រដ្ឋាភិបាល៖ ទោះកម្ពុជាក្រ ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយ

ស្ត្រីបំបោះដោះកូនកាលពីពេលកន្លងទៅ (Photo supplied by WV)

រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ ​បានសម្រេចបដិសេធសំណើនាំចេញទឹកដោះម្តាយ ពីប្រទេសកម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិច ដែលស្នើឡើងដោយក្រុមហ៊ុនធ្វើអាជីវកម្មមួយឈ្មោះ «គុណមាតា»  ដែល​មាន​ឈ្មោះ​​ក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs ដោយអះអាងថា ទោះកម្ពុជាក្រ ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយ។

លិខិតចុះថ្ងៃទី២៨មីនា២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោងចំណារ របស់នាយករដ្ឋមន្ត្រី លើលិខិតក្រសួងសុខាភិបាលចុះថ្ងៃទី២៤មីនា សម្រេចថា​ ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការ ប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា។ លិខិតបញ្ជាក់ចំណុចបន្ទាប់ទៀតថា ទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កំរិតលក់ទឹកដោះម្តាយដែរ។

អនុប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក លោកស្រី ប្រាក់ សុភ័ណ្ឌនារី មានប្រសាសន៍ថា ទឹកដោះម្តាយចាត់ទុកដូចសរីរាង្គមនុស្សដែរគឺមិនអាចជួញដូរបានទេ។

លោកស្រីថា៖ «ពេលខ្លះគិតថាក្រគាត់លក់ លុយប៉ិនហ្នឹងមិនច្រើនប៉ុន្មានទេ ប៉ុន្តែបើមិនងាកទៅមើលការចិញ្ចឹមកូនឲ្យបានត្រឹមត្រូវ កូនមិនរឹតតែមានបញ្ហាទៀតហើយ?។ ទីពីរ និយាយឲ្យខ្លី គឺខុសច្បាប់ យើងមិនអនុញ្ញាតឲ្យធ្វើអញ្ចឹងតែម្តង»

ទីប្រឹក្សាឯករាជ្យផ្នែកអាហាររូបត្ថម្ភកុមារ និងការការពារកុមារ លោកស្រី សួង សុខសោភា គាំទ្រជំហរ​របស់​រដ្ឋាភិបាលដែលធ្វើបែបនេះ ហើយលោកស្រី​គិតថា វាគ្រោះថ្នាក់បំផុត​ពេលប្រមូលទិញ​ពីស្ត្រីនៅសហគមន៍ក្រីក្រ។

លោកស្រីថា៖ «ជួនកាលម្តាយនៅក្នុងស្រុកខ្មែរគាត់ក្រីក្រពេក គាត់សុខចិត្តផ្តាច់ពីមាត់កូនគាត់​ដើម្បី​លុយកាក់​បន្តិចបន្តួច អញ្ចឹងគាត់សុខចិត្តលក់។ នៅពេលដែលគាត់លក់បានន័យថា កូនគាត់​ប្រឈមមុខ​នឹងការពុំមានទឹកដោះម្តាយក្នុងការបៅគ្រាប់គ្រាន់ ហើយនៅស្រុកយើង គឺយើងអត់ដឹងពីការប្រមូលទិញ នីតិវិធីធ្វើយ៉ាងណាគឺអត់ដឹងពីរឿងហ្នឹង»។

អ្នកជំនាញឲ្យដឹងថា ទឹកដោះម្តាយ មានគុណប្រយោជន៍ច្រើនសម្រាប់ទារកទើបកើត ហើយ​ទឹកដោះម្តាយ​ដំបូង​ផ្តល់​នូវសារធាតុចិញ្ចឹមដូចជាវ៉ាក់សាំងធម្មជាតិ។ ទឹកដោះម្តាយជួយការពារទារកមិនឲ្យឈឺថ្កាត់ ជួយទៅដល់ភាពលូតលាស់ និងពេលធំឡើងការពារមិនឲ្យកើតជម្ងឺធាត់ ទឹកនោមផ្អែម លើសឈាមជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ