ប្រជាពលរដ្ឋជាង១០០នាក់ដែលមានជម្លោះដីធ្លីមកពីស្រុកសង្គមថ្មីខេត្ដព្រះវិហារ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការខេត្ដនេះដោយអះអាងថា ខ្លាចតុលាការឃុំខ្លួនតំណាងពួកគេពីរនាក់ ដែលចៅក្រមសាកសួរតាមបណ្ដឹងក្រុមហ៊ុន។
ពលរដ្ឋដែលត្រូវតុលាការសាកសួរ នៅឃុំស្ដៅ ស្រុកសង្គមថ្មី លោក កែ ឡូត ប្រាប់VODនៅថ្ងៃនេះថាតំណាងពលរដ្ឋពីរនាក់មានរូបលោក និងឈ្មោះ ហ៊ួន សុខ ត្រូវបានតុលាការខេត្ដព្រះវិហារឲ្យចូលបំភ្លឺនៅរសៀលថ្ងៃទី២៨ខែមីនានេះករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុនឈ្មោះ អ៊ែមភើលហ្វឃឹស ដោយចោទថាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃកាលពីចុងឆ្នាំ២០១៥។ លោកបន្ដថា ការកោះហៅលោកឲ្យចូលបំភ្លឺនេះជារឿងអយុត្ដិធម៌ដោយលោកថា លោកមិនបានបំផ្លាញដូចការចោទប្រកាន់ឡើយ។ លោកបន្ថែមថា៖ “បាទ! ខ្ញុំមិនបានចូលរួមទេគឺឈ្មោះខ្ញុំដែលឡើងពីថ្ងៃនេះមិនបានចូលរួមទេគឺខ្ញុំនៅក្នុងភូមិនៅមើលកីឡប្រដាល់អីណោះ ប៉ុន្ដែគេចោទប្រកាន់ ប៉ុន្ដែប្រជាពលរដ្ឋមានការព្រួយបារម្ភទើបឡើងមកការពារដោយចាំឃ្លាំមើលថាការដោះស្រាយវាយ៉ាងម៉េចវិញ”។
តំណាងពលរដ្ឋមួយរូបទៀតលោក ហ៊ួន សុខ យល់ថាចំណាត់ការបស់តុលាការនេះជាការគំរាមកំហែងនិងបំភិតបំភ័យដល់ពលរដ្ឋដែលខ្វះការយល់ដឹងប៉ុណ្ណោះ ប៉ុន្ដែលោកថាពួកគាត់គ្មានការព្រួយបារម្ភពីតុលាការចោទប្រកាន់ឡើយព្រោះពួកលោកមិនជាប់ពាក់ព័ន្ធនឹងការបំផ្លាញទ្រព្យក្រុមហ៊ុនអ៊ែមភើលហ្វឃឹសឡើយ។ លោកបន្ថែមថា លោកមានពលរដ្ឋជាង១០០នាក់ធ្វើជាសាក្សីបញ្ជាក់ថាពួកគាត់មិនជាប់ពាក់ព័ន្ធនឹងការបំផ្លាញទ្រពសម្បត្ដិអ្នកដទៃឡើយ។ លោកមានប្រសាសន៍ថា៖ “ចង់ទាមទារឲ្យតុលាការហ្នឹងគាត់រកយុត្ដិធម៌ឲ្យជនដែលជាប់ចោទ ដែលចោទមិនសមហេតុផល ដែលចោទទៅលើដែលគ្នាមិនបានទៅដុតដៃដុតជើងសោះចោទប្រកាន់លក្ខណៈធ្ងន់ធ្ងរ គាត់ព្រួយបារម្ភថា គាត់ហ្នឹងអត់មានពាក់ព័ន្ធអីផងបែរជាកោះហៅគាត់ព្រួយបារម្ភគាត់មកការពារពួកខ្ញុំ”។
ទាក់ទងករណីនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដព្រះវិហារដែលកាន់សំណុំរឿងនេះលោក សាយ ណូរិទ្ធ មានប្រសាសន៍ខ្លីថា លោកបានឲ្យពលរដ្ឋត្រឡប់ទៅលំនៅឋានវិញហើយដោយសារខាងពលរដ្ឋគ្មានមេធាវីការពារ។ លោកបន្ថែមថា៖ “ចាំខ្ញុំហៅម្ដងទៀត អត់អីទេអោយទៅផ្ទះវិញហើយបាទ”។
ទោះជាយ៉ាងណាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា តាមការស៊ើបអង្កេតកន្លងមកពលរដ្ឋដែលបានបំផ្លាញទ្រព្យសម្បត្ដិក្រុមហ៊ុនក្នុងជម្លោះដីធ្លីនោះដោយសារតែគ្មានដំណោះស្រាយពីអាជ្ញាធរ។ លោកបន្ថែមថាតំណាងពលរដ្ឋគឺលោក កែ ឡូត និងលោក ហ៊ួន សុខ ដែលតុលាការឲ្យចូលបំភ្លឺនេះមិនជាប់ពាក់ព័ន្ធ ដូចពាក្យបណ្ដឹងរបស់ក្រុមហ៊ុនឡើយដោយលោកស្នើឲ្យតុលាការពិចារណាទៅលើបទចោទនេះ។ លោកបន្ដថា៖ “ហើយបើយើងឃើញអ្នកប្រព្រឹត្តកន្លងមកគឺមិនមែនតែប៉ុន្មាននាក់ទេគឺរាប់រាយនាក់ណោះ តែពីរនាក់ដែលកំពុងសាកសួរនេះជាក់ស្ដែងពួកគាត់មិនបានទៅដល់ដុតបំផ្លាញរបស់ក្រុមហ៊ុនឡើយ”។
កាលពីខែកញ្ញាចុងឆ្នាំ២០១៥ ពលរដ្ឋប្រមាណ៦០០នាក់ នៅឃុំស្ដៅ ស្រុកសង្គមថ្មី បាននាំគ្នាដុតបំផ្លាញផ្ទះស្នាក់នៅរបស់កម្មករក្រុមហ៊ុន អ៊ែមភើលហ្វឃឹសអស់ចំនួន១១ខ្នងក្រោយពេលក្រុមហ៊ុននោះឈូសឆាយលើដីអ្នកភូមិជាបន្ដបន្ទាប់ដោយពលរដ្ឋថាអាជ្ញាធរគ្មានចំណាត់ការលើក្រុមហ៊ុននោះ៕