អ្នកឃ្លាំមើលការបោះឆ្នោតបន្តអំពាវនាវរកថវិកាដើម្បីបានដាក់អ្នកសង្កេតការណ៍

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 4:52 PM | បោះឆ្នោត | 0 | 813 ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បន្តអំពាវនាវរកថវិកា ដើម្បីបានដា​ក់អ្នកស​ង្កេ​​​ត​​​កា​រណ៍​​​នៅទូទាំងប្រទេស ខ​ណៈ​​ការបោះឆ្នោតជិតមកដល់ ដោយអះអាងថាបើធ្វើបែបនេះបាន នឹងទប់ស្កាត់ជម្លោះនយោបាយក្រោ​យបោះ​ឆ្នោត។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចាប់ផ្តើមដំណើរការបន្ទ​ប់ស្ថានការណ៍បោះឆ្នោ​តឆ្នាំ​២០​១​៧​​ នា​​ថ្ងៃទី​២​៨​​​មីនានេះ សមាជិកបន្ទប់ស្ថានការណ៍ លោក ជាង សុខា លើក​ឡើងថា ការដាក់អ្នកសង្កេតការណ៍ នៅ​ទូ​​ទាំ​ង​ប្រទេស សម្រាប់ឃ្លាំមើលពីដំណើរការបោះឆ្នោត លោកថា អាចជួយទប់​ស្កាត់មិនឲ្យមានជម្លោះ​ន​យោ​​​​បា​យក្រោ​យ​កា​​រ​​បោះឆ្នោតដូចអាណត្តិមុនៗ។

លោកថា៖ «ក្នុងរយៈពេល៥ឆ្នាំនេះ ខ្ញុំគិតថាជាឱកាសល្អមែនទែនដែលយើងប្រើតែ២២ដុល្លារ ដើម្បីជួយ​រក្សាឆន្ទះ​​ម្ចាស់ឆ្នោត។ ហើយបើសិនជាធ្វើបែបនឹងបានស្រុកយើង អាទំនាស់នៃកា​របោះឆ្នោតចុងក្រោ​យនឹង​វា​នឹ​ងត្រូវកាត់បន្ថយហើយ។ អញ្ចឹងបោះឆ្នោតហើយយើងមានឱកាសក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ជាជា​ង​បោះ​ឆ្នោតហើយយើងនៅបន្តឈ្លោះគ្នាតទៅទៀត»។

ប៉ុន្តែលោក ជាង សុខា លើកឡើងថា គិតត្រឹមថ្ងៃទី២៤មីនា បន្ទប់ស្ថានការណ៍ មិនទាន់ទទួលបានថវិកាឧ​ប​ត្ថម្ភ គ្រប់គ្រាន់ សម្រាប់បើកវគ្គបណ្តុះបណ្តាលនិងចំណាយផ្សេងៗ ដល់អ្នកសង្កេ​តការណ៍​ជាង២​ម៉ឺន​នាក់(២២១៤៨)  សម្រាប់ដាក់ពង្រាយនៅ​គ្រ​ប់​​ការរិ​យាល័​យបោះឆ្នោតនៅ​ទូទាំ​ងប្រទេសបានទេ។ ​លោ​ក​ថា បន្ទ​​ប់​ស្ថា​ន​​កា​រណ៍ត្រូវការថវិកាប្រ​មាណជាង២០​ម៉ឺន​ដុល្លា​​​​រទៀត។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា បើទោះ​បីជា​ពេលនេះ បន្ទ​​ប់​ស្ថាន​ការណ៍មិនទាន់ទទួលបានថវិកាគ្រប់គ្រាន់ក៏ដោយ លោកថាបន្ទប់ស្ថា​ន​ការ​ណ៍​​នឹ​ង​ដំណើរ ទៅជាជំហ៊ានៗតាមថវិកាដែលផ្តោតលើអ្នកសង្កេត​ការណ៍​ចំនួន១​៤៥០០​នាក់សិន។

លោកថា៖ «បើសិនជាយើងអនុវត្តន៍១៤៥០០នាក់នេះ ម្នាក់ត្រូវមើល២ការិយាល័យ។ អញ្ចឹងទេវាជាបន្ទុ​កទៅលើអ្ន​កសង្កេ​តការណ៍យើងខ្លាំងណាស់ បើបានម្នាក់មួយការរិយាល័យ វាជារឿងសំខាន់សម្រាប់យើង។​ ហើ​​យយើ​ងអាចធ្វើ​កិច្ចការក្តាប់ព័ត៌មានលទ្ធផលបោះឆ្នោតហ្នឹងទាន់ពេល បើយើងគិតមើល​ពីកម្រិតលំអៀ​ង​នៃរបា​យការណ៍ទាន់ពេលហ្នឹង រហូតដល់៩៨ភាគរយ បើយើងមានម្នាក់មើលក្នុងមួយការរិយាល័យ»។

លោក គល់ បញ្ញា ឲ្យដឹងដែរថា តាមរយៈអ្នកសង្កេតការណ៍ បន្ទប់ស្ថានការណ៍នឹ​ងបង្ហោះរបាយ​ការណ៍​បោះ​​​​ឆ្នោត នៅលើគេហទំព័ររបស់ខ្លួន ភ្លាមៗក្រោយរាប់សន្លឹកឆ្នោតរួច ដើម្បីបង្ហាញពីតម្លាភាព។

លោកថា៖ «លទ្ធផលបោះឆ្នោតត្រូវតែដាក់នៅលើវេបផ្សាយ មិនមែនដាក់តែតួលេខទេ ត្រូវមានភស្តុតាង [ទម្រង់១១០២]រូបហ្នឹងដើម្បីឲ្យគេអស់ចិត្ត»។

បើ​តាមលោក គល់ បញ្ញា ការប្រើបច្ចេកវិទ្យាទំនើបប្រកាសព័ត៌មានដូចគ្នានៅលើគេហទំព័រនេះ ក៏នឹងជំ​រុញ​​ទៅ គណៈកម្មាជាតិរៀបចំការបោះឆ្នោតផងដែរ ដែលលោកថា ដើម្បីទប់ស្កា​ត់ជម្លោះក្រោ​យកា​របោះ​ឆ្នោ​ត។លោកថា៖ «មិនបាច់ទៅឈ្លោះគ្នាទាមទារបើកកញ្ចប់សុវត្ថិភាព បើកមិនបើកនោះទេ ព្រោះរឿងហ្នឹងគ្មានស្អីត្រូវលាក់ការ បើបិទនៅ​កា​ររិ​យាល័យបោះឆ្នោតហើយ មកដាក់ក្នុងការសម្ងាត់ស្អីទៀតវាត្រូវតែដាក់បង្ហា​ញទៅសា​ធារ​ណជន»។

ទោះ​ជាយ៉ាងណាលោក គល់ បញ្ញា បញ្ជាក់ថា អ្នកសង្កេតការណ៍ដែលត្រូវបានជ្រើសរើស ពួកគេទទួល​បា​ន​​​ប​ណ្តុះ​បណ្តាលផ្នែកជំនាញអង្កេត ក្រមសីសធម៌ និងជំនួយផ្នែកច្បាប់ពីគ្រូបង្គោល។

នៅសប្តាហ៍នេះមេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹ​កនាំ​ប​ក្ស​​ប្រឆាំង លោក កឹម សុខា ហាក់បង្ហាញជំហរួមគ្នាថា ពួកគេចង់ឃើញដំណើរកា​រ បោះឆ្នោត ខាងមុខ ប្រព្រឹ​ត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ និងគ្មានការគំរាមកំហែង។

ទោះ​ជាយ៉ាងណា សមាជិកបន្ទប់ស្ថានការណ៍ ម្នាក់​ទៀត លោក អំ សំអាត អះអាងថា ក្រុមការងារនឹងស្វែងរកកិច្ចសហការពី គជប ស្ថានទូតនានា ប្រចាំ​កម្ពុជា ការ​​​រិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បី​ជំរុ​ញ​តម្លា​ភាពនៃដំណើរការបោះឆ្នោតនេះ ដើម្បីទប់ស្កាត់ជម្លោះនយោបាយ ក្រោយការបោះឆ្នោត៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required