កម្ពុជាហាមនាំចូលថ្នាំកសិកម្មដែលប៉ះពាល់គុណភាពអង្ករ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 2:18 PM | កសិកម្ម | 0 | 3875

កម្ពុជាប្រកាសឲ្យបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយនិងការប្រើប្រាស់ថ្នាំកសិកម្មមួយ​ប្រ​ភេទ​​​ដែលមានសារធាតុសកម្ម ទ្រីស៊ីក្លាហ្សូល (Tricyclazole)។

វិធានការរបស់រដ្ឋាភិបាលកម្ពុជាគឺធ្វើឡើងបន្ទាប់ពីសហភាពអ៊ឺរ៉ុប បានព្រមានបញ្ឈប់ទិញអង្ករ​ពី​កម្ពុជាដោយអះអាងថាមានផ្ទុកសារធាតុទ្រីស៊ីក្លាហ្សូល(Tricyclazole)លើសកំរិត។

លិខិតចុះថ្ងៃទី២៧ មីនា ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជូនដំណឹងដល់បណ្តារក្រុមហ៊ុន និងអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្មដែលមានសារធាតុទ្រីស៊ីក្លាហ្សួល។ ការជូនដំណឹងរបស់ក្រសួងនេះ គឺដោយយោង​ទៅលើសេចក្តីជូនដំណឹងរបស់សហភាពអឺរុប(EU) ដែលដាក់បម្រាមនាំចូលអង្ករមានផ្ទុក​សារធាតុ ទ្រីស៊ីក្លាហ្សួល មិនឲ្យលើសពី ០,០១មីលីក្រាម ក្នុង១គីឡូក្រាម ទៅសហភាពអឺរុប។

លោក ភុំ រ៉ា អនុប្រធានទទួលបន្ទុករួមនាយកដ្ឋាននីតិកសិកម្ម មានប្រសាសន៍ថា កន្លងមកថ្នាំប្រភេទនេះក្រសួងអនុញ្ញាតឲ្យប្រើប្រាស់ទេ ប៉ុន្តែដោយសារប៉ះពាល់នឹងគោលនយោបាយនាំអង្ករចេញ ទើបតម្រូវតាមបម្រាមថ្មី ព្រោះសហភាពអឺរុបទិញអង្គរពីកម្ពុជាច្រើន៖ «យើងមិនអាចនៅប្រើប្រាស់ កាលណាយើងនៅប្រើប្រាស់​ធ្វើឲ្យមានសំណល់នៅលើអង្ករ អញ្ចឹងយើងមិនអាចនាំអង្ករទៅក្រៅបានទេ។ ប៉ុន្តែក្រសួងក៏បានតម្រូវឲ្យអគ្គនាយកដ្ឋានកសិកម្មរកថ្នាំប្រភេទថ្មីមកជំនួសថ្នាំហ្នឹង ចង់និយាយថា រកថ្នាំប្រភេទណាដែលមានសំណល់តិចបំផុតហើយមិនប៉ះពាល់ដល់ការហាមរបស់សហភាពអឺរុប»។

បណ្ឌិតកសិកម្ម លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំពុលគីមីនៅប្រទេសកម្ពុជានៅតែមានចំនួនច្រើនរួមទាំងការប្រើលើដំណាំស្រូវ ហើយជារឿងលំបាកព្រោះការ​យល់ដឹងរបស់ប្រជាជននៅមានកំរិត គួបផ្សំនឹងធនធានមនុស្សនៅមិនទាន់មានគ្រប់គ្រាន់ក្នុងការចុះទៅអប់រំដល់មូលដ្ឋាន៖ «បញ្ហាហ្នឹងនៅខ្វះខាតច្រើននៅកម្ពុជាយើង បើនៅបន្តទៅថ្ងៃមុខយើងអាចមានផលប៉ះពាល់ច្រើន ទីផ្សារអន្តរជាតិគេរឹតបន្តឹងកាន់តែច្រើនឡើងទៅលើកាកសំណល់ជាតិពុលនៅក្នុងចំណីអាហារទៅប្រទេសគេ»។

សាធាតុទ្រីស៊ីក្លាហ្សូល(Tricyclazole) ជាសាធាតុអាចបង្កជម្ងឺមហារីក។ សហភាពអឺរុបបានកំណត់ច្បាប់ថ្មីថា ចាប់ពីខែមិថុនា ២០១៧ ខាងមុខនេះ នឹងលែងនាំចូលអង្ករដែលមានសារធាតុទ្រីស៊ីក្លាហ្សូល លើសពី ០,០១មីលីក្រាម ក្នុង១គីឡូក្រាម។ EU ក៏ហាមសារធាតុនេះនៅក្នុងម្រេចផងដែរ៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required