អ៊ុង សានស៊ូជី នៅតែ​ដំណើ​​រទៅមុ​​ខជានិ​​ច្ចរហូត​បាន​ឈ្នះការ​​បោះឆ្នោ​តលើបក្សកាន់អំណាចនាពេលថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ